ខណៈដែលក្រសួងពាណិជ្ជកម្មថៃបានរៀបចំព្រឹត្តិការណ៍ផ្គូរផ្គងពាណិជ្ជកម្មសម្រាប់ផ្លែឈើ និងផលិតផលកសិកម្មរបស់គេនៅពេលថ្មីៗនេះ ក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍ហើយបានដណ្តើមគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជាវផលិតផលរបស់គេដោយមានទាំងអ្នកទិញមកពីកម្ពុជាផងដែរ ។ នេះបើតាមសេចក្តីរាយការណ៍ដែលចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ ។ ព្រឹត្តិការណ៍ដែលថៃបានរៀបចំនេះអាចជាបទពិសោធន៍មួយសម្រាប់អ្នកដែលពាក់ព័ន្ធគិតគូរ ដើម្បីធ្វើទីផ្សារផ្លែឈើសម្រាប់កសិករកម្ពុជា ពីព្រោះនៅពេលនេះកម្ពុជាក៏មានផលិតផលកសិកម្ម…
ខណៈដែលក្រសួងពាណិជ្ជកម្មថៃបានរៀបចំព្រឹត្តិការណ៍ផ្គូរផ្គងពាណិជ្ជកម្មសម្រាប់ផ្លែឈើ និងផលិតផលកសិកម្មរបស់គេនៅពេលថ្មីៗនេះ ក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍ហើយបានដណ្តើមគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជាវផលិតផលរបស់គេដោយមានទាំងអ្នកទិញមកពីកម្ពុជាផងដែរ ។ នេះបើតាមសេចក្តីរាយការណ៍ដែលចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ ។

ព្រឹត្តិការណ៍ដែលថៃបានរៀបចំនេះអាចជាបទពិសោធន៍មួយសម្រាប់អ្នកដែលពាក់ព័ន្ធគិតគូរ ដើម្បីធ្វើទីផ្សារផ្លែឈើសម្រាប់កសិករកម្ពុជា ពីព្រោះនៅពេលនេះកម្ពុជាក៏មានផលិតផលកសិកម្ម ជាពិសេស គឺផ្លែឈើនេះច្រើនមុខ អាចនាំចេញទៅក្រៅប្រទេសបានដែរ គ្រាន់តែវានៅមិនទាន់ផាត់មុខលាបម្សៅកែច្នៃឲ្យវាទាក់ទាញដូចជា ប្រទេសគេប៉ុណ្ណោះ ។
នៅក្នុងបញ្ជីនាំចេញទំនិញសំខាន់ៗដែលកោះសន្តិភាពទទួលបាន បានបង្ហាញថា ផលិតផលផ្លែឈើដែលកម្ពុជាអាចមានទីផ្សារនាំចេញនឹងគេដែរនោះ គឺមានដូចជាចេក ស្វាយចន្ទី ស្វាយ មៀន ជាដើម ។

កាលពីឆ្នាំ២០២៤ កន្លងទៅនេះកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីបានតម្លៃជិត៥០៤ លានដុល្លារដែរ ស្វាយវិញ គឺបាន១៤៦លានដុល្លារ ចេកបានជិត១៥៣លានដុល្លារដែរ តែផ្លែមៀនវិញទើបតែបាន៣២លានដុល្លារនៅឡើយទេ ។
ផ្អែកតាមស្ថិតិនេះនៅក្នុងករណីដែលយើងអាចរៀបចំព្រឹត្តិការណ៍ទីផ្សារផ្សេងៗបានបន្ថែម ហើយចេះផាត់មុខលើកសម្រស់ផលិតផលកសិកម្មយើងឲ្យកាន់តែសិចស៊ី បន្ថែមទៀតយើងគិតថា កម្ពុជាយើងពិតជា អាចនឹងដណ្តើមបានទីតាំងឈរជើងមួយលើការនាំចេញផលិតផលផ្លែឈើនេះទៅទីផ្សារអន្តរជាតិនឹងគេមិនខាន ។
កម្ពុជានៅមានសក្តានុពលលើការបង្កបង្កើនផលដំណាំផ្លែឈើហូបផ្លែ សម្រាប់នាំចេញបានច្រើនមុខទៀត សំខាន់ គឺយើងចេះទាក់ទាញ និង ធ្វើទីផ្សារលើកកម្ពស់មុខមាត់ផលិតផល ។
វាចាំបាច់មានយុទ្ធនាការទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ដើម្បីជួយកសិករកម្ពុជាក្នុងការផលិត និងលក់ផលិតផលកសិកម្មអោយបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ជីវភាពកសិករ និងដើម្បីកំនើនសេដ្ឋកិច្ចជាតិ ។
វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយនៅក្នុងគោលនយោបាយរដ្ឋាភិបាល ។ ដូច្នេះ វាចាំបាច់ធ្វើអោយកាន់តែមានប្រសិទ្ធភាព ដើម្បីជួយដល់កសិករ ។
ដូចជានៅថៃតាមរយៈព្រឹត្តិការណ៍ដែលគេបានរៀបចំនៅក្នុងខែកុម្ភៈនេះ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ណាភីនថន ស្រ៊ីស៊ុនផាង ( Napintorn Srisunpang) បាននិយាយថា ព្រឹត្តិការណ៍នេះបានទាក់ទាញក្រុមហ៊ុននាំចេញផ្លែឈើរបស់ថៃចំនួន៩៦បានចូលរួម និងអ្នកចែកចាយចំនួន៦៥ក្រុមហ៊ុនមកពីប្រទេស និងតំបន់ចំនួន១៩ រួមមានប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី មជ្ឈិមបូព៌ា អាស៊ីខាងត្បូង កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។
សកម្មភាពផ្គូរផ្គងអាជីវកម្មបែបនេះបានធ្វើឡើងទាំងតាមអ៊ីនធឺណិត និងនៅនឹងកន្លែង ដែលបណ្តាលឱ្យមានការណាត់ជួបតាមកាលវិភាគជាង៥០០ ហើយជាលទ្ធផល គឺទទួលបានកំណើនការចុះកុងត្រានាំចេញមានតម្លៃដល់ទៅជា១០០ លានដុល្លារឯណោះ ហើយផលិតផលដែលមានទីផ្សារខ្ពស់ គឺមានដូចជា ទុរេន មៀន មង្ឃុត ដូង និងផ្លែឈើកែច្នៃផ្សេងៗ ។
មន្ត្រីជាន់ខ្ពស់ថៃខាងលើ បាននិយាយថា គោលដៅនៃព្រឹត្តិការណ៍នេះគឺដើម្បីបង្កើនចំណែកទីផ្សារនៃការនាំចេញផ្លែឈើរបស់ថៃទូទាំងពិភពលោក ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងពាណិជ្ជកម្ម និងណែនាំផ្លែឈើស្រស់ និងកែច្នៃ ក៏ដូចជា ផលិតផលកសិកម្មផ្សេងទៀតទៅកាន់ទីផ្សារអន្តរជាតិមុនរដូវប្រមូលផលនាពេលខាងមុខ ។
នៅឆ្នាំនេះ ប្រទេសថៃរំពឹងថា នឹងនាំចេញផ្លែឈើស្រស់ និងកែច្នៃបានជាង៤លានតោនទៅកាន់ទីផ្សារអន្តរជាតិ ជាមួយនឹងតម្លៃសរុបដែលត្រូវបានព្យាករណ៍ថា អាចដល់ជិត៩ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ