រាជធានីភ្នំពេញ ៖ សិទ្ធិមនុស្ស ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៧៩ មកម្លេះ នោះគឺការផ្តល់សិទ្ធិរស់រានមានជីវិត ជាមួយនិងការស្វះស្វែងរកស្បៀងអាហារជូនប្រជាពលរដ្ឋបានហូបចុកគ្រប់គ្រាន់ បើទោះបី កាលណោះ បរទេសគេបានហ៊ុំព័ទ្ធសេដ្ឋកិច្ចយ៉ាងណា ក៏ដោយ ។
បើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៣៣នាក់ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៌ថា គណបក្សប្រឆាំង កន្លងមក តែងលើកយកចំណុច ការរំលោភសិទ្ធិមនុស្ស មកធ្វើជាគោល ក្នុងការវាយប្រហាររាជរដ្ឋាភិបាល។ តែពួកគេ បានភ្លេចខ្លួនថា ខ្លួនបានរស់រានមានជីវិត ដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់សិទ្ធិ ជូនតាំងពីឆ្នាំ១៩៧៩ មកម្លេះ ។
លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ បានបន្តទៀតថា សិទ្ធិសេរីភាពរបស់មនុស្ស មានដែនកំណត់និងគ្រប់គ្រងទៅដោយច្បាប់ តែបក្សប្រឆាំង លើកឡើងតែពីសិទ្ធិរបស់ខ្លួន ភ្លេចគិតពីសិទ្ធិអ្នកដដៃ ដោយកន្លងមក បានដើរធ្វើបាតុកម្មពេញផ្លូវ បង្កប៉ះពាល់ដ៏សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពដល់អ្នកដំណើរថែមទៀត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរួចហើយ គណបក្សប្រជាជនកម្ពុជា លើកលែងទោសជានិច្ច ចំពោះសមាជិកសមាជិការគណបក្សប្រឆាំងដែលដឹងកំហុស ហើយចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លើកឡើងតែទណ្ឌិត សម រង្ស៊ី តែម្នាក់គត់។
លោក ឃួង ស្រេង បានបន្តទៀតថា ការប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយបងប្អូនអតីតគណបក្សប្រឆាំង នាពេលនេះ គឺដើម្បីចង់ដឹងពីការចង់បានរបស់បងប្អូន ដែលបានសម្រេចចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងពន្យល់បងប្អូនឱ្យបានយល់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ។
បន្ថែមពីនេះ ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ បានលើកឡើងពីភាពវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបប ប៉ុល ពត និងលើកឡើងពីគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសចេញពីរបបនោះ ។យើងត្រូវរួមគ្នារក្សាសន្តិភាព ទប់ស្កាត់ឱ្យបានដាច់ខាត ចំពោះ របបប្រល័យពូជសាសន៍ ៕




ចែករំលែកព័តមាននេះ