រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីចូលលួចយកទូរសព្ទពលរដ្ឋក្នុងបន្ទប់បានសម្រេចបំរុងយកទៅលក់ តែត្រូវម្ចាស់តាមទាន់ចាប់ប្រគល់អោយទៅសមត្ថកិច្ច ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅខាងក្រោយផ្សារឯករាជ្យ១ ចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ រឿន ឆៃរ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើការងាររោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិកេីតហេតុខាងលើ មានស្រុកកំណើតនៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
តាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ទូរសព្ទបានឲ្យដឹងថា នៅពេលកេីតហេតុវេលាម៉ោង១០ព្រឹកថ្ងៃ កើតហេតុ ខណៈជនរងគ្រោះកំពុងតែចូលទៅងូតទឹក ដោយទុកទូរសព្ទបញ្ចូលចោលនូវបន្ទប់ដេកនៅពេលនោះ ជនសង្ស័យឃេីញឱកាសល្អក៏បេីកទ្វារចូលទៅលួចយកទូរសព្ទសម្រេចរួចហើយរត់គេចខ្លួនទៅបាត់ជាច្រើនម៉ោង លុះដល់វេលាម៉ោងកេីតហេតុខាងលើពេលដែលម្ចាស់ទូរសព្ទទៅមេីលគេលេងបុកប៊ីយ៉ែក៏ឃើញទូរសព្ទនៅនឹងជនសង្ស័យ ។ បន្ទាប់មកក៏បានហៅបងប្អូនអោយមកជួយចាប់ឃាត់ខ្លួនជនសង្ស័យទុកតែម្ដង រួចហើយប្រគល់អោយទៅសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍ដេីម្បីសួរនាំបន្ត ។
តាមប្រភពដដែលបានបន្តទៀតថា មូលហេតុដែលជនសង្ស័យលួចយកទូរសព្ទបំរុងយកទៅលក់នោះដោយសារតែខ្វះខាតអត់មានលុយទិញបាយហូប ពីព្រោះមិនទាន់ដល់ថ្ងៃបេីកប្រាក់ខែរោងចក្រទេីបខ្លួនដាច់ចិត្តប្រព្រឹត្តបទល្មើស ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌដេីម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្ដឹងរួចចំណែកទូរសព្ទសមត្ថកិច្ចបានប្រគល់អោយទៅម្ចាស់ដើមយកទៅវិញ ៕
ចែករំលែកព័តមាននេះ