អន្តរជាតិ ៖ បណ្តាក្រុមហ៊ុននាំចូលអង្ករនៅហ្វីលីពីន ដែលជាប្រទេសស្ថិតក្នុងចំណោមប្រទេសនាំចូលអង្គរច្រើនជាងគេនៅលើពិភពលោក ដែលកាលពីថ្មីៗនេះ បានប្រកាសអាសន្នសន្តិសុខស្បៀងនោះ បានពន្យារពេលការទិញអង្ករវៀតណាមប្រហែល៣៥ម៉ឺនតោន ដោយកំពុងតែស្ថិតក្នុងដំណើរការចរចាឡើងវិញ បន្ទាប់ពីតម្លៃអង្ករវៀតណាមបានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមប្រភពពី Reuters បានចេញផ្សាយ។
ប្រភពដដែលបានបន្តថា នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់ នៅក្រុមហ៊ុនពាណិជ្ជកម្មអង្ករអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីបានអះអាងថាមានការធ្លាក់ចុះយ៉ាងខ្លាំង នៃតម្លៃអង្ករវៀតណាមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ឥឡូវនេះ ក្រុមហ៊ុនទិញមិនព្រមយកអង្ករតម្លៃថ្លៃនោះទេ។ ក្រុមហ៊ុននាំចូលអង្ករបានចុះកិច្ចព្រមព្រៀងនៅក្នុងតម្លៃប្រហែល៦២០ដុល្លារក្នុងមួយតោន ដោយមិនគិតថ្លៃលើអង្ករក្រអូបវៀតណាម កាលពីចុងឆ្នាំ ២០២៤ នោះទេ។ ប៉ុន្តែទោះយ៉ាងណាឥឡូវនេះ តម្លៃអង្ករបានធ្លាក់ចុះមកនៅត្រឹមប្រហែល៥០០ដុល្លារប៉ុណ្ណោះក្នុងមួយតោន។
ប្រភពក្រុមហ៊ុនពាណិជ្ជកម្មអង្ករអន្តរជាតិនៅប្រទេសថៃ ក៏បានលើកឡើងថា បញ្ហានេះកំពុងកើតឡើងមុនពេលការប្រមូលផលថ្មីចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម ហើយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមហ៊ុននាំចេញអង្ករវៀតណាម ដែលអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងមួយចំនួន។
តម្លៃអង្ករពិភពលោកបានធ្លាក់ចុះ ចាប់តាំងពីប្រទេសឥណ្ឌាបានបន្ធូរបន្ថយការរឹតបន្តឹង ការនាំចេញអង្កររបស់ខ្លួនក្នុងខែកញ្ញា និងតុលា។ តម្លៃអង្ករឥណ្ឌាកាលពីថ្មីៗនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ខណៈតម្លៃអង្ករវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។
ទីផ្សារអង្ករបានកើនឡើងនៅឆ្នាំ ២០២៣ បន្ទាប់ពីឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោក បានទប់ស្កាត់ការលក់ទៅក្រៅប្រទេស បន្ទាប់ពីកើតមានភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែទោះយ៉ាងណា ផលអង្ករនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅដើមខែធ្នូ ឈានដល់ច្រើនជាង៥ដង នៃគោលដៅរដ្ឋាភិបាល ដែលជំរុញឱ្យមានការនាំចេញ៕

ចែករំលែកព័តមាននេះ