ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់ សូម្បីតែសមត្ថកិច្ចក៏ជួយអន្តរាគមន៍មិនទាន់ដែរ ព្រោះតែទុស្សេខ្សែភ្លើងហើយឆាបឆេះលឿនពេក ហ្មត់តែម្តងម្ចាស់បានត្រឹមតែសោកស្តាយ។
ហេតុការណ៍អគ្គីភ័យលេបត្របាក់ផ្ទះអស់មួយខ្នងមួយប៉ព្រិចភ្នែកបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិត្រពាំងធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឱ្យដឹងថា ផ្ទះដែលអគ្គីភ័យបានឆេះអស់មួយខ្នងខាងលើមានទំហំប្រវែង៣ម៉ែត្រ គុណនឹង៤ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស្លឹកត្នោត ជញ្ជាំងស្លឹកត្នោត ស្ថិតនៅភូមិត្រពាំងធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជាកម្មសិទ្ធិរបស់ឈ្មោះ វង្ស សុខា ភេទប្រុស អាយុ ៣១ ឆ្នាំ (ប្តី) និង ឈ្មោះ លី សុខគា ភេទស្រី អាយុ ៤១ ឆ្នាំ (ប្រពន្ធ) រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅក្នុងហេតុការណ៍នេះរងការខូចខាត÷
-ផ្ទះ ០១ ខ្នងខូចខាតទាំងស្រុង
-សៀវភៅស្នាក់នៅ ០១ ក្បាល
-សំបុត្រកំណើត ០៤ សន្លឹក
-អត្តសញ្ញាណប័ណ្ណ ០២ សន្លឹក
-ប័ណ្ណកម្មសិទ្ធដីធ្លី(ប្លង់រឹង)០៤ សន្លឹក
-ប័ណ្ណក្រីក្រ ០១ សន្លឹក
-ប័ណ្ណបសស ០២ សន្លឹក
-ខោអាវ មុងភួយ ចានឆ្នាំង និងសម្ភារៈប្រើប្រាស់ផ្សេងមួយចំនួនថែមទៀតផង។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឱ្យឆេះផ្ទះមួយខ្នងនេះមកពីទុស្សេខ្សែភ្លើង ក្លាយជាអណ្តាតភ្លើងតែម្តង។
ចំពោះករណីនេះអធិការរដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យមានការសោកស្តាយ មិនបានចេញរថយន្តពន្លត់អគ្គីភ័យទៅជួយសង្គ្រោះទេ ដោយសារទទួលបានដំណឹងយឺតពេក ណាមួយផ្ទះនោះឆេះលឿនពេកក្នុងរយៈពេលខ្លី ប្រហែល១៥នាទី ទៅ ២០នាទី ប៉ុណ្ណោះ ទើបអន្តរាគមន៍មិនទាន់៕





ចែករំលែកព័តមាននេះ