ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរណភាពតារាល្បី សាន់ ឆាយ ជំរុញវេជ្ជបណ្ឌិតថៃណែនាំពលរដ្ឋខ្លួនពីដំណើរកម្សាន្តទៅជប៉ុន

5 ម៉ោង មុន

ប្រទេសថៃ ៖ វេជ្ជបណ្ឌិតនៅក្នុងប្រទេសថៃបានណែនាំពលរដ្ឋខ្លួនឱ្យពិចារណាឡើងវិញ នូវផែនការដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីមរណភាពរបស់តារាសម្តែងស្រីតៃវ៉ាន់ អ្នកនាង Barbie Hsu ឬ សាន់…

0:00
0:00

ប្រទេសថៃ ៖ វេជ្ជបណ្ឌិតនៅក្នុងប្រទេសថៃបានណែនាំពលរដ្ឋខ្លួនឱ្យពិចារណាឡើងវិញ នូវផែនការដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីមរណភាពរបស់តារាសម្តែងស្រីតៃវ៉ាន់ អ្នកនាង Barbie Hsu ឬ សាន់ ឆាយ ក្នុងរឿង F4 កាលពីថ្មីៗនេះ ដោយសារតែជំងឺគ្រុនផ្តាសាយឈានរហូតដល់បញ្ហាជំងឺរលាកសួតធ្ងន់ធ្ងរ។

យោងតាមប្រភពពីសារព័ត៌មានថៃ The Nation កាលពីថ្មីៗនេះ បានរាយការណ៍ថា លោកវេជ្ជបណ្ឌិត Jade Boonyawongwiroj ជំនួយការនាយកមន្ទីរពេទ្យ Maharat Nakhon Ratchasima បានពណ៌នាការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយនៅប្រទេសជប៉ុនថា «ធ្ងន់ធ្ងរ» ជាមួយករណីឆ្លងថ្មីជាមធ្យមចំនួន ៦៦,១៣២នាក់ ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃក្នុងរយៈពេល១៤៤ថ្ងៃកន្លងមកនេះ។

លោកបានសង្កត់ធ្ងន់ថា តំបន់មួយចំនួនក្នុងទីក្រុងតូក្យូមានអត្រាឆ្លងខ្ពស់ ហើយមន្ទីរពេទ្យមួយចំនួនបានបដិសេធទទួលអ្នកជំងឺ លុះត្រាតែពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដ្បិតប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសកំពូលទាំង ១០ សម្រាប់ការមកដល់របស់ភ្ញៀវទេសចរបរទេសនៅ​ក្នុង​ប្រទេសជប៉ុន ខណៈដែលអ្នកទេសចរជនជាតិថៃជាង១លាននាក់បានទៅដល់ប្រទេសជប៉ុន កាលពីឆ្នាំមុន។

កាសែត South China Morning Post បានរាយការណ៍ថា កន្លងមក អ្នកជំនាញផ្នែកវេជ្ជសាស្ត្រហុងកុងក៏បានព្រមានអ្នកមានស្ថានភាពជំងឺប្រចាំកាយរ៉ាំរ៉ៃ ជៀសវាងការធ្វើដំណើរទៅកាន់តំបន់មានការកើនឡើងនៃជំងឺផ្តាសាយ។ ស្របពេលដែលវិទ្យាស្ថានជាតិជំងឺឆ្លងរបស់ប្រទេសជប៉ុនបានប៉ាន់ប្រមាណថា ចាប់ពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ប្រទេសជប៉ុនបានកត់ត្រាករណីជំងឺផ្តាសាយប្រហែល ៩.៥២លាននាក់។

ក្តីបារម្ភរបស់លោកវេជ្ជបណ្ឌិត Jade Boonyawongwiroj កើតឡើងបន្ទាប់ពីតារាសម្ដែងស្រីដ៏ល្បីរបស់តៃវ៉ាន់ អ្នកនាង Barbie Hsu ដែលល្បីល្បាញបំផុត តាមរយៈការសម្តែងតួអង្គនាង សាន់ ឆាយ នៅក្នុងរឿងភាគ «ស្នេហាបួនដួង» ឬ «Meteor Garden» ឆ្នាំ ២០០១ ដែលប្រជាជនខ្មែរនិយមហៅថារឿង F4 បានទទួលមរណភាព នៅក្នុងអាយុ៤៨ឆ្នាំ នៅប្រទេសជប៉ុន។ សេចក្តីប្រកាសកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមកពីសំណាក់អ្នកនាង Dee Hsu ត្រូវជាប្អូនស្រីរបស់អ្នកនាង Barbie Hsu បានបញ្ជាក់ថា បងស្រីរបស់នាងបាត់បង់ជីវិតដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីផលវិបាកនៃជំងឺផ្តាសាយ អំឡុងពេលពួកគេ រួមទាំងសមាជិកគ្រួសារផ្សេងទៀត ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន សម្រាប់ថ្ងៃវិស្សមកាលក្នុងឱកាសចូលឆ្នាំចិន។

ប្រភពពី TVBS បានរាយការណ៍ថា ពិធីបូជាសពអ្នកនាង Barbie Hsu បានធ្វើឡើងនៅ ប្រទេស​ជប៉ុន ហើយស្វាមីអ្នកនាងដែលជាឌីជេ និងតន្ត្រីករជនជាតិកូរ៉េខាងត្បូង លោក Koo Jun-yup ឬ DJ Koo ត្រូវបានរំពឹងថានឹងនាំយកធាតុតារាស្រីរូបនេះ ត្រឡប់មកតៃវ៉ាន់វិញ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥៕ ដកស្រង់ ៖ The Nation និង VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ