Aston Villa ខ្ចីជើង Rashford ពី Man UTD និងត្រៀមស្វាគមន៍អតីតកីឡាករឆ្នើម Real Madrid ម្នាក់ទៀត
ចក្រភពអង់គ្លេស ៖ ក្លិប Aston Villa បានបញ្ចប់ការចុះហត្ថលេខាលើលក្ខខណ្ឌខ្ចីជើងកីឡាករ Marcus Rashford ពីក្លិប Manchester…
ចក្រភពអង់គ្លេស ៖ ក្លិប Aston Villa បានបញ្ចប់ការចុះហត្ថលេខាលើលក្ខខណ្ឌខ្ចីជើងកីឡាករ Marcus Rashford ពីក្លិប Manchester…
ចក្រភពអង់គ្លេស ៖ ក្លិប Aston Villa បានបញ្ចប់ការចុះហត្ថលេខាលើលក្ខខណ្ឌខ្ចីជើងកីឡាករ Marcus Rashford ពីក្លិប Manchester United កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ២៧ឆ្នាំរូបនេះ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ចប់រដូវកាលនេះ ដោយមកជាមួយជម្រើសផ្ទេរជាអចិន្ត្រៃយ៍នៅក្នុងតម្លៃ៥០លានដុល្លារ។
ប្រភពពី BBC បានរាយការណ៍ថា Aston Villa ដែលបច្ចុប្បន្នកំពុងមានកៅអីលេងពានរង្វាន់ UEFA Champions League ត្រូវបង់ ៧៥% នៃប្រាក់ឈ្នួលចំនួន ៣៩៨០០០ដុល្លារក្នុងមួយសប្តាហ៍របស់ Rashford។
ខ្សែប្រយុទ្ធឆ្នើមក្រុមតោកំណាចអង់គ្លេសរូបនេះ បានបង្ហោះសារមួយលើបណ្តាញសង្គម Instagram ថា «ខ្ញុំសូមអរគុណដល់ Manchester United និង Aston Villa ដែលបានធ្វើឱ្យកិច្ចព្រមព្រៀងខ្ចីជើងនេះកើតឡើង។ ខ្ញុំមានសំណាងណាស់ដែលមានក្លិបមួយចំនួនចាប់អារម្មណ៍ ប៉ុន្តែ Aston Villa គឺជាការសម្រេចចិត្តដ៏ងាយស្រួលមួយ ខ្ញុំពិតជាកោតសរសើរចំពោះទម្រង់លេងពួកគេនៅរដូវកាលនេះ និងមហិច្ឆតាអ្នកចាត់ការទូទៅក្រុមមួយនេះ។ ខ្ញុំគ្រាន់តែចង់លេងបាល់ទាត់ប៉ុណ្ណោះ ហើយរំភើបនឹងចាប់ផ្ដើម ខ្ញុំសូមជូនពរអ្នករាល់គ្នានៅ Manchester United ទទួលបានលទ្ធផលល្អបំផុតសម្រាប់រដូវកាលនេះ»។
Rashford ដែលស៊ុតបញ្ចូលទីបាន ១៣៨គ្រាប់ពីការបង្ហាញខ្លួន ៤២៦ប្រកួតសម្រាប់ Man Utd បាត់មុខពីទីលានប្រកួត ចាប់តាំងពីការឈ្នះនៅពានរង្វាន់ UEFA Europa League លើក្រុម Viktoria Plzen កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីមានរឿងចម្រូងចម្រាស ក្រោយអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ លោក Ruben Amorim អះអាងថា Rashford ធ្វើមិនបានល្អអំឡុងការហ្វឹកហាត់ ទើបលោកសម្រេចមិនបញ្ចូលកីឡាកររូបនេះក្នុងបញ្ចីក្រុមអស់១២ប្រកួតកន្លងមកនេះ។
ប្រភពពី BBC ដដែលបានរាយការណ៍បន្ថែមថា បន្ទាប់ពីយកបាន Rashford នៅក្នុងលក្ខខណ្ឌខ្ចីជើងហើយនោះ Aston Villa ក៏កាន់តែខិតជិតសម្រេចការចុះហេត្ថលេខាលើលក្ខខណ្ឌខ្ចីជើងខ្សែបម្រើប្រយុទ្ធ Marco Asensio ពីក្លិបសេដ្ឋីបារាំង PSG រហូតដល់បញ្ចប់រដូវកាលនេះផងដែរ។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ២៩ឆ្នាំ ដែលឈ្នះពានរង្វាន់ Champions League ៣លើកជាមួយ Real Madrid រូបនេះ ស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន៤៧ប្រកួត សម្រាប់ PSG ចាប់តាំងពីផ្ទេរចេញពី Real Madrid កាលពីឆ្នាំ២០២៣ និងក្រុមយក្សបារាំងមួយនេះ ឈ្នះជើងឯកលីគកំពូលបារាំងនៅឆ្នាំ ២០២៤ ផងដែរ។
លោក Unai Emery អ្នកចាត់ការទូទៅក្រុម Aston Villa បានបញ្ជាក់ថា លោកត្រូវការកីឡាករចំនូលថ្មីជាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ក្រុម ខណៈដែលបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី៨ នៃក្របខណ្ឌ English Premier League ក៏ដូចជាបញ្ចប់នៅចំណាត់ថ្នាក់ទី៨ វគ្គជម្រុះក្នុងលីគតែមួយ ពានរង្វាន់ Champions League យ៉ាងភ្ញាក់ផ្អើល និងបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ៕ ដកស្រង់ ៖ BBC និង ESPN
ចែករំលែកព័តមាននេះ