ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កងទ័ពជើងទឹក​ភូមិន្ទកា​ណា​ដាចូល​ចត​នៅ​​​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​​​៤​ថ្ងៃ

21 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវា​កងទ័ពជើងទឹក​ភូមិន្ទ​កា​ណា​ដា​-​អូ​តា​វ៉ា (HMCS Ottawa) បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ រយៈពេល​៤​ថ្ងៃ…

ខេត្តព្រះសីហនុ ៖ នាវា​កងទ័ពជើងទឹក​ភូមិន្ទ​កា​ណា​ដា​-​អូ​តា​វ៉ា (HMCS Ottawa) បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១-៤ ខែកុម្ភៈ គឺ​ក្នុង​ដំណើរ​ទស្សនកិច្ច​ល្បាត​។

យោង​តាម​ស្ថានទូត​កា​ណា​ដានៅ​រាជធានី​ភ្នំពេញបានឱ្យ​ដឹង​ថា កងទ័ពជើងទឹក​ភូមិន្ទ​កា​ណា​ដា (RCN) នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ ជាមួយ​ភាគី​ជា​មិត្ត​ក្នុង​តំបន់ ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ និង​រឹត​បន្តឹង​ចំណងមិត្តភាព ដែល​រួម​មានការ​ល្បាត​បង្ហាញ ការ​លេង​កីឡា និង​កម្មវិធី​ចម្រុះ​ក្នុង​សហគមន៍​។​

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ដើមឆ្នាំ ឆ្នាំ​២០២៥ ប្រទេស​កា​ណា​ដា មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុង​ការ​ប្រកាស​អំពី​ដំណើរ​ទស្សនកិច្ច របស់​នាវា​កងទ័ពជើងទឹក​ភូមិន្ទ​កា​ណា​ដា អូ​តា​វ៉ា (HMCS Ottawa) ដែល​បាន​ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា ដោយ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ពី​លោក​វរៈ​នា​វី​ឯក មាន សា​វឿ​ន មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម រួម​ជាមួយ​នាយ​នាយ​រង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ក៏​ដូច​ជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​អាជ្ញាធរ​ខេត្ត​ផង​ដែរ​។

លោក​វរៈ​នា​វី​ឯក មាន សា​វឿ​ន មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម បាន​ជូនពរ​ឱ្យ​ដំណើរ​ទស្សនកិច្ច របស់​នាវា​កងទ័ពជើងទឹក​កា​ណា​ដា លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​រយៈពេល ៤ ថ្ងៃ​ទទួល​បាន​ជោគជ័យ និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រក្សា​សន្តិសុខ​លើ​ផ្ទៃសមុទ្រ ទទួល​បាន​លទ្ធផល​ជា​ផ្កា​ផ្លែ​។

លោក Adriano Lozer មេបញ្ជាការ​នាវា HMCS OTTAWA បាន​មាន​ប្រសាសន៍​ថា​៖ ក្នុង​នាម​ជា​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) កម្ពុជា​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​រក្សា​ស្ថិរភាព​ក្នុង​តំបន់​។ ដំណើរ​ទស្សនកិច្ច​របស់ HMCS Ottawa នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​កម្ពុជា​-​កា​ណា​ដា ព្រមទាំង​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​គោរព​ច្បាប់​អន្តរជាតិ​។ ក្នុង​នាម​ជា​ប្រជា
ជាតិ​នៃ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ការ​ពង្រឹង​ទំនាក់ទំនង​ដ៏​រឹង​មាំ​ជាមួយ​ដៃគូ​ក្នុង​តំបន់ គឺជា​អាទិភាព​មួយ ហើយ​កា​ណា​ដា​មាន​បំណង​ជា​ចម្បង ក្នុង​ការ​សហការ​ជាមួយ​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត​។

លោក​បន្ថែម​ថា ប្រទេស​កា​ណា​ដា មាន​ប្រវត្តិ​យ៉ាង​សំខាន់ ក្នុង​ការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរ​ជាតិ ដើម្បី​នាំ​មក​នូវ​សន្តិភាព និង​ស្ថិរភាព​ដល់​កម្ពុជា​។ ទាហាន​កា​ណា​ដា ចំនួន​ជាង ១.០០០​នាក់ ធ្លាប់​បាន​មក​បំពេញបេសកកម្ម នៅ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៥៤​មក​។ ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​កា​ណា​ដា បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ប្រទេស​កា​ណា​ដា គឺជា​ម្ចាស់​ជំនួយ​ធំ​ជាងគេ​ទី​១០ របស់​កម្ពុជា សម្រាប់​ជំនួយ​អភិវឌ្ឍន៍ ដែល​មាន​ទឹកប្រាក់ ២៣,១ លាន​ដុល្លារ​កា​ណា​ដា​ក្នុង​ឆ្នាំ ២០២២-២០២៣​។

ប្រទេស​កា​ណា​ដា បាន​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ សម្រាប់​រៀបចំ​សន្និបាត​ស្តី​ពី​ការ​ហាមប្រាម​មីន​ប្រឆាំង​មនុស្ស (​ហៅ​ម្យ៉ាងទៀត​ថា អនុសញ្ញា​អូ​តា​វ៉ា​) នៅ​ខេត្តសៀមរាប នា​ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​កា​ណា​ដា​បាន​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម ចំនួន ២.១ លាន​ដុល្លា​ទៀត បន្ថែម​ពីលើ​ថវិកា​ជំនួយ​ជាង​៥០​លាន​ដុល្លារ ដែល​មាន​ស្រាប់​របស់​កា​ណា​ដា សម្រាប់​កម្ពុជា​ក្នុង​ការ​បោសសម្អាតមីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។

ឯកអគ្គរាជទូត​កា​ណា​ដា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី Ping Kitnikone នឹង​អញ្ជើញ​ជា​ធិ​បតី ក្នុង​ពិធី​ទទួល​បដិសណ្ឋារកិច្ច​នៅ​លើ​នាវា នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​ដំណើរ​ទស្សនៈកិច្ច​នេះ គឺជា​ការ​បង្ហាញ​អំពី​សារៈសំខាន់ នៃ​ទំនាក់ទំនង​កម្ពុជា​-​កា​ណា​ដា និង​គូសបញ្ជាក់​នូវ​ការ​ចូលរួម​កាន់តែ​ស៊ីជម្រៅ នៅ​ក្នុង​តំបន់​អាស៊ាន និង​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​របស់​ប្រទេស​កា​ណា​ដា​។

ដំណើរ​ទស្សនកិច្ច​តាម​នាវា នេះ​គឺជា​ឱកាស​មួយ​ដ៏​មាន​មាន​តម្លៃ ដើម្បី​បង្ហាញ​ពី​ភាព​ជា​ដៃគូ​ដ៏​សំខាន់ ដែល​កា​ណា​ដា​កំពុង​បន្ត​ក្នុង​កិច្ច​សហប្រតិបត្តិការ ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ