ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើរ​លេង​កម្សាន្ត​ផ្លូវ​ថ្មើរជើង​មាត់ទន្លេ មានការ​កើនឡើង​សម្រាប់​ថ្ងៃអាទិត្យ បើ​ធៀប​ទៅ​នឹង​ថ្ងៃ​សៅរ៍​បើក​សាកល្បង​ដំបូង

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ថ្មើរជើង (walk street)​ ដែល​បាន​បើក​ឱ្យ​ដំណើរការ​សាកល្បង​ ក្នុង​រយៈពេល​២​ថ្ងៃ កន្លង​មក ​គឺ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ…

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ថ្មើរជើង (walk street)​ ដែល​បាន​បើក​ឱ្យ​ដំណើរការ​សាកល្បង​ ក្នុង​រយៈពេល​២​ថ្ងៃ កន្លង​មក ​គឺ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង១៨:០០​នាទី រហូត​ដល់​ម៉ោង២៣:០០​នាទី​យប់ នៅ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ចាប់ពី​វិ​ថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ​៩៤) រហូត​ដល់​មុខ​ព្រះ​បរមរាជវាំង ស្ថិត​នៅក្នុង​ខណ្ឌដូនពេញ ពិតជា​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ មក​ដើរ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ដោយ​ចំនួន​ភ្ញៀវ​បាន​កើន​ឡើងជា​លំដាប់​ ។

លោកស្រី ​ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល​ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ ផ្លូវ​ថ្មើរជើង (walk street) ​ដែល​បាន​បើក​ឱ្យ​ដំណើរការ​សាកល្បង​ក្នុង​រយៈពេល​២​ថ្ងៃនេះ ឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ មក​ដើរ​លេង​កម្សាន្ត​ច្រើន​ បើ​ប្រៀបធៀប​នៅ​ថ្ងៃ​ទី​១​ និង​ថ្ងៃ​ទី​២ ​នៃ​ការ​បើក​ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ថ្មើរជើង (walk street)​នេះ សម្រាប់​ថ្ងៃ​ទី​២ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​មក​ដើរ​លេង​កម្សាន្ត​ច្រើន​ជាង​ថ្ងៃ​ទី​១​។ ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ស​ន្ទ​ស្សន៍​កើនឡើង​ ហើយ​​សង្ឃឹមថា ក្រោយ​ពី​យើង​ធ្វើការ​កែសម្រួល ជា​បន្តបន្ទាប់​ទៀត ដូច​ជាការ​រៀបចំ​ស្តង់​ម្ហូបអាហារ ការ​ប្រគំ​តន្ត្រីសម័យ បុរាណ ការ​គូរគំនូរ កន្លែង​លេង​សៀ​ក​រហ័ស​កម្ម​ជាដើម​នោះ កំណើត​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​នឹង​កើនឡើង ច្រើន​ជាង​នេះ​ទៀត ​។

លោកស្រី​ ដោ សម្ផស្ស ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ទីតាំង​នេះ បាន​ចូលរួម​គាំទ្រ ​និង​សហការ​ជាមួយ​អាជ្ញាធរ​បាន​យ៉ាង​ល្អ ដែល​វា​នឹង​ធ្វើ​ឱ្យ​គម្រោង​បើកផ្លូវ​ថ្មើរជើង (walk street)​នេះ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​។ ចំពោះ​ប្រជាពលរដ្ឋ ​ដែល​ពួក​គាត់​ទៅ​ដើរ​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង​និយាយ​ថា គម្រោង​នេះ​ល្អ ពួក​គាត់​គាំទ្រ​ពេញទំហឹង​ ។

គួរ​បញ្ជាក់​ថា​ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការ​សាកល្បង​ផ្លូវ​ថ្មើរជើង (Walk Street)​នេះ ​ត្រូវធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដោយ​ចាប់ពី​ម៉ោង ១៨:០០​នាទី រហូត​ដល់​ម៉ោង ២៣:០០​នាទី​យប់ នៅ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ចាប់ពី​វិ​ថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ​៩៤) រហូត​ដល់​មុខ​ព្រះ​បរមរាជវាំង ស្ថិត​នៅ ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ដើម្បី​ឱ្យ​ដំណើរការ​បើក​សាកល្បង​ផ្លូវ​ថ្មើរជើង (Walk Street) ប្រកបដោយ​ជោគជ័យ រក្សា​បាន​នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ស្នើ​សុំ​បិទផ្លូវ និង​ពង្វាង​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​តាម​ពេលវេលា និង​ម៉ោង​ដែល​បាន​កំណ​ង់​ដើម្បី​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ថ្មើរជើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ