ទីក្រុងបាងកក៖ គម្រោងនាំយកលោកស្រីយីងឡាក់ចូលទៅរួមរស់នៅក្នុងទឹកដីកំណើតរបស់លោកស្រីវិញកំពុងបន្តធ្វើដូចភ្លៀងរលឹម។ លោកថាក់ស៊ីនដែលជាបងប្រុសរបស់លោកស្រីយីងឡាក់ថ្លែងថាមានកត្តាខ្លះដែលត្រូវដោះស្រាយឱ្យជ្រះស្រឡះជាមុនសិនមុនពេលលោកស្រីអាចវិលត្រឡប់មកវិញដោយសុវត្ថិភាព។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាននីកេជប៉ុន (Nikkei Japan) កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ លោកថាក់ស៊ីនសន្យាថានឹងនាំយកប្អូនស្រីចូលស្រុកវិញឱ្យទាល់តែបាន។

នៅក្នុងបទសម្ភាសនោះ លោកថាក់ស៊ីនបង្ហាញអំពីបំណងប្រាថ្នារបស់លោកដែលចង់ឃើញប្អូនស្រីវិលទៅមាតុភូមិវិញឱ្យទាន់ចូលឆ្នាំថ្មី (សង្ក្រាន្តឆ្នាំថ្មី) ឆ្នាំ២០២៥នេះ។ គិតទៅនៅបាំងប្រហែលជាង២ខែទៀត។ ប្រភពខ្លះអះអាងថាលោកថាក់ស៊ីនមើលមិនឃើញថាសម្រាប់ពេលនេះ លោកស្រីយីងឡាក់នៅមានឧបសគ្គគួរឱ្យកត់សម្គាល់ទេនៅក្នុងគម្រោងវិលត្រឡប់។

លោកសង្ឃឹមថាលោកស្រីយីងឡាក់អាចនឹងវិលត្រឡប់មុនបុណ្យសង្ក្រាន្តឆ្នាំថ្មីផងក៏អាចថាបាន។ អ្វីៗអាស្រ័យទៅលើពេលវេលា និងឱកាសហុចឱ្យ។ ជាថ្មីម្ដងទៀត លោកថាក់ស៊ីនបញ្ជាក់ជំហររបស់លោកកាលពីថ្ងៃអាទិត្យអំពីបំណងចង់ឃើញលោកស្រីយីងឡាក់វិលចូលស្រុកវិញបន្ទាប់ពី២នាក់បងប្អូនរបស់លោកបានរស់នៅនិរទេសអស់រយៈពេលយូរគួរសមដែរ។

លោកថាគម្រោងវិលត្រឡប់នេះគ្មានផ្លាស់ប្ដូរ ឬកែប្រែទេ។ គ្រាន់តែថាមានបញ្ហាខ្លះដែលត្រូវតែដោះស្រាយឱ្យបានជ្រះស្រឡះជាស្ថាពរ។ លោកបង្ហើបឱ្យដឹងតែត្រឹមនេះដោយមិនបញ្ជាក់ឱ្យបានស៊ីជម្រៅទេ។ នៅពេលអ្នកសារព័ត៌មានសួរថាតើលោកស្រីយីងឡាក់អាចនឹងវិលត្រឡប់នៅឆ្នាំនេះឬយ៉ាងណា? លោកថាក់ស៊ីនតបថាលោកកំពុងពិនិត្យមើលលទ្ធភាពនេះ។

លោកថាបើតាមចិត្តរបស់លោកស្រីយីងឡាក់ លោកស្រីចង់វិលមកវិញតាំងពីថ្ងៃម្សិលមិញមកម៉្លេះ។ សូមរំលឹកថាលោកស្រីយីងឡាក់បានចាកចេញពីប្រទេសថៃស្ងាត់ៗតាំងពីឆ្នាំ២០១៧មុនពេលតុលាការប្រកាសសាលដីកាស្ថាពរពាក់ព័ន្ធនឹងការខាតបង់ថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងគម្រោងទិញស្រូវ-អង្ករកាលលោកស្រីនៅកាន់តំណែងជានាយករដ្ឋមន្ត្រី។

ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ តុលាការកំពូលសម្រេចផ្ដន្ទាទោសលោកស្រីឱ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទបណ្ដោយឱ្យមានអំពើពុករលួយ និងការចាត់ចែងថវិកាមិនបានត្រឹមត្រូវដែលធ្វើឱ្យរដ្ឋខាតបង់ថវិកា៥០០ពាន់លានបាត។ នោះជាការកាត់ទោសកំបាំងមុខដោយសារលោកស្រីយីងឡាក់មិនបានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ទេ។ ដីកាបង្គាប់ឃុំខ្លួនលោកស្រីយីងឡាក់ដែលចេញដោយតុលាការនោះនៅតែមានសុពលភាពនៅឡើយទេរហូតមកដល់សព្វថ្ងៃនេះ៕
ចែករំលែកព័តមាននេះ