បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលមានបំណងចង់ធ្វើអន្តោប្រវេសន៍ ឬរត់ការទៅរស់នៅសហរដ្ឋអាមេរិកនៅពេលនេះគួរផ្អាកសិនពីព្រោះគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីដែលទើបវិលមកកាន់សេតវិមានវិញ កំពុងតែលេងធម៌ក្តៅខ្លាំងមែនទែនលើបញ្ហានេះ ។ ក្រោយឡើងកាន់តំណែងភ្លាម លោក ត្រាំ…
បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលមានបំណងចង់ធ្វើអន្តោប្រវេសន៍ ឬរត់ការទៅរស់នៅសហរដ្ឋអាមេរិកនៅពេលនេះគួរផ្អាកសិនពីព្រោះគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីដែលទើបវិលមកកាន់សេតវិមានវិញ កំពុងតែលេងធម៌ក្តៅខ្លាំងមែនទែនលើបញ្ហានេះ ។
ក្រោយឡើងកាន់តំណែងភ្លាម លោក ត្រាំ បានធ្វើឲ្យពិភពលោកសឹងតែក្រឡាប់ចាក់ ដោយប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស អង្គការសុខភាពពិភពលោក ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងបញ្ហាពន្ធសាកលសង្គ្រាមពន្ធជាមួយនឹងប្រទេសម៉ិកស៊ីក កាណាដា និងចិន ហើយអ្វីដែលធ្ងន់ធ្ងរគឺបង្កកកម្មវិធីជំនួយតាមរយៈទីភ្នាក់ងា USAID ដែលសហរដ្ឋអាមេរិកធ្លាប់ចាយ កាលពីឆ្នាំ២០២៣ អស់៧២ពាន់លានដុល្លារចំនួន៩០ ថ្ងៃឫឈានទៅបិទចោល ។
ដោយឡែក រឿងអន្តោប្រវេសន៍ គឺរឹតតែក្តៅគគុក ។ លោកបានបញ្ជាឲ្យសមត្ថកិច្ចសហរដ្ឋអាមេរិកពង្រឹងការគ្រប់គ្រងលើជនធ្វើអន្តោប្រវេសន៍ ហើយនឹងអាចបញ្ជូនជនដែលស្វះស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសនេះប្រមាណជា២,៦លាននាក់ ខណៈដែលនៅពេលនេះពួកគេកំពុងតែរង់ចាំការសម្រេចដោយអាជ្ញាធរអាមេរិកថា តើពួកគេជាអ្នកដែលស្នាក់នៅដោយខុសច្បាប់ឫយ៉ាងណានោះ ។
នៅក្នុងចំណោមជនអន្តោប្រវេសន៍ទាំងនោះក៏មានពលរដ្ឋមកពីអាស៊ានជាច្រើនផងដែរ ដោយនៅក្នុងនោះវៀតណាមមានជិត៩ពាន់នាក់ ឥណ្ឌូនេស៊ីមានជាង៤ពាន់នាក់ ហ្វីលីពីនមានជិត៤ពាន់នាក់ ឡាវមានជិត៥ពាន់នាក់ ហើយពលរដ្ឋកម្ពុជា គឺមានប្រមាណជាជាង ១.៧០០ នៅមានមីយ៉ាន់ម៉ា ថៃ ម៉ាឡេស៊ី សិង្ហបុរី និងប្រុយណេមួយចំនួនថែមទៀត ។
នៅក្រោមគោលនយោបាយ American First លោក ត្រាំ ដែលជាមេដឹកនាំពិបាកនឹងស្មានចិត្ត ហើយជាទូទៅលោកសម្រេចចិត្តដោយមិនសូវចេះពិធីសារការទូត ដោយមិនខ្វល់ពីផលប៉ះពាល់ គឺពិតជាអាចនឹងមានការសម្រេចចិត្តថ្មីៗប្លែកថែមទៀតដូចជា ករណីលោកនិយាយអំពីបញ្ហានៅមជ្ឈឹមបូព៌ាថ្មីៗនេះជាដើម ។
ជាទូទៅសម្តី និងការសម្រេចិត្តរបស់លោក ពិតជាមិនដើរតាមសណ្តាប់ធ្នាប់របស់ពិភពលោកឡើយ គឺអ្វីក៏ដោយតែលោកនឹកឃើញ គឺធ្វើភ្លាមៗដូច្នេះការដែលយើងម្នាក់ៗដែលកំពុងតែចង់រត់ការធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកអាចមានហានិភ័យ ។
ហានិភ័យនោះ គឺវាអាចពាក់ព័ន្ធនឹងការខាតបង់ប្រាក់កាសលើថ្លៃទិដ្ឋាការ ការចំណាយនៅលើសោហ៊ុយនៅក្នុងការធ្វើដំណើរ ការចំណាយនៅលើមេធាវី និងការចំណាយលើអ្វីផ្សេងៗទៀតដោយរួមទាំងថ្លៃចំណាយលើជីវភាពប្រចាំថ្ងៃ ។
នៅក្នុងរយៈពេលនៃការកាន់អំណាចប្រមាណជា៤ឆ្នាំទៀតរបស់ លោក ត្រាំ ប្រសិនបើយើងផ្អាកសិន ហើយចាំគិតគូរបន្តក្រោយពេលលោក ត្រាំ ផុតអាណត្តិក៏ប្រហែលជាមិនយឺតពេលទេ ។ ប៉ុន្តែនៅក្នុងករណីថា យើងចង់ទៅលេងទៅ ដើម្បីស្គាល់អញ្ជើញទៅចុះមិនអីទេពីព្រោះនេះ គឺជាដំណើររយៈពេលខ្លី ដើម្បីយើងដឹងថា តើសង្គមនៅអាមេរិកវាយ៉ាងណា ។
យោងតាមការវិភាគដែលលើកឡើងដោយ Washington Examiner បានឲ្យដឹងថា រដ្ឋបាលរបស់លោកត្រាំ គឺបានស្នើនូវផែនការដែលកំណត់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍ដ៏ពិបាកបំផុត ហើយក៏ឈានដល់ការកំណត់ចំនួនផងដែរ ។ រដ្ឋបាលរបស់លោកក៏នឹងអាចស្នើសុំច្បាប់លុបបំបាត់ភាពអនុគ្រោះផ្សេងៗជាច្រើនទៀតដល់ជនដែលមិនមែនពលរដ្ឋអាមេរិក ហើយចង់ធ្វើអន្តោប្រវេសន៍មកកាន់ប្រទេសរបស់ខ្លួន ដោយរួមទាំងមកលើជនដែលកំពុងតែកាន់ Green Card ផងដែរ ។
សរុបទៅ នៅក្នុងករណីពលរដ្ឋយើងចង់ធ្វើអន្តោប្រវេសន៍ទៅនៅសហរដ្ឋអាមេរិកនៅក្នុងអំឡុងពេលនេះ គួរតែផ្អាកសិនទៅ ដើម្បីកុំអោយការចំណាយរបស់យើងជាច្រើនត្រូវខាតបង់ និងទៅហើយត្រូវគេចាប់បញ្ជូនមកវិញទាំងអាម៉ាស់ ហើយខូចទាំងកិត្តិយសខាតទាំងពេលវេលា ហើយក៏អាចនឹងមានពិរុទ្ធផ្សេងៗទៀត ។
បងប្អូនអាចដកមួយឃ្លាសិនទៅពីព្រោះលោក ត្រាំ ក៏មិនអាចកាន់អំណាចយូរជាងនេះដែរ ។ លោកនឹងផុតអាណត្តិក្រោយពេលដែលកាន់បានប្រមាណជា៤ឆ្នាំ ។ នៅពេលដែលលោក ត្រាំ ចាកចេញទៅចាំរិះគិតឡើងវិញ ។ នៅក្នុងអំឡុងពេលនេះចូរខំប្រឹងប្រែងធ្វើការឬប្រកបរបរចិញ្ចឹមជីវិតនៅក្នុងប្រទេសជាធម្មតាវិញប្រសើរជាង ៕
ចែករំលែកព័តមាននេះ