រាជធានីភ្នំពេញ ៖ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាអតីតអភិបាលខេត្តប៉ៃលិន បានច្រានចោលចំពោះការលើកឡើងរបស់លោកអ៊ុំ សំអាន អតីតសមាជិកគណបក្សប្រឆាំងហើយ កំពុងរស់ នៅក្រៅប្រទេសបំភ្លៃការពិតលើបញ្ហាព្រំដែន និងបានអំពាវនាវជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងJBC កម្ពុជាដែលធ្វើកិច្ចការព្រំដែនដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្ត ដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ។

យោងតាមបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាអតីត អភិបាលខេត្តប៉ៃលិន បានឆ្លើយតបនឹងការផ្សាយព័ត៌មានមិនពិ តរបស់បុគ្គល អ៊ុំ សំអាន ដែលជាប់ចោទពីបទក្បត់ជាតិ និងធ្លាប់ជាប់គុកដោយសារតែប្រើផែនទីក្លែងក្លាយ ដោយឯកឧត្តមបានសរសេរនៅលើហ្វេសប៊ុករបស់ឯកឧត្តមដូច្នេះថា ៖ ខ្ញុំបាទឃើញគណនីហ្វេសប៊ុកឈ្មោះ Um Sam An បានសរសេរព័ត៌មាន ដោយលើក ឈ្មោះខ្ញុំមកពាក់ព័ន្ធដោយលើកឡើងថា «លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំ រៀងនេះ ។

ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មី គឺធ្វើអោយបាត់បង់ទឹកដីខ្មែរ ជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ» ។ ចំពោះករណីនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា អ្វីដែល អ៊ុំ សំអាន សរសេរនេះ គឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិអនុសញ្ញាសទ្ធិសញ្ញា ផែនទី និងឯកសារដែលបន្សល់ទុកពីបារាំង ។ តំបន់ដែលស្ថិតនៅចន្លោះព្រំដែនលេខ៥២ និង៥៩ គឺក្នុងសង្គ្រាមស្ថិតក្រោមការគ្រប់គ្រងរបស់ សុន សេន មិនមែនអៀង សារី ទេ ។

ឯកឧត្តមបានបញ្ជាក់ថា ៖« តាំងពីសម័យសង្គ្រាមរហូតមកដល់បបច្ចុប្បន្ន និងតទៅអនាគត ខ្ញុំការពារទឹកដីបូរណភាពទឹកដីកម្ពុជាដាច់ខាត ខ្ញុំជាសាក្សីរស់ម្នាក់ដែលបានរស់នៅតាំងពីយូរណាស់មកហើយនៅតំបន់នោះ ។ ហើយបង្គោលព្រំដែនដែលក្រុមការងារភាគីកម្ពុជា និងថៃ កំពុងចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននោះ គឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (ProcèsVerbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន- សៀមឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (Mou) ឆ្នាំ២០០០ និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នា។ ដូច្នេះអ្វីដែលបុគ្គល អ៊ុំ សំអាន ដែលជាជនក្បត់ជាតិលើកឡើងនេះ គឺជាការប្រឌិតញុះញង់សុទ្ធសាធមិនមែនជាការពិតឡើយ។
ឯកឧត្តមលើកឡើងថា បុគ្គល អ៊ុំ សំអាននេះ តែងតែនិយាយញុះញង់ និងបំភ្លៃខុសពីការពិត ហើយពេលខ្លះយកឈ្មោះអ្នកនេះ ឬអ្នកនោះមកភ្ជាប់ ដើម្បីទាញចំណាប់អារម្មណ៍ក្នុងគោលដៅកេងចំណេញនយោបាយ និងមហិច្ឆតាដ៏អាក្រក់របស់ខ្លួន ។
ជាមួយគ្នានេះ ឯកឧត្តមក៏សូមស្នើបងប្អូនជនរួមជាតិជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា និងគណៈ កម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ដែលបានប្រកាន់ខ្ជាប់ ជានិច្ចនូវមនសិការ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជា ពិសេសការ ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរព ច្បាប់អន្តរជាតិ គោរពគោលការណ៍ ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុក ដោយ គណៈកម្មការព្រំដែន រវាង ឥណ្ឌូចិន-សៀម៕
ចែករំលែកព័តមាននេះ