Rafaelson បានរង្វាន់លើកទឹកចិត្តជាង១លានដុល្លារ ក្រោយរួមចំណែកជួយវៀតណាមឈ្នះ AFF Cup
ប្រទេសវៀតណាម ៖ ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិវៀតណាម ដើមកំណើតប្រេស៊ីល Rafaelson Bezerra Fernandes ឬ Nguyen Xuan…
ប្រទេសវៀតណាម ៖ ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិវៀតណាម ដើមកំណើតប្រេស៊ីល Rafaelson Bezerra Fernandes ឬ Nguyen Xuan…
ប្រទេសវៀតណាម ៖ ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិវៀតណាម ដើមកំណើតប្រេស៊ីល Rafaelson Bezerra Fernandes ឬ Nguyen Xuan Son ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការរួមចំណែកដ៏សំខាន់ជួយក្រុមរហស្សនាមអ្នកចម្បាំងផ្កាយមាសឈ្នះពានរង្វាន់ជើងឯកអាស៊ាន AFF Cup ឆ្នាំ ២០២៤។
យោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress បានរាយការណ៍ថា ខ្សែប្រយុទ្ធ Nguyen Xuan Son អាយុ២៧ឆ្នាំ ត្រូវបានប៉ាន់ប្រមាណថាទទួលបានប្រាក់រង្វាន់លើកទឹកចិត្តប្រហែល ៣០ពាន់លានដុង ឬជិត ១,២លានដុល្លារអាមេរិក បន្ទាប់ពីបញ្ចប់ភារកិច្ចការប្រកួតពានរង្វាន់ជើងឯកអាស៊ាន កាលពីខែដើមមករាកន្លងទៅ ដោយខ្សែប្រយុទ្ធក្រុម Nam Dinh FC ឈ្នះពានរង្វាន់ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ និងកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ ជាមួយនឹងគ្រាប់បាល់បញ្ចូលទីសរុប៧គ្រាប់ ដ្បិតរូបគេរងរបួសបាក់ស្មងជើងស្តាំ នៅពាក់កណ្តាលតង់ទី១ ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ ទល់នឹងម្ចាស់ផ្ទះថៃ។
ប្រាក់រង្វាន់ ឬ Bonus ដែល Nguyen Xuan Son ទទួលបានរួមមាន ផ្ទះល្វែងប្រណីតនៅទីក្រុងហាណូយតម្លៃជាង១លានដុល្លារ ដែលប្រធានក្លិប Nam Dinh FC លោក Nguyen Van Thien បានប្រកាសផ្តល់ជូន។ កាលពីមុន ខ្សែប្រយុទ្ធកម្ពស់១,៨៦ម៉ែត្ររូបនេះ ក៏ទទួលបានផ្តល់រថយន្តចំនួន២គ្រឿងតម្លៃជិត៨ម៉ឺនដុល្លារ រួមទាំងរង្វាន់ជាសាច់ប្រាក់ប្រហែល២ម៉ឺនលានដុល្លារផ្សេងទៀតពីដៃគូឧបត្ថម្ភផងដែរ។
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទទួលបានប្រាក់រង្វាន់សរុបជាង ១,៥លានដុល្លារ សម្រាប់ការឈ្នះជើងឯក AFF Cup។ ចំនួននេះត្រូវបានបែងចែកទៅសមាជិកទាំងអស់ អាស្រ័យលើការរួមចំណែករបស់បុគ្គលម្នាក់ៗ។ ជាក់ស្តែង Nguyen Xuan Son ស្ថិតនៅក្នុងក្រុមកីឡាករទទួលបានប្រាក់រង្វាន់ខ្ពស់បំផុតមិនតិចជាង៨ម៉ឺនដុល្លារនោះទេ។
លើសពីនេះ ខ្សែប្រយុទ្ធកើតនៅតំបន់ភីរ៉ាភីម៉ា (Pirapemas) រដ្ឋម៉ារ៉ាន់ហាវ Maranhao ភាគខាងជើងប្រទេសប្រេស៊ីលរូបនេះ ក៏ទទួលបានប្រាក់រង្វាន់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ានផងដែរ សម្រាប់ការឈ្នះពានស្បែកជើងមាស និងជាកីឡាករឆ្នើមបំផុតប្រចាំការប្រកួតផងដែរ។
បន្ទាប់ពីដំណើរកម្សាន្ត អំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីវៀតណាម នៅឯខេត្តណាំឌិញ (Nam Dinh) ខ្សែប្រយុទ្ធរូបនេះ បានវិលត្រលប់ទៅទីក្រុងហាណូយជាមួយប្រពន្ធ និងកូនប្រុសរបស់ខ្លួនវិញ ដើម្បីបន្តការព្យាបាលរបួស អំឡុងពេលប្រកួតចុងក្រោយជាមួយម្ចាស់ផ្ទះថៃ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ ស្របពេលថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់វៀតណាម និងក្រុម Nam Dinh FC បានបញ្ជាក់ថា ពួកគេនឹងបង្កើតលក្ខខណ្ឌព្យាបាលដ៏ល្អបំផុតសម្រាប់ Nguyen Xuan Son ដើម្បីត្រលប់មកកាន់ទីលានប្រកួតវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្វីៗដំណើរការដោយរលូន ខ្សែប្រយុទ្ធរូបនេះ នឹងរំពឹងត្រលប់មកជួយក្រុមរបស់ខ្លួនវិញ នៅរយៈពេល៨ទៅ៩ខែទៀត៕
ចែករំលែកព័តមាននេះ