រាជធានីភ្នំពេញ ៖ ក្លិបបាល់ទាត់វិសាខា ក្រោយពីបានប្រកាសចែកផ្លូវគ្នា ជាមួយលោកគ្រូ Jurgis Kalns ជនជាតិឡាតវី មកពីទ្វីបអឺរ៉ុប បានដាក់ការរំពឹងខ្ពស់ ក្នុងការស្វែងរកគ្រូ ដើម្បីជំនួសតំណែងដ៏សំខាន់មួយនេះ នេះបើតាមការលើកឡើងរបស់កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការគ្រប់គ្រងក្លិបបាល់ទាត់វិសាខា នៅក្នុងសន្និសិទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ នៅក្លិបបាល់ទាត់វិសាខា ។
កញ្ញា អ៊ូ បញ្ញាសុកិត្យា បានឱ្យដឹងថា មូលហេតុដែលនាំឱ្យក្លិបវិសាខា រៀបចំធ្វើសន្និសិទសារព័ត៌មាននេះឡើង ដើម្បីស្រាយចម្ងល់ផ្សេងៗ ដែលបណ្ដាញសង្គមមួយចំនួន មានការមិនអស់ចិត្ត ពីរឿងការចែកផ្លូវគ្នារវាងគ្រូជនជាតិអឺរ៉ុបមួយនេះ ជាមួយក្លិបបាល់ទាត់វិសាខា នៅមុនបញ្ចប់កិច្ចសន្យា កញ្ញា អ៊ូ បញ្ញាសុកិត្យា តំណាងឱ្យក្លិបបាល់ទាត់វិសាខា បានលើកឡើងថា ជារឿងធម្មតានោះទេ ក្នុងនាមជាប្ដីប្រពន្ធ បើរស់នៅមិនចុះសម្រុងនឹងគ្នា វិធីម្យ៉ាងគត់មានតែចែកផ្លូវគ្នាដើរប៉ុណ្ណោះ កញ្ញាមិនបានបន្ទោសថា ខាងត្រូវខាងណាខុសនោះឡើយ ព្រោះថា ទាំងសងខាង ប្រកាន់នូវគោលការណ៍រៀងៗខ្លួន។ ម្យ៉ាងវិញទៀត រយៈពេលកន្លងមក ខាងក្លិបមិនដែលលូកដៃក្នុងការដោះដូកីឡាករ ដែលនាំឱ្យមានការប៉ះពាល់ទៅដល់ការងារបច្ចេកទេសរបស់គ្រូបង្វឹកនេះទេ ។
ទន្ទឹមជាមួយនឹងការបញ្ចប់កិច្ចសន្យានេះដែរ កញ្ញាក៏បានទទួលស្គាល់នូវការខាតបង់ផលប្រយោជន៍ដ៏យ៉ាងធំធេង ព្រោះថា បើយើងយកអ្នកណាមកម្នាក់ជាគ្រូ ឬជាកីឡាករនោះទេ សុទ្ធតែជាការបណ្ដាកទុន ហើយសម្រាប់ការបណ្ដាក់ទុន កន្លងមកនេះទៀត គឺស្មើនឹងសូន្យ ដូច្នេះសម្រាប់ការចាកចេញមួយនេះទៀត អ្នកដែលទទួលបន្ទុកធ្ងន់ គឺខាងក្លិប យើងមានការបាត់បង់គ្រប់យ៉ាង បូករួមទាំងស្មារតីក្រុមឡើងទៅ ។
កញ្ញា អ៊ូ បញ្ញាសុកិត្យា ទទួលស្គាល់ថា កន្លងមក ក្លិបបាល់ទាត់វិសាខា ធ្លាប់រងនូវការរិះគន់លើបញ្ហាផ្សេងៗច្រើនជាងគេនៅលើបណ្ដាញសង្គម ប៉ុន្តែក្លិបមិនដែលបានចេញមកធ្វើការបកស្រាយនោះទេ ដោយសាតែបានប្រកាន់គោលជំហររក្សាសុភាពរាបសារ តាមអត្តចរិកថ្នាក់ដឹកនាំកំពូលរបស់ក្លិប និងមានចក្ខុវិស័យវែងឆ្ងាយ ជាជាងយកបញ្ហាមកគិត។ គោលដៅចម្បងរបស់ក្លិបបាល់ទាត់វិសាខា គឺបានផ្ដោតសំខាន់ទៅលើ៤ ចំណុចធំៗ រួមមាន ៖ ទី១. ចង់ឱ្យឈុតធំឈ្មះដើម្បីលើកពាន ប៉ុន្តែមុនឈានទៅដល់ការលើកពានយើងក៏បានផ្ដោតសំខាន់ទៅលើការរួមចំណែកវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យដើរទៅមុខផងដែរ ។ ទី២. ផ្តោតទៅលើឈុតយុវជន ដើម្បីធ្វើការបណ្ដុះបណ្ដាលតាំងពីតូច ថ្ងៃក្រោយឱ្យពួកគេក្លាយជាកីឡាករជម្រើសជាតិ ។ ទី៣. ការអភិវឌ្ឍធនធានគ្រូបង្វឹក ។ និងទី៤. គឺហេដ្ឋរចនាសម្ព័ន្ធ ។
កញ្ញាបានបន្តឱ្យដឹងទៀតថា មូលហេតុដែលក្លិបវិសាខា ជួលគ្រូបរទេសមកង្ហាត់គោលបំណាងសំខាន់ គឺដើម្បីឱ្យគ្រូខ្មែរយើងទទួលបានបទពិសោធ មកពីក្រៅប្រទេស មកជាមួយតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ក្លិបក៏មានបំណងបញ្ជូនគ្រូបង្ហាត់ខ្មែរយើងឱ្យទៅចូលរួមវគ្គសិក្សានៅក្រៅប្រទេសគ្រប់កម្រិតផងដែរ ។
កញ្ញា អ៊ូ បញ្ញាសុកិត្យា សំណូមពរទៅដល់មហាជនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ទាំងអស់សូមចូលរួមគាំទ្រវិស័យបាល់ទាត់ខ្មែរយើងឱ្យបានច្រើន ជៀសវាងការបណ្ដុះបង្អាប់ ដែលនាំឱ្យកីឡាករមានការបាក់ទឹកចិត្ត មិនថា ក្លិប ឬក្រុមជម្រើសជាតិនោះទេ។ យើងម្នាក់សុទ្ធតែចង់ឱ្យវិស័យកីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើន ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ទោះបីថ្ងៃហ្នឹងចាញ់ ថ្ងៃស្អែកយើងឈ្មះ ក៏មិនដឹងព្រោះលទ្ធផលយ៉ាងណា យើងមិនដឹងនោះទេ ព្រោះយើងមិនមែនជាអ្នក ដែលនៅលើទីលានប្រកួតជាក់ស្ដែង ប៉ុន្តែអ្វីដែលសំខាន់កំបំបាក់ទឹកចិត្ត កញ្ញាសំណូមពរទៅដល់អ្នកគាំទ្រចេញពីចិត្តពិតប្រាកដ។ ហើយបើនិយាយពីការចែកផ្លូវគ្នា ជាមួយលោក Jurgis Kalns វិញ ក្លិបមានភាគរយខ្ពស់ក្នុងកាសម្លឹងមើលគ្រូបង្ហាត់មកពីទ្វីបអាស៊ីជំនួស ព្រោះជនជាតិអាស៊ីដូចគ្នា មានការយល់ចិត្តគ្នា បូករួមទាំងបច្ចេកទេស ហ្វឹកហាត់ឡើងទៅ ។
គួរម្លឹកថា លោក Jurgis Kalns ជនជាតិឡាតវី បានប្រកាសតែងតាំងជាគ្រូបង្ហាត់ក្រុមបាល់ទាត់ឈុតធំ ក្លិបវិសាខា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ តែមិនត្រូវបានគេឱ្យដឹងថា កិច្ចសន្យានេះ មានរយៈពេលប៉ុន្មានឆ្នាំនោះទេ គ្រាន់តែដឹងថា បានចែកផ្លូវគ្នា នៅត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រោយពីបានប្រកួតចាញ់ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ នៃព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឆ្នាំ២០២៤-២០២៥ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ក្នុងសប្ដាហ៍ទី១៩ ជុំទី២ ឆ្នាំ២០២៥ ក្នុងលទ្ធផល ៤-២ ធ្វើឱ្យក្លិបបាល់ទាត់វិសាខា ស្ថិតនៅលេខរៀងទី៣ ក្នុងតារាង ក្នុងចំណោម១៨ប្រកួត មាន៣៨ពិន្ទុ ដែលមាន១១ក្រុមចូលរួម ខណៈឈរនៅលេខរៀងទី១ ក្រុមបាល់ទាត់ភ្នំពេញក្រោន ប្រកួតបាន១៧លើក មាន៤៤ពិន្ទុ លេខរៀងទី២ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ១៧ប្រកួតមាន៤៣ពិន្ទុ ៕
ចែករំលែកព័តមាននេះ