ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ទឹកជំនន់​ខេត្តកំពង់ឆ្នាំង​នៅ​ខ្វះ០,៨៩​ម៉ែត្រទៀតនឹង​ត្រូវ​ប្រកាសអាសន្នហើយ

4 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៥ នេះ​ ​ទោះបី​ស្ថានភាព​ទឹកជំនន់​សម្រាប់​ខេត្តកំពង់ឆ្នាំង​​មិន​ទាន់​ត្រូវ​បាន​ប្រកាស​អាស​ន្តក្តី ក៏​តាម​តំបន់​មួយ​ចំនួន​ត្រូវ​បាន​លិច​ទឹកជា​បណ្ដើរ​ៗ​ហើយ ដែល​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​តាម​ដី​ទំនៀប​រង​ការ​ប៉ះពាល់​។…

ខេត្តកំពង់ឆ្នាំង ៖ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៥ នេះ​ ​ទោះបី​ស្ថានភាព​ទឹកជំនន់​សម្រាប់​ខេត្តកំពង់ឆ្នាំង​​មិន​ទាន់​ត្រូវ​បាន​ប្រកាស​អាស​ន្តក្តី ក៏​តាម​តំបន់​មួយ​ចំនួន​ត្រូវ​បាន​លិច​ទឹកជា​បណ្ដើរ​ៗ
​ហើយ ដែល​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​តាម​ដី​ទំនៀប​រង​ការ​ប៉ះពាល់​។

ក្នុង​ស្ថានភាព​នេះ គេ​ឃើញ​អាជ្ញាធរ ខេត្ត ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ ចុះ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ដល់ទី​លំនៅ​ឋានរង​គ្រោះ​ផង​ដែរ​។ មិន​មាន​តួលេខ​ពិតប្រាកដ​នៃ​អ្នក​រង​គ្រោះ​រង​ប៉ះពាល់​ដោយសារ​ទឹកជំនន់​នោះ​ទេ ប៉ុន្តែ​ទទួល​បាន​ព័ត៌មាន​ថា​ មាននៅ​​ស្រុក​កំពង់ត្រឡាច ស្រុក​ជល់​គី​រី និង​ស្រុក​កំពង់​លែង ។

បើ​យោង​តាម​ស្ថា​នី​យ៍​ជល​សាស្ត្រ​ទន្លេសាប​ផ្សារ​ក្រោម​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៤ ខែតុលា​ នេះ​ ទឹក​មាន​កម្ពស់​៩,៦១​ម៉ែត្រ ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ​០,០៦​ម៉ែត្រ បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៤ ​ទឹក​មាន​កម្ពស់​៨,៨៥​ម៉ែត្រ គឺ​ខ្ពស់​ជាង​ឆ្នាំ​កន្លង​០,៧៦​ម៉ែត្រ ។

សម្រាប់​កម្ពស់​ទឹក​ត្រូវ​ប្រកាស​អាសន្ន​ឱ្យ​ប្រុង​ប្រយ័ត្ន ​គឺ​មាន​កម្ពស់​១០,៥០​ម៉ែត្រ ដូច្នេះ ​នៅ​ខ្វះ​០,៨៩​ម៉ែត្រ​ទៀត នឹង​ត្រូវ​ប្រកាស​អាសន្ន​ហើយ​ ។ ក្នុង​ស្ថានភាព​បែប​នេះ​ អាជ្ញាធរ​ខេត្ត ស្រុក តែង​បាន​ប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់​តាម​ដង​ទន្លេ​ និង​តំបន់​វាលទំនាប​ សូម​មេត្តា​ប្រុង​ប្រយ័ត្ន ​បើ​សង្ស័យ​សូម​ផ្លាស់​ទី ទៅ​រក​ពី​ទួល​មាន​សុវត្ថិភាព​មុន​ពេល​អាសន្ន​មក​ដល់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ