ខេត្តស្វាយរៀង ៖ មានករណីអគ្គិភ័យឆាបឆេះឃ្លាំង និងសម្ភារផលិតគ្រឿងញៀនមួយកន្លែង ដែលសមត្ថកិច្ចបានបង្ក្រាប និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនយកទៅផ្តន្ទាទោស នាពេលកន្លងមក ក៏ប៉ុន្តែបានបន្សល់ទុក នូវឃ្លាំង និងសម្ភារៈ គ្រឿងចក្រផលិតគ្រឿងញៀន រក្សាទុកនៅក្នុងឃ្លាំង រហូតមកដល់ខែតុលា ឆ្នាំ២០២៥នេះ។ ស្ថាប័នតុលាការ បានឲ្យក្រុមជាងចូលរុះរើសម្ភារផលិតគ្រឿងញៀនទាំងនោះ ស្រាប់តែខ្ទាតផ្កាភ្លើង ឆាបឆេះតែម្ដង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះឃ្លាំង និងសម្ភារផលិតគ្រឿងញៀននេះ បានកើតឡើងនៅវេលាម៉ោង០៤និង៥៨នាទីរសៀល ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ប្រភពបន្តថា ក្រោយទទួលបានព័ត៌មានថា មានករណីឆេះឃ្លាំងដាក់សម្ភារមួយកន្លែង ក្រុមពន្លត់អគ្គិភ័យ នៃកងរាជអាវុធហត្ថ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង សហការជាមួយកម្លាំងនគរបាលខេត្ត បានចុះអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែង ស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះ រថយន្តកងរាជអាវុធហត្ថខេត្តស្វាយរៀង ចំនួន០២គ្រឿង រថយន្តរបស់នគរបាលខេត្តចំនួន០២គ្រឿង និងរថយន្តអធិការដ្ឋាន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្ត ។
បណ្តាលឱ្យខូចខាតសំភារៈមួយចំនួន។ មូលហេតុ ក្រុមការងារជាង ធ្វើការរុះរើសម្ភារៈ (គ្រឿងចក្រផលិតគ្រឿងញៀន) ដោយមានការធ្វេសប្រហែស បណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះតែម្ដង។ បច្ចុប្បន្ន ក្រុមពន្លត់អគ្គិភ័យ បានអន្តរាគមន៍ ពន្លត់រលត់ទាំងស្រុងហើយ ។
សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង៨និង៣០នាទីព្រឹក សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀន ចំនួន០១ទីតាំង នៅចំណុចផ្លូវបេតុង (ផែអូស្មាច់) ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ ចំនួន១១នាក់ ជាជនជាតិចិន១០នាក់ ខ្មែរ១នាក់ ហើយបានរឹបអូសវត្ថុតាង រួមមាន ៖
-ល្បាយកេតាមីនបាស ទម្ងន់៦៧៩គីឡូក្រាម
-សារធាតុគីមី ទម្ងន់១២,៥០៤គីឡូក្រាម (១២តោន ៥០៤គីឡូក្រាម)
-ឧបករណ៍សម្ភារសម្រាប់បម្រើឱ្យការលួចលាក់កែច្នៃគ្រឿងញៀនមួយចំនួនទៀត ។
គួរបញ្ជាក់ថា ការចុះពិនិត្យ និងបង្ក្រាបខាងលើ គឺមានវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការការងារប្រឆាំងគ្រឿងញៀន អញ្ជើញចូលរួមអមដំណើរលោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ ឃឹម តារាសម្បត្តិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោកដូរ៉ាអង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្រុមការងារអង្គការ UNODC និងតំណាងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះពិនិត្យទីតាំងឃ្លាំងផ្ទុកសារធាតុគីមីផ្សំ ដែលជាវត្ថុតាងពាក់ព័ន្ធ ក្នុងករណីផលិតកែច្នៃសារធាតុញៀនខុសច្បាប់ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ជុំវិញបញ្ហាបង្ក្រាបទីតាំងឃ្លាំងផ្ទុកសារធាតុគីមីផ្សំ ដែលជាវត្ថុតាងពាក់ព័ន្ធក្នុងករណីផលិតកែច្នៃសារធាតុញៀនខុសច្បាប់ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ១១នាក់ ចិន១០នាក់ ខ្មែរ១នាក់ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររួចហើយ ៕



















ចែករំលែកព័តមាននេះ