ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារនារីរងគ្រោះ និងសន្តិសុខឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចស្រុកភ្នំស្រួច ខណៈដែលស្រវឹងស្រាហើយបានយកទូរស័ព្ទលួចថតរូបនារីម្នាក់កំពុងងូតទឹក នាងស្រែកប្រាប់ម្តាយឱ្យជួយ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹងបានទទួលជនសង្ស័យ០១នាក់ ឈ្មោះ ឃន មករា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ទទួលពីឈ្មោះ ជ ស ន ត អាយុ២៤ឆ្នាំ រស់នៅក្នុង ស្រុកភ្នំស្រួច ពាក់ព័ន្ធករណីលួចថតរូបអាក្រាត(កំពុងងូតទឹក)។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យថា បើតាមការបញ្ជាក់ពីនារីខាងលើ (ជ ស ន ត) នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល រូបខ្លួនបានងូតទឹកនៅក្នុងបន្ទប់ទឹករួមរបស់ផ្ទះជួលដែលមានចំនួន៨បន្ទប់ជាប់ៗគ្នា ស្ថិតនៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ពេលងូតរួច កំពុងផ្លាសសម្លៀកបំពាក់រូបខ្លួនក៏បានឃើញទូរស័ព្ទ០១គ្រឿង លៀនចេញពីបន្ទប់ទឹកជាប់គ្នាបែរកាមេរ៉ាមករកខ្លួន ពេលឃើញដូចនោះនាងក៏បានរុញទម្លាក់ទូរស័ព្ទនោះចូលទៅក្នុងបន្ទប់ទឹកជាប់នោះវិញ រួចបានរត់ចេញពីបន្ទប់ទឹក ទៅម្តាយឲ្យមកជួយព្រោះខ្លួនមិនទាន់ដឹងថាមនុស្សដែលនៅក្នុងបន្ទប់ទឹកនោះជាអ្នកណានោះទេ ដើម្បីហៅអ្នកដែលនៅក្នុងបន្ទប់ទឹកនោះឲ្យចេញ ពេលម្តាយនិងសន្តិសុខរបស់រោងចក្រ មកដល់ហៅចេញមកមានឈ្មោះ ឃន មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង បានឃាត់ខ្លួនប្រគល់ឱ្យនគរបាលតែម្តង។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថាក្រោយធ្វើការសាកសួរ យុវជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកទូរសព្ទដៃថតរូបទៅលើនារីជាជនរងគ្រោះកំពុងងូតទឹក ពិតប្រាកដមែន។ មូលហេតុដែលឱ្យរូបគេលួចថតរូបនារីខាងលើនោះមកពីស្រវឹងស្រា។
បច្ចុប្បន្នយុវជនដែលលួចថតរូបអាក្រាតកាយលើនារីខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕




ចែករំលែកព័តមាននេះ