ទីក្រុងរ៉ង់ហ្គូន៖ ថ្មីៗនេះ របបសឹកមីយ៉ាន់ម៉ាបានលើកលែងទោស ឬបន្ធូរបន្ថយទោសទណ្ឌិតជាច្រើននាក់ពីពន្ធនាគារ។ នៅឯពន្ធនាគារអ៊ីនសេន (Insein) នៅថ្ងៃនេះ គេឃើញថាក្រុមគ្រួសារអ្នកទោស និងអ្នកជាប់ឃុំមានចិត្តសប្បាយរីករាយណាស់នៅពេលបានជួបជុំគ្នាវិញ។ នេះផ្នែកមួយនៃការលើកលែងទោសនៅក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់មុនពេលប្រទេសមីយ៉ាន់ម៉ារៀបចំការបោះឆ្នោតសាកលនាដើមខែធ្នូ។

រថយន្តបឺសយ៉ាងតិច៨គ្រឿងដែលដឹកអ្នកទោសត្រូវបានស្វាគមន៍យ៉ាងកងរំពងដោយសាច់ញាតិ និងមិត្តភក្ដិរបស់ពួកគេដែលរង់ចាំយ៉ាងត្រៀបត្រានៅខាងក្រៅមាត់ច្រកចេញចូលនៃពន្ធនាគារប្រចាំទីក្រុងរ៉ង់ហ្គូនមួយនេះ។ របបសឹកបានលើកលែងទោសទណ្ឌិតជាង៣ពាន់នាក់ដែលប្រឆាំងនឹងរបបដឹកនាំរបស់ពួកគេ និងទម្លាក់ចោលការចោទប្រកាន់ទៅលើជនសង្ស័យ៥៥០០នាក់។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាអឹមអ័រធីវី (MRTV)។

មន្ត្រីដែលបម្រើការនៅពន្ធនាគារអ៊ីនសេនដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ថាការដោះលែងទណ្ឌិត និងអ្នកជាប់ឃុំនឹងចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍តទៅ។ មន្ត្រីរូបនេះមិនបាននិយាយថានឹងដោះលែងប៉ុន្មាននាក់ ឬដោះលែងអ្នកណាខ្លះទេ។ ទោះជាយ៉ាងណាក្ដី គេដឹងច្បាស់ថានៅក្នុងចំណោមអ្នកដែលត្រូវដោះលែងទាំងនោះគ្មានទេឈ្មោះរបស់លោកស្រីអង់សានស៊ូជី។

ទូរទស្សន៍មីយ៉ាន់ម៉ាផ្សាយថាក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិដែលជាស្ថាប័នគ្រប់គ្រងដោយពួកយោធាបានលើកលែងទោសទណ្ឌិតសរុប៣០៨៥នាក់ដែលត្រូវបានតុលាការផ្ដន្ទាទោសពីបទញុះញង់ ឬផ្សព្វផ្សាយព័ត៌មានមិនពិត។ ទោសនេះអាចជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ។ ទណ្ឌិត៧២៤នាក់ដោះលែងដោយមានលក្ខខណ្ឌ។ មានន័យថាបើសិនពួកគេមិនព្រមកែខ្លួនទេ តុលាការអាចបង្គាប់ឱ្យចាប់ពួកគេដាក់ឃុំវិញ។ ក្រៅពីនេះ មនុស្ស៥៥៨០នាក់ដែលកំពុងត្រូវបានជំនុំជម្រះ ឬកំពុងរត់គេចខ្លួនត្រូវរបបសឹកទម្លាក់ចោលការចោទប្រកាន់។ នេះបើយោងតាមការផ្សាយរបស់អេភី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ