រាជធានីភ្នំពេញ៖ យោងនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ១០០ឈុត រួមទាំងឯកសណ្ឋានការពារសារធាតុគីមីចំនួន២ម៉ឺនឈុត ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការGO&DO(NGO) ដើម្បីចូលរួមចំណែកជាមួយកងកម្លាំងលើការងារពន្លត់អគ្គិភ័យកាន់តែងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋពេលជួបបញ្ហាអគ្គិភ័យបានទាន់ពេលវេលា ជាពិសេសការរួមចំណែកក្នុងការការពារ អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។

ពិធីទទួលរថយន្ត និងឯកសណ្ឋានពន្លត់អគ្គិភ័យ និងឯកសណ្ឋានការពារសារធាតុគីមីនេះធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២៥នេះ នៅបរិវេណ នៃទីស្ដីការក្រសួងមហាផ្ទៃ ។
នៅក្នុងពិធីនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលកូរ៉េ នៅពេលនេះ គឺពិតជាមានតម្លៃសម្រាប់ប្រជាជនកម្ពុជា និងបានបង្ហាញអំពីការយកចិត្តទុកដាក់ដោយសប្បុរសធម៌ពីប្រជាជន និងរដ្ឋាភិបាលកូរ៉េផងដែរ។ មួយវិញទៀតជំនួយនេះក៏ជាការរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត តាំងនាមឲ្យនគរបាលជាតិកម្ពុជាទាំងមូល សូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានបន្តផ្តល់ជំនួយឥតសំណងនេះដល់កម្ពុជា ដោយឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្ភារៈទាំងនេះនឹងបម្រើដល់ប្រជាជនកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត សង្ឃឹមនិងជឿជាក់ថា ទៅថ្ងៃខាងមុខ រដ្ឋាភិបាលនៃប្រទេសកូរ៉េ និងបន្តផ្ដល់ការគាំទ្រ ជួយជាជំនួយឯកសណ្ឋានការពារសារធាតុគីមីនេះបន្ថែមទៀត ខណៈកងកម្លាំងយើងនៅមានការខ្វះខាតឯកសណ្ឋានការពារសារធាតុគីមីនេះច្រើន ក្នុងការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យក្នុងករណីធំៗមួយចំនួនដូចជា រោងចក្រ អាគារខុនដូរ និងទីតាំងសហគ្រាសធំៗមួយចំនួន ដែលភាគច្រើនទីតាំងទាំងអស់នោះមានភាពស្មុគស្មាញ និងសារធាតុគីមីផងដែរ។
យោងតាមការបញ្ជាក់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់អគ្គិភ័យរយៈពេល៩ខែ ឆ្នាំ២០២៥ មានចំនួន៦៥៤/៨៧៣លើក ធៀបនឹង៩ខែឆ្នាំ២០២៤ ថយចុះ២១៩លើក៖ ការខូចខាតឆេះផ្ទះចំនួន៤៨១/៥៣៥ខ្នង, តូបចំនួន៩៨/៥០៨, ស្លាប់១៤/១១ នាក់, របួស៤៣/ ២៤នាក់, មូលហេតុ ចរន្តអគ្គិសនី ៤២,២៦%, ប្រើភ្លើង ៣៩,១៨% និងកត្តាផ្សេងៗ ១៨,៥៦%៕





ចែករំលែកព័តមាននេះ