ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​សម្រុក​ការងារ​ដ៏​សស្រាក់សស្រាំ​នៅ​ថ្នាក់​ម​ជ្ឈឹ​ម​ពោល គឺ​ថ្នាក់​កណ្តាល​ជាមួយនឹង​ស្ថាប័ន​ថ្នាក់​ជាតិ​ធំ​ៗ​ជិត​២​ឆ្នាំ​មកនេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទំនងជា​វាយលុក​សមរភូមិ នយោបាយ​ជាមួយនឹង​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន ហើយ​នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ និង​ថ្នាក់​ជាតិ​មក​ដល់ ។…

បន្ទាប់​ពី​សម្រុក​ការងារ​ដ៏​សស្រាក់សស្រាំ​នៅ​ថ្នាក់​ម​ជ្ឈឹ​ម​ពោល គឺ​ថ្នាក់​កណ្តាល​ជាមួយនឹង​ស្ថាប័ន​ថ្នាក់​ជាតិ​ធំ​ៗ​ជិត​២​ឆ្នាំ​មកនេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទំនងជា​វាយលុក​សមរភូមិ នយោបាយ​ជាមួយនឹង​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន ហើយ​នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ និង​ថ្នាក់​ជាតិ​មក​ដល់ ។

គោលដៅ​នៃ​សកម្មភាព​នយោបាយ​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ​ទំនងជា​វាយលុក​ខ្លាំង និង​ក្តៅ​គគុក​នៅ​ថ្នាក់​មូលដ្ឋាន ដើម្បី​ក្តាប់​សភាពការណ៍ និង​ស្វែងរក​បទ​ពិសោធន៍​ក៏​ដូច​ជា រិះរក​នូវ​ចំណុច​នៃ​បញ្ហា​រសើប​នានា នៅ​ក្នុង​មូលដ្ឋាន ដើម្បី​បន្ត​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​អំណាច​បន្ត ហើយ​ក៏​ដើម្បី​រក្សា​ភាព​ឈ្នះ​របស់​គណបក្សកាន់អំណាច​ដែល​មាន​ប្រភព​ពី​មូលដ្ឋាន​ផង​ដែរ ។

កន្លង​មក​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ច្បាមអំណាច​បាន​ពីព្រោះ​គណបក្ស​នេះ​ក្តាប់​បាន​អំណាច​យ៉ាង​រឹង​មាំ​នៅ​មូលដ្ឋាន ។ ដូច្នេះ​ថ្នាក់ដឹកនាំ​បន្តវេន​របស់​គណបក្ស​នេះ នឹង​មិន​ទុក​មូលដ្ឋាន​ឲ្យ​ប្រហោង​សម្រាប់​ក្រុមប្រឆាំង​មាន​ចន្លោះ​ហក់​ចូល​បាន​ឡើយ ។

នៅ​ក្នុង​រយៈពេល​ជាង​១​ខែ​នៃ​ឆ្នាំ​២០២៥ សម្តេច​ធិ​បតី បាន​កាត់​បន្ថយ​កម្មវិធី​ថ្នាក់​ជាតិ​ជា​ច្រើន ។ ជំនួប​ជាមួយនឹង​ភ្ញៀវ​ការទូត និង​ក្រុមហ៊ុន​ក៏​ដូច​ជា អ្នក​ជំនាញការ​បរទេស គឺ​នៅ​មាន​ជា​ប្រក្រតី ប៉ុន្តែ​កម្មវិធី​ថ្នាក់​ក្រសួង គឺ​សម្តេច​បង្ហាញ​វត្តមាន​តិច​បំផុត ស្រប​ពេល​ដែល​ក្រសួង​នានា​បាន​ធ្វើ​សន្និបាត​បូក​សរុប​ជា​បន្តបន្ទាប់​ក៏​ដោយ ។

សម្តេច​ធិ​បតី​បាន​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​នៅ​ថ្នាក់​មូលដ្ឋាន ហើយ​កម្មវិធី​នោះ​ទៀត​សោត គឺជា​កម្មវិធី​បែប​សាមញ្ញ​បំផុត ។ សម្តេច​ធិ​បតី​បាន​ចំណាយ​ពេលវេលា​ចុះ​ទៅ​ផ្ទាល់​ជួប​ជាមួយនឹង​កសិករ និង​ពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​ៗ​ជាមួយនឹង​ក្រុមការងារ​តិចតួច​បំផុត ខណៈ​ដែល​បរិយាកាស​នោះ គឺ​រឹតតែ​សាមញ្ញ ពោល គឺ​សឹងតែ​សាមញ្ញ​ជាង​កម្មវិធី​ចាក់​បាស​រាំ​តាម​ភូមិ​ខ្លះ​ផង ។

ករណី​ដូច​ជា ជំនួប​ផ្ទាល់​ជាមួយនឹង​បងប្អូន​ប្រជា​កសិករ​នៅ​សហគមន៍​កសិកម្ម​ទំនើប​ស្វាយចន្ទី នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​ជាដើម គឺ​សម្តេច​ធិ​បតី និង​ថ្នាក់ដឹកនាំ​បច្ចេកទេស​២​ទៅ​៣​រូប អង្គុយ​នៅ​លើ​ក្រណាត់​តង់​ក្រាល​លើ​ដី នៅ​ក្នុង​សភាព​ស្មើភាព​ជាមួយនឹង​កសិករ និយាយ​ដោយ​ក្បាល​មីក្រូ​តិច​ៗ ។ កម្មវិធី​នេះ​គ្មាន​ការ​ចាក់​ផ្សាយ​ផ្ទាល់ ហើយ​ក៏​គ្មាន​វេទិកា ដែល​មាន​មន្ត្រី​ហែរ​ហម​អធិកអធម​ឡើយ គឺ​មាន​តែ​ការ​និយាយ​គ្នា​ត្រង់​ទៅ​ត្រង់​មករ​វាង​ថ្នាក់ដឹកនាំ​កំពូល ថ្នាក់ដឹកនាំ​បច្ចេកទេស និង​ពលរដ្ឋ​ផ្ទាល់​ៗ​តែ​ម្តង ។

ក្រៅពី​នេះ​សម្តេច​ធិ​បតី ក៏​បាន​ចុះ​ទៅ​ជួប​ជាមួយនឹង​កសិករ​សន្ទនា​គ្នា​យ៉ាង​សប្បាយ​រីករាយ​នៅ​ខេត្តតាកែវ ហើយ​នៅ​ថ្ងៃ​អនាគត​សម្តេច​នាយក​រដ្ឋមន្ត្រី​ទំនងជា​នឹង​បង្កើន​សកម្មភាព​បែប​នេះ​នៅ​ទីតាំង​ផ្សេង​ៗ​បន្ថែម​ទៀត ។

ជា​ការ​ពិត​ប្រទេស​កម្ពុជា​មាន​ផ្ទៃដី​១៨១.០៣៥ គីឡូ​ម៉ែត្រការ៉េ មាន​រដ្ឋបាល​គ្រប់គ្រង​២៥​ខេត្ត​រាជធានី ហើយ​មាន​ប្រជាពលរដ្ឋ​នោះ​ប្រមាណ​ជា​១៧​លាន​នាក់ ដូច្នេះ​ថ្នាក់ដឹកនាំ​កំពូល​ទំនងជា​មិន​អាច​ដើរ​ជួប​ទាំងអស់ និង​គ្រប់កន្លែង​បាន​ទេ ។ ប៉ុន្តែ ដើម្បី​បង្ការ​ភាព​ចៃដន្យ ពលរដ្ឋ​គួរតែ​រៀន​សន្សំ រៀន​កសាង​ភាព​ក្លាហាន រៀន​នៅ​ក្នុង​ការ​ប្រមូល​សន្សំ​នូវ​បញ្ហា​ធំ​ៗ​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​ត្រៀម​គោរព​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​បើ​មានឱកាស ។ ការ​រាយការណ៍​ផ្ទាល់​ៗ​បែប​នេះ​ប្រសិទ្ធភាព គឺ​លឿន ហើយ​មិន​ចាំបាច់​មាន​របាយការណ៍​គោរព​សុំ​យោបល់​ច្រើន ។

ឱកាស​នៅ​ក្នុង​ការ​ជួប​ថ្នាក់ដឹកនាំ​ដោយ​ងាយ​ៗ​នៅ​ក្នុង​បរិយាកាស​បែប​នេះ​កម្រ​មាន​ណាស់ ដូច្នេះ​ប្រសិនបើ​យើង​អាច​មានឱកាស យើង​ត្រូវ​តែ​តាំង​ចិត្តជា​ពលរដ្ឋ​វ័យឆ្លាត និង​មាន​ទំនួល​ខុស​ត្រូវ ហើយ​ក្លាហាន​ហ៊ាន​និយាយ​ចំ​ៗ​អ្វី​ដែល​ជា​បញ្ហា​នៅ​ក្នុង​សហគមន៍ អ្វី​ដែល​តម្រូវការ និង​អ្វី​ដែល​ជា​ការ​ចង់បាន​របស់​ពលរដ្ឋ​ជា​រួម ។

ប្រសិនបើ​យើង​មានឱកាស​ជួប​ថ្នាក់ដឹកនាំ​ផ្ទាល់​ៗ ហើយ​លោក​បើកដៃ​ឲ្យ​និយាយ​នៅ​ក្នុង​បរិយាកាស​ដែល​រាក់ទាក់​ស្និទ្ធស្នាល​បែប​នេះ គឺ​ត្រូវ​តែ​ហ៊ាន​និយាយ​ពី​បញ្ហា​ប្រឈម​ក្នុង​សហគមន៍​បើ​មាន ដោយ​គូសបញ្ជាក់​ពី​បញ្ហា​សំខាន់​ៗ​ដែល​ប៉ះពាល់​ដល់​ប្រជាជន​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ ការ​អប់រំ ការ​ថែទាំ​សុខភាព សន្តិសុខ ឬ​ការងារ ហើយ​សូ​ម្បី​តែ​រឿង​រដ្ឋបាល​មូលដ្ឋាន ដើម្បី​ស្វែងរក​ដំណោះស្រាយ ។

បងប្អូន​កុំ​ខ្លាច គឺ​ត្រូវ​តែ​ក្លាហាន​ហ៊ាន​និយាយ ហើយ​ត្រូវ​ចាំ​ថា បើ​យើង​ជា​ពលរដ្ឋ​វ័យឆ្លាត គឺ​យើង​អាច​បង្កើត​ចំណាប់អារម្មណ៍​ខ្លាំង រួមចំណែក​យ៉ាង​មាន​អត្ថន័យ​ដល់​ការ​អភិវឌ្ឍ​ជាតិ និង​ធានា​ថា សំឡេង និង​សហគមន៍​របស់​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ដល់​ថ្នាក់ដឹកនាំ​ដោយ​ផ្ទាល់​ៗ ។

ប្រទេស​មួយ​រីក​ចម្រើន​ត្រូវ​បាន​កសាង​ដោយ​ពលរដ្ឋ​ក្លាហាន ទទួលខុសត្រូវ និង​សកម្ម​។ ពលរដ្ឋ​ដែល​វ័យឆ្លាត​មិន​រង់ចាំ​ការ​ផ្លាស់​ប្តូរ​តាម​កត្តា​សត្យា​នុ​ម័ត​ទេ គឺ​ត្រូវ​តែ​សកម្ម ។ តាម​រយៈ​ការ​ខិត​ទៅ​រក​ឱកាស​ទាំងនេះ​ដោយ​ប្រាជ្ញា ភាព​ក្លាហាន និង​ចក្ខុវិស័យ​សម្រាប់​វឌ្ឍនភាព ប្រជាពលរដ្ឋ​អាច​ធានា​ថា សំឡេង​របស់​អ្នក​ត្រូវ​បានឮ ហើយ​សហគមន៍​របស់​ពួក​គេ​រីក​ចម្រើន ។ ផ្លូវ​ទៅ​កាន់​ភាព​ចម្រុងចម្រើន​មិនមែន​ទៅ​មុខ​ដោយ​ខ្វះ​ភាព​ក្លាហាន​នោះ​ឡើយ វា គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដែល​ទាមទារ​ឱ្យ​ទាំង​អ្នកដឹកនាំ និង​ប្រជាជន​ធ្វើការ​រួម​គ្នា ដើម្បី​អនាគត​ដ៏​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ