ខេត្តសៀមរាប ៖ មន្ទីរព័ត៌មានខេត្តសៀមរាប បានប្រកាសនារសៀល ថ្ងៃទី២៧ខែវិច្ឆិកានេះថា ត្រីរាជមួយក្បាល ដែលជាប្រភេទមច្ឆជាតិកម្រជិតផុតពូជ មានទម្ងន់ ៩៥គីឡូក្រាម ត្រូវបានអាជ្ញាធរជំនាញ និងភាគីពាក់ព័ន្ធធ្វើការបំពាក់ស្លាកសម្គាល់ និងលែងចូលទៅក្នុងបឹងទន្លេសាបវិញ ដោយសុវត្ថិភាពក្បែរតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

យោងតាមសេចក្ដីរាយការណ៍ពីខណ្ឌរដ្ឋបាលជលផលសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆែ យូហាក់ ដែលជាម្ចាស់លបណរ៉ាវ នៅម្តុំជ្រោយមេត្រី សង្កាត់ចុងឃ្នៀស ក្នុងតំបន់គ្រប់គ្រងជលផលខេត្តសៀមរាប បានជូនដំណឹងដល់អាជ្ញាធរជំនាញ អំពីការចាប់បានត្រីរាជ ១ក្បាល ដោយចៃដន្យ ។ ការសម្រេចចិត្តជូនដំណឹងនេះធ្វើឡើង បន្ទាប់ពីលោកបានយល់ដឹងអំពីសារៈសំខាន់នៃធនធានមច្ឆជាតិកម្រ និងងាយរងគ្រោះជិតផុតពូជសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងពិភពលោក ។

គួរឱ្យដឹងដែរថា ត្រីរាជដែលត្រូវបានជួយសង្គ្រោះនេះត្រូវបានវាស់វែង និងថ្លឹងបាននូវទិន្នន័យគួរឲ្យចាប់អារម្មណ៍ ដោយមានទម្ងន់៩៥ គីឡូក្រាម ប្រវែង២១៦សង់ទីម៉ែត្រ ។ កិច្ចការនេះ ក្រុមការងារបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពាក់ស្លាកសម្គាល់ដល់ត្រីរាជខាងលើ មុននឹងធ្វើការលែងវាទៅក្នុងបឹងទន្លេសាបវិញ ដែលជាទីជម្រកធម្មជាតិរបស់វា ។ ការបំពាក់ស្លាកនេះ មានគោលបំណងតាមដានការបន្លាស់ទី និងជម្រករបស់ត្រីក្នុងរដូវប្រាំង ដើម្បីបម្រើដល់កិច្ចការស្រាវជ្រាវ និងអភិរក្ស ។

ក្នុងនាមខណ្ឌរដ្ឋបាលជលផលសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឆែ យូហាក់ និងបងប្អូនប្រជានេសាទទាំងអស់ នៅក្នុងតំបន់គ្រប់គ្រងជលផលខេត្តសៀមរាប ដែលបានចូលរួមថែរក្សាការពារ និងលែងពូជត្រីកម្រ និងជិតផុតពូជនេះ ឱ្យបានគង់វង្សតទៅមុខទៀត ។
សូមជម្រាបថា ត្រីរាជ គឺជាប្រភេទត្រីទឹកសាបធំជាងគេបង្អស់មួយនៅក្នុងពិភពលោក ដែលត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយច្បាប់ជាតិ និងអន្តរជាតិ ៕



ចែករំលែកព័តមាននេះ