បុគ្គលិកសង្គមស៊ីវិល និងអ្នកជំនាញការកម្ពុជាមិនតិចពាន់នាក់ឡើយ ដែលកំពុងតែរងគ្រោះដោយសារតែការសម្រេចចិត្តបង្កកជំនួយរបស់លោក ដូណាល់ ត្រាំ កាលពីចុងខែមករា ឆ្នាំ២០២៥កន្លងទៅ ក្រោយលោកឡើងកាន់តំណែងជាប្រធានាធិបតីអាណត្តិទី២ ។ អ្នកដែលកំពុងតែប្រឈមមុខនឹងបញ្ហាការងារ…
បុគ្គលិកសង្គមស៊ីវិល និងអ្នកជំនាញការកម្ពុជាមិនតិចពាន់នាក់ឡើយ ដែលកំពុងតែរងគ្រោះដោយសារតែការសម្រេចចិត្តបង្កកជំនួយរបស់លោក ដូណាល់ ត្រាំ កាលពីចុងខែមករា ឆ្នាំ២០២៥កន្លងទៅ ក្រោយលោកឡើងកាន់តំណែងជាប្រធានាធិបតីអាណត្តិទី២ ។
អ្នកដែលកំពុងតែប្រឈមមុខនឹងបញ្ហាការងារ និងបញ្ហាជីវភាពរស់នៅក្នុងរយៈពេលប្រមាណជា៩០ថ្ងៃក្រោមការសម្រេចចិត្តបង្កក និងសើរើឡើងវិញនៃកម្មវិធីជំនួយដែលជាផ្នែកមួយនៃការរឹតបន្តឹងការចំណាយថវិការដ្ឋរបស់លោក ដូណាល់ ត្រាំ នៅកម្ពុជានៅពេលនេះមានច្រើនវិស័យ ។ ពួកអ្នកទាំងនោះត្រូវបានគេដឹងថា មានតាំងពីអ្នកបោសសំអាតគ្រាប់មិនទាន់ផ្ទុះ បុគ្គលិកអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ការតស៊ូមតិ លទ្ធិប្រជាធិបតេយ្យ បរិស្ថាន សុខភាព កសិកម្ម និងអប់រំជាដើម ។
ពាក់ព័ន្ធនឹងផលប៉ះពាល់នៃការសម្រេចចិត្តបង្កកកម្មវិធីជំនួយរបស់សហរដ្ឋអាមេរិក លោកទេសរដ្ឋមន្ត្រី លី ធុជ ដែលជាអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានធ្លោយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ថា គ្រាន់តែសម្រាប់កម្មវិធីមីនមួយ អ្នកដោះមីនប្រមាណជាជាង១០០០នាក់អាចត្រូវប្រឈមមុខនឹងការផ្អាកការងារនៅក្នុងរយៈពេលនៃការបង្កកជំនួយនេះ ។ លោកបានបង្ហើបថា លើផ្នែកមីននេះ កម្ពុជាបានទទួលជំនួយពីសហរដ្ឋអាមេរិកប្រមាណជា១០លានដុល្លារនៅក្នុងមួយឆ្នាំ ។
ក្រោយការលើកឡើងបែបនេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងជាចំហថា សកម្មភាពរបស់ស៊ីម៉ាក់ ដែលមានមូលដ្ឋាននៅ៨ខេត្ត គឺខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្ន រយៈពេល៨៥ថ្ងៃ គិតពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី ។
លោកបានលើកឡើងថា ការផ្អាកប្រតិបត្តិការនេះមូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកមកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នោះត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអេភី បានឲ្យដឹងថា កម្មវិធីជំនួយដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅជុំវិញពិភពលោក កំពុងធ្វើការសម្រេចចិត្តបញ្ឈប់ការងារបុគ្គលិក ឬផ្អាកប្រតិបត្តិការ ឬក៏រៀបចំ ដើម្បីបញ្ឈប់ប្រតិបត្តិការ ដោយសារការបង្កកដែលមិនធ្លាប់មានពីមុនមករបស់រដ្ឋបាល លោក ត្រាំ លើកម្មវិធីជំនួយបរទេសស្ទើរតែទាំងអស់ កាលពីចុងខែមករា កន្លងទៅ ។
គេនៅមិនទាន់ដឹងច្បាស់ទេថា តើការសម្រេចចិត្តបង្កកជំនួយនេះ មានប៉ះពាល់ដល់បុគ្គលិក និងប្រតិបត្តិការនៃកម្មវិធីទាំងអស់ប៉ុន្មាននោះទេ ដោយគ្រាន់តែដឹងថា កាលពីរដ្ឋបាលលោក ចូ បៃដិន នៅកាន់អំណាចជាពិសេស គឺនៅក្នុងឆ្នាំ២០២៣ កម្មវិធីជំនួយរបស់សហរដ្ឋអាមេរិកមានទឹកប្រាក់សរុបប្រមាណជាជាង៧០ពាន់លានដុល្លារ ។
សម្រាប់កម្ពុជាមួយគេដឹងថា យន្តការនៃកម្មវិធីជំនួយដែលកម្ពុជាទទួល គឺភាគច្រើនតាមរយៈច្រកមួយ គឺកម្មវិធីដែលគ្រប់គ្រងនឹងដំណើរការដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។
តាមដែលគេដឹងថា សម្រាប់ឆ្នាំ២០២៥នេះទឹកប្រាក់ជំនួយដែលគ្រប់គ្រងប្រតិបត្តិការដោយ USAID នៅទូទាំងពិភពលោក គឺមានទំហំប្រមាណជា ២២,៦ ពាន់លានដុល្លារ ហើយសម្រាប់កម្ពុជាគេមិនដឹងប៉ុន្មានឲ្យប្រាកដនៅឡើយ ។
គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០២៣ នៅពេលដែល លោកស្រី សាម៉ានថា ផៅវ័ ( Samantha Power) រដ្ឋបាល នៃUSAID មកបំពេញទស្សនៈកិច្ចនៅកម្ពុជា គឺលោកស្រី បានប្រកាសផ្តល់ជំនួយជាង១៧ លានដុល្លារ ដើម្បីកែលម្អការថែទាំសុខភាព និង២៩លានដុល្លារសម្រាប់កម្មវិធី ដើម្បីពង្រឹងវិស័យកសិកម្ម និងស្បៀងអាហារ ។
ទីភ្នាក់ងារជំនួយអាមេរិក USAID របស់អាមេរិកដែលកំពុងតែស្ថិតនៅក្នុងការបង្កក៩០ថ្ងៃដែរនោះក៏បានផ្តល់ប្រាក់ជាង ៦លានដុល្លារសម្រាប់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងគំនិតផ្តួចផ្តើមការងារ រួមជាមួយនឹងជំនួយ ៣លានដុល្លារទៀតសម្រាប់គាំទ្រដល់កិច្ចសហការ និងឱកាសសម្រាប់ជនពិការ ។
សរុបទៅរាល់បុគ្គលិក និងអ្នកជំនាញការនានាដែលកំពុងតែធ្វើការក្រោមជំនួយដោយសហរដ្ឋអាមេរិក គឺកំពុងតែប្រឈមនឹងហានិភ័យអត់ការងារធ្វើ មួយត្រីមាស ហើយក្រោយពេលកាលកំណត់នៃការបង្កកនេះដល់ឱសាន្តវាទគេក៏នៅតែមិនដឹងថា តើលោកត្រាំនឹងសម្រេចយ៉ាងណាទៀតនៅឡើយទេ ។
ដោយឡែកវិស័យដែលកំពុងតែជួយក្រោមគម្រោងជំនួយខាងលើក៏មានផលប៉ះពាល់គួរសមដែរសម្រាប់កម្ពុជា ដូច្នេះសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងពិនិត្យពីភាពចាំបាច់នៃគម្រោងហើយសម្របសម្រួល និងត្រៀមសេណារីយ៉ូទុកជាមុន ដើម្បីធានា និងជួយកាត់បន្ថយផលប៉ះពាល់ចំពោះសង្គម ជាពិសេស គឺវិស័យអប់រំ និងសុខាភិបាល ដែលជាសរស្តម្ភនៃការធានាសុខមាលភាពសង្គមកម្ពុជា ៕
ចែករំលែកព័តមាននេះ