ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ ប្រាប់​លោក អ៊ុំ សំ​អាន​ ថាបើ​មិន​យល់​ច្បាស់​រឿង​ផែនទី ឬ​កិច្ចការ​ព្រំដែន​ទេ សូមកុំ​តាំងខ្លួន​ធ្វើ​ជា​អ្នកចេះ​ជាង​អ្នកជំនាញ​ព្រំដែន

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី ​បាន​ប្រាប់​ទៅ​លោក ​អ៊ុំ សំ​អាន​ ឬ​ក្រុម​ខ្លួន​ថា…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី ​បាន​ប្រាប់​ទៅ​លោក ​អ៊ុំ សំ​អាន​ ឬ​ក្រុម​ខ្លួន​ថា បើ​មិន​យល់​ច្បាស់​រឿង​ផែនទី ឬ​កិច្ចការ​ព្រំដែន​ទេ សូមកុំ​តាំងខ្លួន​ធ្វើ​ជា​អ្នកចេះ​ ជាង​អ្នកជំនាញ​ព្រំដែន ​ដែល​បាន​ធ្វើ​កិច្ច​ការងារ​នេះ​រាប់​ទសវត្សរ៍​មក​ហើយ​ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​ បាន​សរសេរ​លើ​បណ្តាញ​សង្គម ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​ថា ក្នុង​កាលៈទេសៈ​ ដែល​យើង​កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ខ្ញុំ​មិន​ចង់​មានការ​ឆ្លើយឆ្លង​ជាមួយ​អ្នកនយោបាយ​ខ្មែរ​មួយ​ចំនួន​នោះ​ទេ​។ ក៏​ប៉ុន្តែ​ពេល​ខ្លះ ​ក៏​មានការ​ចាំបាច់​ក្នុង​ការ​លើក​ឡើង ​នូវ​ចំណុច​មួយ​ចំនួន កុំឱ្យ​ក្រុម​អ្នកនយោបាយ​ខ្លះ​ឆ្លៀត​ប្រឌិត​រឿង​មិន​ពិត ​ក្នុង​ចេតនា​កេង​ចំណេញ​នយោបាយ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​មក​លើ​រាជរដ្ឋាភិបាល ​។

សម្តេច​ធិ​បតី ​នាយក​រដ្ឋមន្ត្រី ​បាន​លើក​ឡើង​ថា កាលពី​ព្រឹក​មិ​ញ​នេះ លោក អ៊ុំ សំ​អាន បាន​បង្ហោះ​សារ​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា Pong Nam Ron នេះ​ជាប់​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ​ដែល​ជា​អតីត​តំបន់​មូលដ្ឋាន​យោធា​ខ្មែរក្រហម ​ដែល​លោក អៀង សារី បាន​កាន់កាប់​ ហើយ​មាន​លោក អ៊ី ឈាន ជា​មេទ័ព នា​សម័យ​សង្គ្រាម​ស៊ី​វិល ​នា​ទស​វត្ស​ទី​៨០​។ លោក អ៊ី ឈាន អតីត​អភិបាលខេត្ត​ប៉ៃលិន ​ធ្លាប់​និយាយ​ថា ថៃ​បាន​បង្ខិត​ចូល​ដី​ខ្មែរ​ រាប់រយ​ម៉ែត្រ ​នៅ​តំបន់ Pong Nam Ron ជាប់​ស្រុក​កំ​រៀង​នេះ​។ ព្រំដែន​ចាស់ មិនមែន​ស្ថិត​នៅ​ព្រំដែន​បច្ចុប្បន្ន​នេះ​ទេ​។ ប៉ុន្តែ​ឥឡូវនេះ កម្ពុជា​ទទួលស្គាល់​ព្រំដែន​ថ្មី​ គឺ​ធ្វើ​អោយ​បាត់បង់​ទឹកដី​ខ្មែរ​ជា​ច្រើន​គីឡូ​ម៉ែត្រការ៉េ​ នៅ​តំបន់​នោះ​ ។

ប៉ុន្តែ ប៉ុន្មាន​មួយ​ម៉ោង​ក្រោយមក ឯកឧត្តម អ៊ី ឈាន បាន​ចេញ​សារ​បញ្ជាក់​ជូន​បងប្អូន​ជនរួមជាតិ​ថា​ ៖ អ្វី​ដែល អ៊ុំ សំ​អាន សរសេរ​នេះ​គឺជា​ការ​ប្រឌិត​ទាំងស្រុង និង​មាន​ចរិត​ញុះញង់ ​ដើម្បី​បង្ករឿង និង​កេង​ចំណេញ​នយោបាយ​ ក្នុង​ចេតនា​បង្កចលាចល​សង្គម និង​ការ​យល់​ច្រឡំ​មក​លើ​កិច្ចការ​ព្រំដែន ដែល​រាជរដ្ឋាភិបាល និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​ (JBC) កម្ពុជា​កំពុង​អនុវត្ត​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្ដរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទី និង​ឯកសារ ​ដែល​បាន​បន្សល់​ទុក​ពី​បារាំង ​។

សម្តេច​ធិ​បតី ហ៊ុន ​ម៉ា​ណែ​ត ​បាន​បញ្ជាក់​ថា ​៖ “ខ្ញុំ ​និង​ប្រជាជន​ទាំងអស់ ​នឹង​រង់ចាំ​មើល​ថា​ តើ​លោក អ៊ុំ សំ​អាន ដែល​តាំងខ្លួន​ជា​អ្នកជំនាញ​ព្រំដែន នឹង​ឆ្លើយ​តប​យ៉ាងណា​ចំពោះ ឯ​.​ឧ អ៊ី ឈាន ? ហើយ​តើលោក អ៊ុំ សំ​អាន មាន​ឯកសារ ​ឬ​ភស្តុ​តាង​អ្វី​ផ្សេង​ទៀត​ទេ​ ដើម្បី​ការពារ​អំណះអំណាង​របស់​ខ្លួន និង​បញ្ជាក់​ថា​ ខ្លួន​ជា​អ្នកជំនាញ​ព្រំដែន​ពិតប្រាកដ​។ សង្ឃឹមថា ​លោក​មិន​គ្រាន់តែ​ចេញ​មក​ចោទប្រកាន់​ឯកឧត្តម អ៊ី ឈាន ថា​គាត់​និយាយ​កុហក ឬ​ក្បត់ឧត្តមគតិ ដូច​អ្វី​ដែល​លោក​តែងតែ​ចោទ​អ្នក​ ដែល​មិន​មាន​ទស្សនៈ​ស្រប​ជាមួយ​លោក និង​ក្រុម​របស់​លោក​នោះ​ទេ​” ​។

សម្តេច ​បន្ថែម​ថា និយាយ​ដោយ​ត្រង់ តាម​ដែល​ខ្ញុំ​មើលឃើញ និង​ប្រហែល​ដូចដែល​អ្វី​បងប្អូន​ប្រជាពលរដ្ឋ​មើលឃើញ​ដូច​គ្នា​ដែរ​នោះ គឺ​រហូត​មក​ដល់​ពេល​នេះ អ្វី​ដែល​លោក អ៊ុំ សំ​អាន និយាយ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ព្រំដែន ហាក់ដូចជា​គ្មាន​អ្វី​ច្បាស់លាស់ អាច​យក​ជា​ការ​បាន​ទាំង​មូលដ្ឋាន​បច្ចេកទេស​ផែនទី (​ក្រៅ​តែ​ពី​បាន​ទៅ​សុំ ហ្វូ​តូ​កូ​ពី​ផែនទី​មួយ​ផ្ទាំង ពី​បណ្ណាល័យ សភា​សហរដ្ឋអាមេរិក ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​) ទាំង​មូលដ្ឋាន​ច្បាប់ ​ឬ​ឯកសារយោង​នានា (​ឃើញ​តែ​លើក​ឡើង​ថា អ្នក​នេះ​ ឬ​អ្នក​នោះ បាន​និយាយ​ថា ​ដី​ខ្មែរ​ពី​មុន​នៅ​នោះ មិនមែន​នៅ​នេះ​ទេ ដូច​ជា​ករណី​ ​ដែល​គាត់​លើក​ឡើង​ថា ឯ​.​ឧ អ៊ី ឈាន បាន​និយាយ​ដូច្នេះ នៅ​ពេល​ដែល ឯ​.​ឧ អ៊ី ឈាន ច្រានចោល​ថា​ ជា​ការ​ប្រឌិត ។​ល​។​) ​។

សម្តេច​ធិ​បតី​ បាន​គូសបញ្ជាក់​ថា​ ៖ “​ខ្ញុំ​សូម​ឲ្យ​យោបល់​ដូច្នេះ​ថា បើ​លោក​ ឬ​ក្រុម​អស់លោក​ មិន​យល់​ច្បាស់​រឿង​ផែនទី ឬ​កិច្ចការ​ព្រំដែន​ទេ សូមកុំ​តាំងខ្លួន​ធ្វើ​ជា​អ្នកចេះ​ ជាង​អ្នកជំនាញ​ព្រំដែន​ ដែល​បាន​ធ្វើ​កិច្ច​ការងារ​នេះ​រាប់​ទសវត្សរ៍​មក​ហើយ​។ បើសិន​អស់លោក​មិន​ប្រកាន់ខ្លួន​ ឬ​ខ្លាច​គេ​ថា​អន់​ទេ ហើយ​ចង់​ស្វែង​យល់​អំពី​វិធីសាស្ត្រ​ ឬ​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​ផែនទី (​ដែល​អស់លោក​បានហ្វូ​តូ​កូ​ពី​នៅ​បណ្ណាល័យ​សភា​សហរដ្ឋអាមេរិក​) ដើម្បី​ជា​ជំនួយ​ក្នុង​ការ​វាស់វែងបោះបង្គោល​ និង​ខណ្ឌសីមា​ នៅ​លើ​ដី​ឲ្យ​បាន​ត្រឹមត្រូវ​នោះ លោក​អាច​ស្នើ​សុំ​មក​រាជរដ្ឋាភិបាល ដើម្បី​អោយ​អ្នកមាន​ជំនាញ​ព្រំដែន​ពិតប្រាកដ អាច​ធ្វើ​បទ​បង្ហាញ​ខ្លី​មួយ​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​ផែនទី​។ បើ​អស់លោក​មិន​មក​ប្រទេស​ខ្មែរ​ទេ លោក​អាច​ចាត់​តំណាង ​ដែល​នៅ​ខ្មែរ ​ដើម្បី​អោយ​អ្នកបច្ចេកទេស​ធ្វើ​បទ​បង្ហាញ​អោយ ដែល​តំណាង​អស់លោក​អាច​យក​ទៅ​ពន្យល់​បន្ត​ដល់​លោក​ និង​ក្រុម​លោក​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​ធិ​បតី ​នាយក​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​បន្ថែម​ថា​ ៖ “​ខ្ញុំ​ជឿ​ថា ​នៅ​ពេល​ដែល​អស់លោក​បាន​យល់​ដឹង​ខ្លះ​ៗ​ពី​មូលដ្ឋាន​បច្ចេកទេស​ផែនទី អស់លោក​នឹង​អាច​មាន​សមត្ថភាព ​និយាយ​ស្ដី​សម​ហេតុផល​ជាង​មុន​ច្រើន ក្នុង​ករណី​ដែល​អស់លោក​ប្រកាន់​សច្ចៈ​ភាព​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ