ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រេងដែលហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ បានសម្អាតប្រមាណជាង ៩៥ភាគរយហើយ ប៉ុន្តែលោកអះអាងថា ទោះបីជាយ៉ាងណា ក៏មិនទាន់អាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងនៅមាត់សមុទ្រនៅចំណុចនេះ ចុះមុជទឹកលេងកម្សាន្តបាននៅឡើយទេ ដោយរង់ចាំមួយរយៈពេលខ្លីសិន ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃ៤ ខែកុម្ភៈនេះថា បន្ទាប់ពីប្រេងហូរអណ្តែតមកលើឆ្នេរព្រែកត្រែងកាលពីថ្ងៃទី៣១ ខែមករា រួចមក ក្រុមការងារជំនាញបានសម្អាតប្រមាណជា ៩៥ភាគរយហើយ នៅសល់តែកំណកកម្អែលបន្តិចបន្តួចប៉ុណ្ណោះ ខណៈក្រុមការងាររបស់ក្រសួងពាក់ព័ន្ធ កំពុងមមាញឹកសម្រុកសម្អាត ដើម្បីឲ្យពលរដ្ឋចុះលេងទឹកបានឆាប់ៗនេះ ។
លោកបញ្ជាក់ថា “មកដល់ថ្ងៃទី៤ ខែកុម្ភៈនេះ ស្ថានភាពមានលក្ខណៈល្អប្រសើរច្រើនហើយ សឹងតែអាចគ្រប់គ្រងសភាពការណ៍បានអស់ហើយ។ ដោយឡែក ការសម្អាតឆ្នេរព្រែកត្រែង យើងអាចថា សម្រេចបាន ៩៥ភាគរយ វានៅសល់កំណកតិចតួច ដែលត្រូវបានរលកបក់មក។ ប្រេងដែលយើងទប់ស្កាត់បាន គឺយើងទប់រួចហើយ ប៉ុន្តែមួយចំនួនខ្លះ វានៅអណ្តែតលើផ្ទៃសមុទ្រ ហើយនៅពេលរលកបក់មក វានាំមកជាប្រភេទកំណកស្អិតៗ ដូចកៅស៊ូចឹង តិចតួចទេ” ។
ចំពោះការចុះមុជទឹកវិញ លោក ឡុង ឌីម៉ង់ ក៏បានបញ្ជាក់ថា បានដាក់ស្លាកសញ្ញាហាមឃាត់ចុះមុជទឹកក្នុងរយៈពេលខ្លីសិន ដើម្បីឲ្យអស់ប្រេងនៅលើផ្ទៃសមុទ្រ ដើម្បីធានាដល់សុខភាព។ ម្យ៉ាងទៀត នៅពេលអស់ប្រេង ក៏នឹងមានការពិនិត្យគុណភាពទឹកផងដែរ ដើម្បីធានាថាគុណភាពទឹកសមុទ្រ នឹងវិលទៅរកស្ថានភាពដូចដើមវិញ ។
អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ពីប្រភព នៃការហៀរកំពប់ប្រេងនេះ គឺបណ្តាលមកពីការធ្លាយរ៉ងបំពង់ក្នុងឃ្លាំងស្តុកប្រេង ស្ថិតនៅស្រុកស្ទឹងហាវនេះ តែម្តង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ប្រេងប្រមាណ២,០០០លីត្រ បានហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក្នុងខេត្តព្រះសីហនុ ប៉ុន្តែភ្លាមៗ ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះសម្អាត ដើម្បីទប់ស្កាត់កុំឲ្យប៉ះពាល់ដល់បរិស្ថាននៅជុំវិញនោះ ៕











ចែករំលែកព័តមាននេះ