រាជធានីភ្នំពេញ ៖ នៅក្នុងខែមករា ឆ្នាំ២០២៥ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៦៨ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៧៤៨លានដុល្លារអាមេរិក ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងថា គម្រោងវិនិយោគចំនួន៦៨ ដែលមានទុនវិនិយោគសរុបប្រមាណ៧៤៨លានដុល្លារអាមេរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមករា ឆ្នាំ២០២៥ ។
ក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៧៤៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត៤៦ពាន់កន្លែង ។
ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន២៩គម្រោង ។
ប្រភពបានលើកឡើងថា បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣២គម្រោងក្នុងទុនវិនិយោគសរុបប្រមាណ១៨៧លានដុល្លារ អាមេរិក ការអនុម័តគម្រោងវិនិយោគក្នុងខែមករា ឆ្នាំ២០២៥ មានការកើនឡើងចំនួន៣៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ៥៦១លានដុល្លារអាមេរិកស្មើនឹងប្រមាណ៣០០% ។ គម្រោងវិនិយោគទាំង៦៨គម្រោង សុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់ ។
ប្រភពដដែលបានលើកឡើងថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន ៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេសផ្នែកឧស្សាហកម្មមានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុគ្រប់ប្រភេទ ទីតាំង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យទុនវិនិយោគតម្លៃ៣៤លានដុល្លារអាមេរិកដោយបង្កើតការងារ៣៥០កន្លែង ។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលគ្រប់ប្រភេទពីប្លាស្ទិក ទីតាំងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគ១៥លានដុល្លារអាមេរិកបង្កើតការងារ ២.០២៨កន្លែង ។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងយានដ្ឋាន ទីតាំង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទុនវិនិយោគ១២លានដុល្លារអាមេរិក បង្កើតការងារបាន៣០៦កន្លែង ។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារជាង និងប្រអប់ដាក់សម្ភារបរិក្ខារមានទីតាំងឃុំស្វាយជ្រុំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងក្រោម ទុនវិនិយោគ១០លានដុល្លារអាមេរិក បង្កើតការងារ ១៨១កន្លែង ។ ចំណែកគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្នែកឧស្សាហកម្មមានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់គ្រប់ប្រភេទ ទីតាំងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិតទុនវិនិយោគ១៩៥លានដុល្លារអាមេរិក បង្កើតការងារ១.០២០កន្លែង ។
គម្រោងបន្ថែមទុនវិនិយោគរបស់តំបន់សេដ្ឋកិច្ចពិសេស កោះកុងចេជាង នៅខេត្តកោះកុង ទុនវិនិយោគបន្ថែម ៥០លានដុល្លារអាមេរិក ។ គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងយានយន្ត មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទុនវិនិយោគ៣២លានដុល្លារអាមេរិក បង្កើតការងារ២០៥កន្លែង ។ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម មានទីតាំងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ទុនវិនិយោគ១៦លានដុល្លាអាមេរិក បង្កើតការងារ៣១៣កន្លែង ។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុង និងក្រៅផ្ទះ ទីតាំង ៖ តំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ទុនវិនិយោគ១៥លានដុល្លារអាមេរិក បង្កើតការងារ១៥៦កន្លែង ។
ប្រភពបានឲ្យដឹងទៀតថា ប្រភពមកវិនិយោគមកពី ៖ ចិន ៧៣.៣៥%,កម្ពុជា ១៣.១៧% ,វៀតណាម ៥.៥២% ,កោះ Cayman ៣.២៨% ,អង់គ្លេស ១.៦៥% , សិង្ហបុរី ០.៩៥%, កោះ Samoa 0.71% ,សហរដ្ឋអាមេរិក ០.៥៩% , Anguilla ០.៥២% និងម៉ាឡេស៊ី០.២៦% ៕
ចែករំលែកព័តមាននេះ