ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សន្យា​បន្ដ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ កាលពីសៀល​ថ្ងៃ​ទី ​២៦ ខែវិច្ឆិកា ឆ្នាំ ​២០២៥ ឯកឧត្តម ហេង សួរ…

រាជធានីភ្នំពេញ​ ៖ កាលពីសៀល​ថ្ងៃ​ទី ​២៦ ខែវិច្ឆិកា ឆ្នាំ ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Yasmin Siddiqi នាយិកា​ថ្មី នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី នៅ​ទីស្តីការក្រសួង​ ។

ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ លោកស្រី Yasmin Siddiqi ព្រមទាំង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បាន​គាំទ្រ​ដល់​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រេច​បាន​នូវ​វឌ្ឍនភាព​សំខាន់​ៗ នៃ​ការ​អភិវឌ្ឍ​របស់​វិស័យ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​មូលដ្ឋាន​កសាង​កម្លាំង​ពលកម្ម​ជំនាញ គាំទ្រ​តម្រូវការ​ទីផ្សារ​ការងារ និង​ទាក់ទាញ់​វិនិយោគ​។ ទន្ទឹម​នឹង​នេះ ក៏​បាន​បង្ហាញ​នូវ​ការ​ជឿជាក់​ថា បេសកកម្ម​របស់​លោកស្រី​នាយិកា​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​របស់ ADB នឹង​ជួយ​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: និង ADB កាន់តែ​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត សំដៅ​ឈាន​ទៅ​សម្រេច​នូវ​គោលដៅ​ដែល​បាន​ដាក់​ចេញ​។

ជា​ការ​ឆ្លើយ​តប លោកស្រី​នាយិកា បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រមទាំង​បាន​បង្ហាញ​ពី​មោទនភាព​ដែល​បានឃើញ​ពី​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ​នៅ​ប្រទេស​កម្ពុជា ដោយ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែង​យល់​បន្ថែម​អំពី​បេសកកម្ម​អាទិភាព​ថ្មី​ៗ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

ភាគី​ទាំង​ពីរ បាន​ឯកភាព​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​ស៊ីជម្រៅ​ឆ្ពោះទៅ​រក​វឌ្ឍនភាព​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៕ អត្ថបទសហការ