សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានសុខភាពបរទេស បានឱ្យដឹងថាការពិសាគ្រឿងស្រវឹងមិនត្រឹមតែតម្រូវឱ្យយើងដឹងពីកម្រិតកំណត់របស់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែការជ្រើសរើស “គ្រឿងក្លែម” ក៏ជារឿងសំខាន់បំផុតផងដែរ។ ការញ៉ាំអាហារមិនត្រឹមត្រូវជាមួយស្រា អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងសុខភាពទូទៅរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។
ជាដំបូង អាហារដែលមានរសជាតិប្រៃខ្លាំង ដូចជាអាហារសម្រន់កញ្ចប់ ឬគ្រឿងចៀនបំពងដែលមានជាតិសូដ្យូមខ្ពស់ គឺជាអ្វីដែលអ្នកគួរចៀសវាង។ ជាតិប្រៃនឹងធ្វើឱ្យរាងកាយខ្សោះជាតិទឹក និងបង្កើនការស្រេកទឹក ដែលជាហេតុនាំឱ្យអ្នកកាន់តែចង់ផឹកស្រាបន្ថែមទៀតដោយមិនដឹងខ្លួន។ ជំនួសមកវិញ ការជ្រើសរើសបន្លែស្រស់ សាច់ដែលមានរសជាតិស្រាល ឬគ្រាប់ធញ្ញជាតិមិនដាក់អំបិល គឺជាជម្រើសដ៏ល្អប្រសើរ។
បន្ថែមពីនេះ អាហារដែលមានរសជាតិជូរខ្លាំង ដូចជាផ្លែក្រូច ឬក្រូចឆ្មារ អាចក្លាយជាសត្រូវសម្រាប់ក្រពះរបស់អ្នកនៅពេលញ៉ាំជាមួយស្រា ព្រោះវាអាចបង្កឱ្យមានជំងឺច្រាលអាស៊ីតក្រពះយ៉ាងងាយស្រួល។ ចំណែកឯ នំប៉័ង ក៏មិនគួរទទួលទានជាមួយស្រាបៀរដែរ ដោយសារវាទាំងពីរមានផ្ទុកជាតិដំបែដូចគ្នា ដែលអាចបណ្តាលឱ្យអ្នកមានអារម្មណ៍ហើមពោះ ឆ្អល់ពោះ ឬរំលាយអាហារមិនបានល្អ។
ចំណុចដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ សូដាគ្មានជាតិស្ករ ដែលមនុស្សភាគច្រើនចូលចិត្តយកមកលាយជាមួយស្រា។ ការប្រើប្រាស់ភេសជ្ជៈគ្មានជាតិស្ករនេះ អាចធ្វើឱ្យជាតិអាល់កុលស្រូបចូលទៅក្នុងឈាមលឿនជាងសូដាធម្មតា ដែលជាហេតុធ្វើឱ្យអ្នកឆាប់ស្រវឹងជាងមុន។ ជាមួយគ្នានេះដែរ អាហារដែលមានជាតិខ្លាញ់ខ្ពស់ ដូចជាអាហារចៀនខ្លាញ់ច្រើន មិនត្រឹមតែធ្វើឱ្យមុខងារក្រពះថយចុះប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើនហានិភ័យនៃជំងឺច្រាលអាស៊ីតក្រពះកាន់តែខ្លាំងផងដែរ។
ដើម្បីសុវត្ថិភាព អ្នកគួរទទួលទានអាហារឱ្យបានឆ្អែតមុនពេលចាប់ផ្តើមផឹក ញ៉ាំទឹកឱ្យបានច្រើនដើម្បីបង្គ្រប់ជាតិទឹកដែលបាត់បង់តាមរយៈទឹកនោម និងដែលសំខាន់បំផុតនោះគឺ “ពិសាដោយការទទួលខុសត្រូវ និងមិនត្រូវបើកបរនៅពេលស្រវឹង”។
សូមបញ្ជាក់៖ នេះគ្រាន់តែជាការចែករំលែកចំណេះដឹងសុខភាពបឋមប៉ុណ្ណោះ។ បើមានបញ្ហាសុខភាពខុសធម្មតា សូមស្វែងរកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីសុវត្ថិភាព និងការព្យាបាលទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ