រាជធានីភ្នំពេញ ៖ ថ្លែងបញ្ជាក់ជាថ្មីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានឡើងជុំវិញសំណួរថា តើពេលណាសម្តេចធិបតី ហ៊ុន ម៉ាណែត អាចដើរចេញពីស្រមោលរបស់ឪពុកថា នេះពាក់ព័ន្ធនឹងគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ខណៈសម្តេចបញ្ជាក់ថា ទោះបីសម្តេច ជាឪពុកនាយករដ្ឋមន្ត្រី តែសម្តេចមិនលូកលាន់កិច្ចការរបស់នាយករដ្ឋមន្ត្រីនោះទេ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងពិធីកាត់ខ្សែបូណ៌សម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយ បានផ្ញើជាសារជូនទៅជនបរទេសមួយចំនួន ដែលតែងតែសរសេរថា តើសម្តេចធិបតី ហ៊ុន ម៉ាណែត ពេលណានឹងដើរចេញផុតពីស្រមោលរបស់ឪពុក ឬក៏ក្រុមថ្មីពេលណានឹងដើរចេញផុតពីសម្រោលរបស់គណបក្សប្រជាជន? ឱ្យអ្នកទាំងនោះ ទៅរៀនឱ្យបានជ្រៅបន្តិចរៀនឱ្យបានខ្ពស់បន្តិចនឹងឱ្យមានការចេះដឹងច្រើនជាងនេះ ខណៈសម្តេចតេជោ បញ្ជាក់ថាអ្នកដែលនិយាយភាសាបែបនេះកំពុងបង្ហាញពីភាពល្ងង់ខ្លៅរបស់ខ្លួន ។
សម្តេចតេជោ បានបញ្ជាក់ទៅកាន់បណ្ឌិតមួយចំនួន ដែលចង់ឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើសកម្មភាពផ្ទុយពីសម្តេចតេជោ ដែលជាឪពុកដំបូងបំផុតត្រូវទៅសិក្សាពីប្រព័ន្ធបោះឆ្នោតជាមុនសិន បើកាលណាប្រព័ន្ធបោះឆ្នោតជាប្រព័ន្ធសមាមាត្រ ច្បាស់ណាស់ថា គណបក្សជាអ្នកជ្រើសតាំងនាយករដ្ឋមន្ត្រីតាមរយៈប្រធានគណបក្សធ្វើសំណើរថ្វាយព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រី រៀបចំគណៈរដ្ឋមន្ត្រីទៅសុំការអនុម័តយល់ព្រមពីរដ្ឋសភា ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ៖«អ្នកត្រូវយល់ថា កម្មវិធីនយោបាយរបស់គណបក្សរាជរដ្ឋាភិបាលត្រូវយកទៅអនុវត្ត អ្នកមិនទាន់ស្គាល់ទេដែលហៅថា រដ្ឋបាលសាធារណៈសូមផ្តាំផ្ញើអ្នកនិយាយថា ពេលណាដែលហ៊ុនសែន ដែល ហ៊ុន ម៉ាណែត ដើរចេញពីស្រមោ លរបស់ឪពុកច្បាស់ណាស់ ។ វិធីដែលសកម្មភាពរបស់តួអង្គនាយករដ្ឋមន្ត្រី ឬតួអង្គរដ្ឋមន្ត្រី មិនអាចដូចគ្នាទេ សូម្បីតែឪពុក និងកូន ក៏ប៉ុន្តែមិនអាចដើរចេញហួសពីបន្ទាត់នយោបាយរបស់គណបក្សបានទេ» ។
ជាមួយគ្នានេះ សម្តេចតេជោ បានរំលឹកអំពីប្រទេសកូរ៉េខាងត្បូងដែលគណបក្សខ្លួនឯងផ្ទាល់ក៏បានបោះឆ្នោតទម្លាក់ប្រធានាធិបតីចេញពីតំណែងដែរ ក្រោយពីដើរខុសពីគោល នយោបាយរបស់គណបក្ស ។ សម្តេចតេជោ ក៏បានផ្តាំផ្ញើទៅកាន់អ្នកដែលនិយមប្រើពាក្យថា តើពេលណាសម្តេចធិបតី ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលរបស់សម្តេចតេជោ ដែលជាឪពុក និងក្រុមបន្តវេនពេលណាដើរចេញពីស្រមោល នៃគណបក្សប្រជាជន គឺគ្មានផ្លូវនោះទេ ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ បានអះអាងថា សម្តេចធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី យូរជាងគេនៅលើពិភពលោក ខណៈបទពិសោធន៍ធ្វើជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ មានរយៈពេល៣៨ឆ្នាំ បូកទាំងការធ្វើរដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រីផងនោះមានរយៈពេល៤៥ឆ្នាំ ។
ការកាន់តំណែងជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ គ្រប់គ្រាន់ឱ្យសម្តេចតេជោ អាចបង្រៀនដល់អ្នកដែលសរសេរ ឬតែងតែសួរសំណួរខាងលើនេះបានហើយ ។ សម្តេចតេជោ មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា ៖ «គណបក្សអនុម័តកម្មវិធីនយោបាយ ប៉ុន្តែនាយករដ្ឋមន្ត្រីត្រូវតែផ្តាច់មុខ ក្នុងបញ្ហាការសម្រេចចិត្តទៅលើបញ្ហាដែលទាក់ទងទៅនឹងសមត្ថកិច្ចរបស់ខ្លួនដឹកនាំនយោបាយក្នុងប្រទេស និងក្រៅប្រទេស ខ្ញុំករុណាខ្ញុំ ទោះបីជាឪពុកនាយករដ្ឋមន្ត្រី តែខ្ញុំករុណាខ្ញុំមិនលូកលាន់ចំពោះកិច្ចការរបស់នាយករដ្ឋមន្ត្រីទេ» ៕
ចែករំលែកព័តមាននេះ