រាជធានីភ្នំពេញ ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែជួយដល់កម្ពុជាក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ និងចូលរួមចំណែកនានាលើគ្រប់វិស័យ ព្រោះការចូលរួមរបស់មិត្តចិន បានធ្វើឲ្យកម្ពុជាមានឯករាជ្យផ្នែកនយោបាយ និងស្នើមុខមាត់លើ ឆាកអន្តរជាតិផងដែរ ។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា នាឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជៀង ធាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនតំបន់ស្វយ័តស៊ីចាង (Xizang) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។ នៅក្នុងជំនួបសម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានអរគុណដល់មិត្តចិនដែលបានចូលរួមក្នុងការដោះស្រាយជំលោះព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក ដែលធ្វើឲ្យកម្ពុជាមានភាពកក់ក្តៅ ។

សម្តេចប្រធានរដ្ឋសភាក៏បានប្រកាសពីគោលជំហរបស់រាជរដ្ឋាភិបាលចិនតែមួយ ទាំងនៅតំបន់ស៊ីជាំង តៃវ៉ាន់ ហុងកុង ជាដើម គឺជាខេត្តមួយដែលស្ថិតក្នុងការគ្រប់គ្រងរបស់ចិន ហើយជាកិច្ចការផ្ទៃក្នុងរបស់ចិន ។ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជាសូមប្រឆាំងដាច់ខាត ចំពោះប្រទេសណាមួយ ដែលធ្វើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ។ ទន្ទឹមនឹងនេះដែរ សម្តេចប្រធានរដ្ឋសភា ក៏បានកោតសរសើចំពោះឯកឧត្តម ស៊ីជិនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលរួមលើកកម្ពស់ និងបានផ្តល់ភាពអង់អាចដល់ស្ត្រីដែលកន្លងមកនេះ សម្រេចបានសមិទ្ធិផលច្រើន ។
សម្តេចប្រធានរដ្ឋសភាក៏បានអរគុណមិត្តដែលបានជួយលើគម្រោងជាច្រើនដល់កម្ពុជា ពិសេសនោះ គម្រោងព្រែកជីកហ្វូណនតេជោ ដែលបានចូលរួមចំណែកក្នុងប្រពន្ធធារាសាស្ត្រ ក៏ដូចជាការដឹកជញ្ជូនរបស់កម្ពុជានៅក្នុងប្រទេសនិងទៅកាន់បណ្តាប្រទេសផ្សេង។ ក្នុងជំនួបនោះ ឯកឧត្តម ជៀង ធាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា តំណាងប្រជាជនតំបន់ស្វយ័តស៊ីចាង (Xizang) ប្រទេសចិន បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាដែលគួរឲ្យមានការភ្ញាក់ផ្អើល ។

ឯកឧត្តមក៏បានលើកពីការរីកចម្រើននៅក្នុងតំបន់ស៊ីចាងដែលផ្អែកលើកវិស័យទេសចរណ៍ មានទាំងវិស័យទេសចរណ៍ធម្មជាតិ វប្បធម៌ និងការរីកចម្រើនលើកការប្រើប្រាស់ថាមពល ស្អាត ព្រមទាំងការគ្រប់គ្រងទឹកលើហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ដែលដាក់ចេញដោយ ប្រធានាធិបតីចិនស៊ីជិនពីង ដោយបានចាត់ទុក ជាតំបន់អាទិភាពក្នុងការធ្វើឲ្យ មានការរីក ចម្រើន ។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានសន្យាខិតខំជំរុញកៀរគរអ្នកធុរៈកិច្ចចិនឲ្យកម្ពុជាកាន់តែច្រើនថែមទៀតព្រមទាំងធ្វើការផ្លាស់ប្តូរអភិវឌ្ឍន៍វិស័យទេសចរណ៍ វប្បធម៌ ការគ្រប់គ្រងទឹក និងវិស័យផ្សេងៗជាច្រើនទៀត។
ក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានលើកឡើងថា សម្រាប់កិច្ចសហប្រតិបត្តិការទាំងនេះចូលរួមចំណែកលើកកម្ពស់ក្នុងការធ្វើទំនាក់ទំនងទ្វេរភាគី មិត្តភាពរវាងប្រជាជន និងប្រជាជន ដែលឆ្នាំនេះជាឆ្នាំផ្លាស់ប្តូរទេសចរណ៍កម្ពុជា-ចិនផងដែរ។ លើសពីនេះទៅទៀត នៅក្នុងជំនួបភាគីទាំងក៏បានប្តេជ្ញាក្នុងការខិតខំជំរុញវិស័យទេសចរណ៍ឲ្យបានកាន់តែច្រើនថែមទៀត ពិសេសនោះ ដំណើរការហោះហើរពីកម្ពុជាទៅតំបន់ស៊ីងចាង គឺមានរយៈពេលខ្លីដែលចំណាយពេលប្រមាណជាង២ម៉ោង ។
ក្នុងឱកាសនោះដែរ ភាគីក៏បានលើកឡើងពីការខិតខំជំរុញការគ្រប់គ្រងប្រភពទឹកឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀតពីព្រោះថា នៅតំបន់ទីបេប្រទេសចិន គឺជាប្រភពទឹកដែលហូរចូលមកទន្លេរមេគង្គកម្ពុជា ដូច្នេះ ការការពារប្រភពទឹក ការពិនិត្យគុណភាពទឹកគឺជារឿងសំខាន់ ។ ធ្វើយ៉ាងនេះ ដើម្បីជំរុញឲ្យមានការកិច្ចសហប្រតិបត្តិការជាប្រចាំដោយត្រូវធានាថា ទឹកត្រូវមានគុណភាពល្អ និងប្រើប្រាស់គ្រប់គ្រាន់ទាំងនៅរដូវប្រាំង និងរដូវវស្សាមានការគ្រប់គ្រងទឹកឲ្យបានស្រួល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនៅពេលមានទឹកជំនន់នៅតំបន់ទន្លេរមេគង្គ ៕
ចែករំលែកព័តមាននេះ