ទីក្រុងប៉េកាំង៖ ប្រទេសចិនចាប់ផ្ដើមចាត់វិធានការវាយបកវិញហើយចំពោះនយោបាយដំឡើងពន្ធរបស់លោកត្រាំ។ បន្ទាប់ពីដំឡើងពន្ធ១៥%ទៅលើហ្គាស និងធ្យូងថ្ម និង១០%ទៅលើទំនិញដទៃទៀតរបស់អាមេរិករួចហើយ ប្រទេសចិនបានបន្តដាក់ពាក្យប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ថែមទៀតដើម្បីបង្ហាញការកើតទុក្ខមិនសុខចិត្តចំពោះចំណាត់ការរបស់លោកត្រាំ និងដើម្បីឱ្យស្ថាប័ននេះជួយឈឺឆ្អាល និងដោះស្រាយវិវាទពាណិជ្ជកម្មដែលកំពុងផ្ទុះឡើងយ៉ាងក្ដៅគគុក។
នេះមិនមែនជាជម្លោះពាណិជ្ជកម្មតូចតាចនោះទេ ប៉ុន្តែជាជម្លោះពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មដែលមានតម្លៃរាប់រយប៊ីលានដុល្លារដែលល្មមធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ។ គេមិនទាន់ដឹងថារវាងមហាអំណាចសេដ្ឋកិច្ចទាំង២នេះតើនរណាខ្លាំងជាងនរណា ឬនរណានឹងមានជ័យជម្នះនៅទីបញ្ចប់? ពិភពលោកកំពុងរង់ចាំអ៊ុតលទ្ធផលនេះដោយឥតប៉ប្រិចភ្នែក។
គេគិតថានៅក្នុងសង្គ្រាម មិនថាសង្គ្រាមប្រដាប់អាវុធ ឬសង្គ្រាមពាណិជ្ជកម្មទេសុទ្ធតែគ្មានផលចំណេញសម្រាប់ភាគីណាមួយឡើយ។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោកត្រាំប្រកាសដំឡើងពន្ធ២៥%ទៅលើទំនិញរបស់កាណាដា និងម៉ិកស៊ីកូ និងដំឡើង១០%ទៅលើទំនិញរបស់ចិន។
ក្រោយមក ម៉ិកស៊ីកូ និងកាណាដាខិតខំចរចាគ្នាទាំងប្រញាប់ប្រញាល់ និងសម្រេចបានកិច្ចព្រមព្រៀងមួយជាថ្នូរនឹងការព្យួរទុកការដំឡើងពន្ធរយៈពេល៣០ថ្ងៃ។ នៅក្នុងកិច្ចព្រមព្រៀងនោះ ប្រទេសទាំង២យល់ព្រមចាត់វិធានការក្ដៅដើម្បីទប់ស្កាត់គ្រឿងញៀន និងជនអន្តោប្រវេសន៍។ ម៉ិកស៊ីកូត្រៀមប្រើប្រាស់ទាហានរហូតដល់មួយម៉ឺននាក់ដើម្បីចាត់ការរឿងនេះ។
ដោយឡែក ប្រទេសចិនមិនចង់ទោរទន់ទៅតាមការទាមទារ និងការដាក់សម្ពាធរបស់លោកត្រាំទេ។ ចិនទំនងជាបានត្រៀមទុកជាមុនរួចហើយថានឹងមានសេណារីយោនេះកើតឡើងនៅពេលលោកត្រាំឡើងកាន់អំណាច។ ដូច្នេះ ជាជំហានដំបូង ចិនចាត់វិធានការដំឡើងពន្ធវិញដើម្បីជាការវាយបក ហើយចិនក៏ដាក់ពាក្យប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោកថែមទៀត។
ប៉ុន្តែសន្លឹកបៀរនយោបាយនេះនៅមានច្រើនទៀតសម្រាប់លេង។ លោកត្រាំមានសន្លឹកបៀរទីកតុកមួយទៀតសម្រាប់លេង។ លោកពន្យារពេល៧៥ថ្ងៃឱ្យទីកតុកលក់ភាគហ៊ុនទៅឱ្យអាមេរិកបើចង់ដំណើរការដូចធម្មតា។ ឥឡូវនេះ អស់ពេល១៨ថ្ងៃទៅហើយ។ ចំណែកប្រទេសចិនក៏កំពុងត្រៀមចាត់ការទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកផងដែរដូចជាអឹនវីឌា និង ហ្គូហ្កលជាដើម (Nvidia, Google)។
តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃនេះ WTO បានដកស្រង់ប្រយោគសំខាន់ៗរបស់ពាក្យបណ្ដឹងនោះមករៀបរាប់ថាការដំឡើងពន្ធរបស់លោកត្រាំទៅលើទំនិញចិនហាក់ដូចជាមិនស៊ីសង្វាក់គ្នានឹងការបំពេញកាតព្វកិច្ចដូចអ្វីដែលអាមេរិកធ្លាប់បានសន្យានៅពេលបង្កើត WTO នោះទេ។ នៅក្នុងចំណុចមួយទៀត ប្រទេសចិនថ្លែងថាខ្លួនសូមរក្សាសិទ្ធិគ្រប់យ៉ាងដើម្បីចាត់វិធានការឆ្លើយតបចំពោះការដំឡើងពន្ធនេះ។ គ្រាន់តែថាប្រទេសចិនមិនបញ្ជាក់ឱ្យបានច្បាស់ថាតើវិធានការនោះមានអ្វីខ្លះទេ។
ងាកទៅមើលភារកិច្ច និងតួនាទីរបស់ WTO វិញម្ដង បើសង្គ្រាមពាណិជ្ជកម្មធំដល់ម្លឹងៗ តើ WTO អាចដោះស្រាយចេញទេ? សូមរំលឹកថាចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ យន្តការដោះស្រាយវិវាទពាណិជ្ជកម្មរបស់ WTO ត្រូវជាប់គាំងដោយសារគណៈកម្មការវិនិច្ឆ័យរបស់ស្ថាប័ននេះខ្វះកូរ៉ុម។ ដូច្នេះ មិនអាចមានសិទ្ធិក្នុងការដោះស្រាយបានឡើយ។ រាល់ពាក្យបណ្ដឹងផ្សេងៗត្រូវជាប់គាំងទាំងអស់។ រដ្ឋាភិបាលលោកត្រាំកាលពីអាណត្តិទី១ ហើយតមកជំនាន់លោកបៃដិនទៀតបានបិទខ្ទប់ WTO មិនឱ្យតែងតាំងគណៈវិនិច្ឆ័យឱ្យបានគ្រប់គ្រាន់ទេ។ បើ WTO មានចៅក្រមតិចជាងបីរូបមានន័យថាមិនអាចកាត់សេចក្ដីបានឡើយ៕
ចែករំលែកព័តមាននេះ