ផ្លែស្វាយចន្ទីដែលជាទូទៅកសិករទុកឲ្យទុំជ្រុះចោលក្រោយប្រមូលផលយកគ្រាប់នោះ ត្រូវបានគេដឹងថា អាចយកទៅច្នៃគា.បយកទឹករម្ងាស់ធ្វើជាស្ករ សម្រាប់ទទួលទានបាន ។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់…
ផ្លែស្វាយចន្ទីដែលជាទូទៅកសិករទុកឲ្យទុំជ្រុះចោលក្រោយប្រមូលផលយកគ្រាប់នោះ ត្រូវបានគេដឹងថា អាចយកទៅច្នៃគា.បយកទឹករម្ងាស់ធ្វើជាស្ករ សម្រាប់ទទួលទានបាន ។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/13dc737f977c23c93f2dc6c27ffacbd9.jpg)
ជាទូទៅសម្រាប់ដំណាំស្វាយចន្ទី ក្រៅពីប្រមូលផលយកគ្រាប់ថ្លឹងគីឡូលក់អស់ហើយ កសិករកម្ពុជាភាគច្រើនបានបោះបង់ចោលផ្លែរបស់វាឡើងគរពេញក្រោមដើម ។ នៅក្នុងមួយឆ្នាំៗសំណល់ផ្លែស្វាយចន្ទីរាប់តោនត្រូវបោះចោលដោយគ្មានការកៃច្នៃ ហើយបើមាន គឺតិចតួចប៉ុណ្ណោះ ។
តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តាមរយៈគ្រាប់កម្ពុជាកាលពីឆ្នាំ២០២៤ អាចទទួលបានចំណូលលើការនាំចេញមានតម្លៃដល់ទៅជិត៥០៤ លានដុល្លារឯណោះ ហើយបើប្រៀបធៀបទៅឆ្នាំ២០២៣ឃើញថា ចំណូលនេះកើនឡើងជាង៣១ភាគរយ ។
ដំណាំនេះមានសក្តានុពលធំធេងខាងគ្រាប់ រីឯសាច់ផ្លែរបស់វាដែលមានរសជាតិផ្អែមចត់ៗ ហើយមានសារធាតុរមាស់ក គឺក្រៅពីអ្នកស្រុកអ្នកភូមិយកមកទទួលទានលេងៗដូចជា ជ្រលក់អំបិលបុកម្ទិះ ក៏ដូចជាទឹកត្រីស្ករ ។ កន្លងមក មានការយកទៅកែច្នៃធ្វើជាស្រាខ្លះដែរ ប៉ុន្តែមិនច្រើនទេ ហើយនៅពេលដែល មានការបង្ហើបរឿងអាចច្នៃធ្វើស្ករបាន វា គឺជារឿងមួយដែលធ្វើឲ្យកសិករចាប់អារម្មណ៍ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/ad2bedb54c939d99a6adebf43b13dab0.jpeg)
លោក សាញ់ រតនៈ ជាពលរដ្ឋវ័យ៥៦ឆ្នាំមួយរូបបានឲ្យដឹងថា កន្លងមកលោកធ្លាប់ឭតែកសិករយើងយកទឹកត្នោត និងអំពៅទេយកទៅធ្វើស្ករ ហើយការយកស្វាយចន្ទីទៅធ្វើស្ករកន្លងមក គឺឃើញតាមតែហ្វេសបុកនៅស្រុកឥណ្ឌា ប៉ុណ្ណោះ ។
លោកបានបញ្ជាក់ថា លោកគ្រាន់តែឭតាមហ្វេសបុកមិនសូវជឿ តែដល់ឭខាងកសិកម្មបាននិយាយ គឺជឿតែម្តង ហើយលើកឡើងថា សង្ឃឹមថាក្រសួងនឹងផ្សព្វផ្សាយឲ្យទូលំទូលាយ ហើយជួយរកទីផ្សារឲ្យកសិករ ដើម្បីឲ្យកសិករអាចទាញផលពីដំណាំនេះបានបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល ។
លោកបានឲ្យដឹងថា ស្វាយចន្ទីមួយដើមៗក្រោយប្រមូលគ្រាប់យកលក់គេបោះចោលសាច់វារាប់គីឡូ ដូច្នេះបើអាចច្នៃគៀបយកទៅរង្វាស់ធ្វើជាស្ករបានប្រសើរមែនទែន ។ កសិករអាចរកចំណូលបន្ថែមមួយ ផ្នែកបន្ថែមពីលើគ្រាប់ ។
ពាក់ព័ន្ធនឹងការយកស្វាយចន្ទីទៅច្នៃចេញជាស្ករនេះលោក ឃឹម ហ្វីណង់ បានឲ្យដឹងថា អ្នកជំនាញកម្ពុជាម្នាក់ គឺលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម គឺជាអ្នកដែលបានសាកល្បង ។
លោកបានបន្តថា លោកបណ្ឌិតបានយកផ្លែស្វាយចន្ទី២.៣១៣ ក្រាម ហើយគៀបយកទឹកបានប្រមាណជា១.៧៦៣ មីលីលីត្រ ក្រោយពេលយកទៅរម្ងាស់ហើយកូ ក្នុងរង្វង់១ម៉ោងកន្លះ គឺផលិតបានស្កស្វាយចន្ទីបានប្រមាណជា១៦០ ក្រាមដែរ ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា រាល់ថ្ងៃនេះក្រៅពីគ្រាប់ស្វាយចន្ទី ផ្លែរបស់វាមិនទាន់ត្រូវបានគេយកមកប្រើឱ្យមានប្រយោជន៍នៅឡើយ ហើយមានបរិមាណច្រើនណាស់ដែលជាសក្តានុពលមួយដែលយើងមិនគួរមើលរំលងឡើយ ។ បញ្ហាប្រឈមធំមួយ គឺត្រូវធានាឱ្យបានថា ផ្លែទាំងនោះមិនមានលាយឡំជាមួយនឹងថ្នាំកសិកម្មបាញ់បំប៉នឡើយ បើមិនដូច្នេះទេស្ករដែលផលិតបានក៏មានសារធាតុទាំងនោះដែរ ។
ពាក់ព័ន្ធនឹងការច្នៃស្ករចេញពីផ្លែសា្វយចន្ទីនេះ ប្រជាពលរដ្ឋម្នាក់ឈ្មោះ នី ដានីន បានចេញមកបញ្ចេញយោបល់ថា ផលស្ករពីការរម្ងាស់ គឺមានរសជាតិឆ្ងាញ់តែបង្កប់ភាពចត់ៗនៅក្នុងស្ករបន្តិច ។
ដោយឡែក ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា លោកពិតជាចង់សាកស្ករស្វាយចន្ទីរនេះដែរ ដោយលើកឡើងថា ហូបស្ករពីស្វាយចន្ទី គឺយ៉ាងហោចណាស់ក៏ល្អជាងហូបស្ករ ដែលគេចម្រាញ់ពីប្រេងឆាគេចាក់ចោលជាមួយនឹងម្សៅមីលាយស្ករសយកមកលក់អោយយើងទទួលទានដែរ ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅកម្ពុជារហូតដល់ឆ្នាំ២០២៤ មានផ្ទៃដីដាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិចតា ៕
ចែករំលែកព័តមាននេះ