បណ្តាខេត្តនៅតាមព្រំដែនមិនថា វៀតណាម និង ថៃ ប្រាកដជានឹងមានការស្នើសុំពីប្រទេសជិតខាងដើម្បី សហប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មនិងករណីឆបោកតាមអនឡាញ ជាពិសេសគឺរដ្ឋបាលដែលគ្រប់គ្រងក្រុងប៉ោយប៉ែតនៅខេត្តបន្ទាយមានជ័យ និង ក្រុងបាវិតនៅក្នុងខេត្តស្វាយរៀង ។…
បណ្តាខេត្តនៅតាមព្រំដែនមិនថា វៀតណាម និង ថៃ ប្រាកដជានឹងមានការស្នើសុំពីប្រទេសជិតខាងដើម្បី សហប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មនិងករណីឆបោកតាមអនឡាញ ជាពិសេសគឺរដ្ឋបាលដែលគ្រប់គ្រងក្រុងប៉ោយប៉ែតនៅខេត្តបន្ទាយមានជ័យ និង ក្រុងបាវិតនៅក្នុងខេត្តស្វាយរៀង ។
ប្រទេសជិតខាងទំនងជាមិនសំងំស្ងៀមឲ្យពលរដ្ឋគេ ភ្ញៀវទេសចរនៅក្នុងស្រុកគេមានបញ្ហានោះទេ ក្រោយពេលដែលសមត្ថកិច្ចរបស់គេបានបញ្ចេញរបាយការណ៍ជាបន្តបន្ទាប់អំពីករណីនៃបទល្មើសឧក្រិដ្ឋកម្មទាំងនេះដែលគេដាក់ការសង្ស័យជាពិសេសចេញពីគោលដៅទំាងនេះ ។
តាមសារព័ត៌មាន the Nation បានឲ្យដឹងថា រដ្ឋាភិបាលថៃបានត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយនឹងអ្នកឆបោកដែលផ្លាស់ទីប្រតិបត្តិការមកកម្ពុជា។
ក្រោយពេលដែលថៃបានកាត់ផ្តាច់ភ្លើងនិងអ៊ីនធឺណិតទៅកាន់ទីក្រុងជាប់ព្រំដែនរបស់ខ្លួន ក្រោយពេល កើតមានករណីចាប់ជម្រិតផ្ទួនៗលើជនជាតិចិនរហូតដល់កក្រើកទីផ្សារទេសចរចិននៅថៃមក រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក ភូថាំ វីឆាយ៉ាឆៃ ( Phumtham Wechayachai) បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលបានអនុវត្តវិធានការសកម្ម ដើម្បីដោះស្រាយជាមួយក្រុមជនខិលខូច ដែលគ្រោងនឹងប្រតិបត្តិការពីប្រទេសកម្ពុជា លើឧក្រិដ្ឋកម្មឆបោកតាមមជ្ឈមណ្ឌលទូរស័ព្ទ ការរត់ពន្ធគ្រឿងញៀន និងការចូលប្រទេសដោយខុសច្បាប់។
លោកបានឲ្យដឹងថា ទោះបីជាប្រតិបត្តិការកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល និងការតភ្ជាប់អ៊ីធឺណិតមិនទាន់ដោះស្រាយបញ្ហាទាំងអស់ក៏ដោយ ក៏រដ្ឋាភិបាលនឹងសហការជាមួយប្រទេសជិតខាងក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនក្នុងរយៈពេលវែង។
លោកបានធានាថា រដ្ឋាភិបាលនឹងចាត់វិធានការលើមន្ត្រីសាធារណៈ ឬឯកជនណាមួយដែលត្រូវបានរកឃើញថាពាក់ព័ន្ធនឹងក្រុមបងធំដែលពាក់ព័ន្ធនឹងករណីទាំងនេះ។ លោកបានបន្តថា ការសិក្សាលើប្រតិបត្តិការនេះនឹងត្រូវធ្វើឡើងដើម្បីពង្រឹងវិធានការប្រឆាំងនឹងឧក្រិដ្ឋជនតាម អ៊ីនធឺ ណិត។
លោក ភូថាំ បាននិយាយថា ប្រទេសថៃនឹងតាមដានយ៉ាងសកម្ម ហើយនឹងដាក់ចេញនូវវិធានការប្រឆាំងនឹងក្រុមបងធំ ដែលផ្លាស់ទីមូលដ្ឋានរបស់ពួកគេមកកាន់ក្រុងប៉ោយប៉ែតនៃប្រទេសកម្ពុជា ដោយរួមមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងផងដែរ។
នៅមុនមន្រ្តីជាន់ខ្ពស់ថៃលើកឡើងបែបនេះ សមត្ថកិច្ចថៃ ថ្មីៗនេះ បានចាប់ខ្លួនបុរសជនជាតិ ថៃ២រូប ដែលគេដឹងថា ពាក់ព័ន្ធនឹងករណីក្រុមបងធំប្រពឹត្តិប្រតិបត្តិការបង្កើតមជ្ឈមណ្ឌលទូរស័ព្ទបង្កឧក្រិដ្ឋកម្មនៅថៃ ដោយជនសង្ស័យថា បានអះអាងថា ពួកគេប្រតិបត្តិការចេញពីក្រុងប៉ោយប៉ែត ។
ក្រៅពីក្រុងប៉ោយប៉ែត ក្រុងបាវិត នៅព្រំដែនប៉ែកខាងកើតក៏កំពុងតែជាប់ស្នាមប្រឡាក់នឹងឧក្រិដ្ឋកម្មបែបនេះ ក្រោយពេលដែលជនជាតិវៀតណាមមួយក្រុមត្រូវបានសមត្ថកិច្ចនៅខេត្តក្បែរព្រំដែន បានបោសសំម្អាតបណ្តាញនេះ ហើយរកឃើញថា ពួកគេមានបង្កើតមជ្ឈមណ្ឌលទូរស័ព្ទខុសច្បាប់ចេញពីទីនោះផងដែរ ។
សារព័ត៌មាន Vietnam News បានរាយការណ៍ថា អាជ្ញាធរវៀតណាមបានកំពុងតែធ្វើការសើបអង្កេតបន្ថែមហើយនៅមិនទាន់ដាក់សំពាធចំៗមកកាន់កម្ពុជានៅឡើយទេ ។
កុំលេងសើចនឹងឧក្រិដ្ឋកម្មបែបនេះ ថៃ និង វៀតណាមមិនលេងសើចទេ ដូច្នេះខេត្តដែលនៅជាប់ព្រំដែន មិនថា ខេត្តស្វាយរៀង ឫ បន្ទាយមានជ័យនោះទេ គឺគួរតែយកចិត្តទុកដាក់លើរិតបន្តឹងនិងស្រាវជ្រាវលើកករណីនេះ ដើម្បីកុំអោយបង្កើតពពកខ្មៅដល់ទំនាក់ទំនងរវាងប្រទេសជិតខាង ។ ដោយឡែកខេត្ត ផ្សេងៗទៀតនៃប្រទេសក៏គួរតែស្រាវជ្រាវករណីនេះ ហើយនៅក្នុងករណីមានគឺសូមប្រញាប់បោស សម្អាតដើម្បីកុំអោយខូចកេរ្តិ៍ឈ្មោះកម្ពុជា ។ សូមកុំអោយផលប្រយោជន៍បន្តិចបន្តួចធ្វើឲ្យពលរដ្ឋ ទឹកភ្នែកដោយសារតែយើង។
ឧក្រិដ្ឋកម្មនេះមិនមែនជារឿងលេងសើចទេ ! កុំអោបដៃឈរមើល ត្រូវតែដុតដៃដុតឃើងចាត់វិធានការជាបន្ទាន់ ។ នៅពេលនេះជនរងគ្រោះអាចជាជនបរទេសមានវៀតណាម មានថៃ មានចិន ហើយវាក៏អាចនឹងមានពលរដ្ឋកម្ពុជាដែរ ។
នរណាក៏ដោយដែលពាក់ព័ន្ធនឹងករណីនេះ ប្រសិនបើមាន គួរប្រញាប់ដកដៃចេញជាបន្ទាន់ ។ វាមិនមែនជាករណីតូចតាចឡើយ។ វាអាចនឹងក្លាយជាបញ្ហាឧក្រិដ្ឋកម្មនៅក្នុងតំបន់ ហើយយើងជឿជាក់ថា រដ្ឋាភិបាលនឹងមិននៅស្ងៀមដែរ។ សូមកុំអោយផលប្រយោជបន្តិចបន្តួចធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះនិងកិត្តិយសរបស់ប្រទេសជាតិឲ្យសោះ ។
ចែករំលែកព័តមាននេះ