ក្រុងហុងកុង ៖ ពួកអ្នកពន្លត់ភ្លើងក្រុងហុងកុង កំពុងខិតខំប្រឹងប្រែងនាថ្ងៃទី២៧ វិច្ឆិកា ពន្លត់ភ្លើងដែលឆេះយ៉ាងសាហាវ រាតត្បាតបណ្ដាអគារស្នាក់នៅខ្ពស់ៗ ដែលបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៤៤នាក់ និងច្រើនរយនាក់បាត់ខ្លួន ។ នេះបើតាមអាជ្ញាធរក្រុង។

នោះជាភ្លើងឆេះដ៏អាក្រក់បំផុត ដែលទីក្រុងពាណិជ្ជកម្មធំនេះពុំធ្លាប់ជួបប្រទះ ចាប់តាំងពីច្រើនទសវត្សរ៍មកហើយ ។ ភ្លើងចាប់ឆាបឆេះកាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា នៅក្នុងប្លុកដែលមានអគារខ្ពស់៨ មានអាប់ប៉ាតឺម៉ង់ សរុបប្រមាណជា២០០០នៅតំបន់តៃប៉ូ ភាគខាងជើងហុងកុង ។ ព្រឹត្តិការណ៍នោះ នាំឲ្យមានការក្ដុកក្ដួលយ៉ាងខ្លាំង ក្នុងតំបន់ពិសេសចិននេះ ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ និងសម្បូរដោយអគារខ្ពស់ៗ ច្រើនជាងគេនៃពិភពលោក ។
មកដល់ព្រឹកព្រលឹមថ្ងៃទី២៧ វិច្ឆិកា ភ្លើងនៅតែបន្តឆេះក្នុងបណ្ដាអាប់ប៉ាតឺម៉ង់ ទោះបីការឆេះបានចុះថយច្រើននាព្រឹកនោះក្ដី ។ នាវេលាម៉ោង៩ព្រឹកម៉ោងក្នុងស្រុក ផ្សែងខ្មៅបន្តហុយចេញពីប្លុកអគារខ្ពស់ទាំងនោះ កសាងឡើងតាំងពីឆ្នាំ១៩៨០ ដែលមានកម្ពស់ចាប់ពី៣០ជាន់ឡើងទៅ ។
តាមមេដឹកនាំក្រុងហុងកុងលោកចនលីថា មកដល់ព្រឹកថ្ងៃទី២៧ វិច្ឆិកា មនុស្ស២៧៩នាក់នៅតែបាត់ខ្លួន តែក្រោយមកពួកអ្នកពន្លត់ភ្លើងគូសបញ្ជាក់ថា អាចទាក់ទងបានជាមួយមនុស្សច្រើននាក់ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនេះ ។

ប៉ូលិសប្រកាសពីការចាប់ខ្លួនមនុស្ស៣នាក់ ទាក់ទិននឹងភ្លើងឆេះនោះ បន្ទាប់ពីរកឃើញសម្ភារងាយឆេះ បោះបង់ចោលក្នុងពេលជួសជុលកែលម្អអគារ ដែលបណ្ដាលឲ្យភ្លើងឆេះរាលដាលយ៉ាងលឿន ។ ពួកគេជាប់សង្ស័យពីបទមនុស្សឃាតដោយអចេតនា ។ ភ្លើងបានឆេះរាលដាលលឿនពីអគារមួយទៅអគារមួយទៀត ដោយសារមានខ្យល់បោកបក់ខ្លាំង។
ជន្ទារប្ញស្សីដែលក្រុងហុងកុងនិយមប្រើដំឡើងជុំវិញអគារឡើងជួសជុលមានភ្លើងឆេះមុនគេ ហើយអណ្ដាតភ្លើងកម្ទេចភ្លើងព្រមទាំងផ្សែង បានជះទៅឆេះអគារដទៃៗទៀតនាពេលយប់ជះពន្លឺដ៏ក្រហមច្រាល ។
មនុស្សប្រមាណជា៩០០នាក់ ដែលរត់ចេញពីបណ្ដាអគារមានភ្លើងឆេះ ត្រូវបានទទួលឲ្យស្នាក់នៅតាមជម្រកបណ្ដោះអាសន្ននានា ដោយពួកអ្នកស្ម័គ្រចិត្តខិតខំលើកទឹកចិត្តពួកគេព្រមទាំងផ្ដល់ភួយ ៕
ចែករំលែកព័តមាននេះ