ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ម្នាក់ រត់​ចេញពី​រថយន្ត ហើយ​មាន​មនុស្ស​៣​នាក់​ចាប់​ដាក់​ក្នុង​រថយន្ត​វិញ មិនមែន​ជា​ករណី​ចាប់ជំរិត​នោះ​ទេ

2 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ មាន​ករណី​ជនជាតិ​ចិន ០៣​នាក់ ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ម្នាក់ ដាក់​ចូល​ក្នុង​រថយន្ត​សារី​ទំនើប​០១​គ្រឿង នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១ នៅ​ក្រុង​បា​វិត ទាំង​ព្រឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ…

ខេត្តស្វាយរៀង ៖ មាន​ករណី​ជនជាតិ​ចិន ០៣​នាក់ ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ម្នាក់ ដាក់​ចូល​ក្នុង​រថយន្ត​សារី​ទំនើប​០១​គ្រឿង នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១ នៅ​ក្រុង​បា​វិត ទាំង​ព្រឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ហើយ​អ្នកខ្លះ​ស្រែក​ឆោឡោ អ្នកខ្លះ​ប្តឹង​សមត្ថកិច្ច ឲ្យ​មក​ជួយ​អន្តរាគមន៍ ដោយ​ដាក់​ការ​សង្ស័យ​ថា ជា​ករណី​ចាប់ជំរិត ។

ក្រោយមក​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បរុស​ជនជាតិ​ចិន​បាន​ម្នាក់ យក​ទៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត ដើម្បី​សាកសួរ និង​នាំ​ខ្លួន​ជនជាតិ​ចិន​ម្នាក់ ដែល​គិត​ថា ជា​ជន​រង​គ្រោះ ទៅ​សាកសួរ​ដែរ និង​យក​រថយន្ត​ឡិច​ស៊ី​ស ០១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2BI-5656 ដែល​ជនជាតិ​ចិន ប្រើប្រាស់​ចាប់​ជនជាតិ​ចិន​ដូច​គ្នា យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត ដើម្បី​ដោះស្រាយ​។ ក៏​ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនជាតិ​ចិន​នោះ ប្រាប់​សមត្ថកិច្ច​ថា ការ​ពិត មិនមែន​ជា​ករណី​ចាប់ជំរិត​ទេ ពួក​គេ​ចាប់​ជនជាតិ​ចិន​ម្នាក់​នោះ រត់​ចេញពី​មន្ទីរពេទ្យ ទើប​ចាប់​ដាក់​ក្នុង​រថយន្ត យក​ទៅ​មន្ទីរពេទ្យ​វិញ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ បន្ទាប់​ពី​មហាជន​ថតរូប​ភាព​វី​ដេ​អូ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ចែកចាយ​ផ្អើល​បណ្តាញ​សង្គម​រួច​មក លោក​អធិការ នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត បាន​ចេញ​លិខិត​បំភ្លឺ​ថា មិនមែន​ជា​ករណី​ចាប់ជំរិត​ទេ ។

លោក​អធិការ បំភ្លឺ​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៥ សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ៖ មាន​ជនជាតិ​ចិន ០១​នាក់ បាន​រត់​ចេញពី​មន្ទីរ​ពហុ​ព្យាបាល​ថៃ​ខាង និង​មាន​មនុស្ស​ចំនួន​០៣​នាក់ ដេញចាប់​ដាក់​ចូល​ឡាន​វិញ នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​១ ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​នាំ​ខ្លួន​មនុស្ស​ចំនួន​០៣​នាក់ ក្នុង​នោះ​មាន​ជនបរទេស​០២​នាក់ និង​ខ្មែរ​០១​នាក់ មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត រីឯ​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពហុ​ព្យាបាល​ថៃ​ខាង វិញ ព្រមទាំង​មាន​ដាក់​កម្លាំង​សមត្ថកិច្ច​នគរបាល​ការពារ​ផង​ដែរ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ ជន​បទេស ចំនួន​០២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ០១​នាក់​, ជនជាតិ មី​យ៉ា​ន់​ម៉ា ០១​នាក់ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ និង​ជនជាតិ​ខ្មែរ ០១​នាក់ មុខរបរ​សន្តិសុខ បាន​បំភ្លឺ​ជូន​សមត្ថកិច្ច​យើង​ថា ៖ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៥ ខ្លួន​ត្រូវ​បាន​ក្រុមហ៊ុន​ឲ្យ​យក​រថយន្ត​០១​គ្រឿង ជូន​បុគ្គលិក​ជនជាតិ​ចិន​០១​នាក់ ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ​។ ក្រោយ​ពី​គ្រូពេទ្យ បាន​ពិនិត្យ និង​ឲ្យ​ថ្នាំ​សម្រាប់​លេប បាន​ប្រហែល​មួយ​ម៉ោង ជន​រង​គ្រោះ​បាន​ដើរ​ចេញ​មក​វិញ សំដៅ​ឡើង​រថយន្ត ក៏​ប៉ុន្តែ​ជន​រង​គ្រោះ មិន​ចូល​រថយន្ត ក៏​បាន​រត់​ចេញ​ទៅ​រក​ថ្នល់ ដោយ​ពួក​ខ្លួន​មានការ​ព្រួយបារម្ភ​បញ្ហា សុខភាព​ជន​រង​គ្រោះ (​ធ្លាប់​មាន​បញ្ហា​ខួរក្បាល​) និង​ខ្លាច​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​ផង​នោះ ក៏​បាន​ដេញ​តាម​ពីក្រោយ និង​ចាប់​អ្នកជំងឺ​ឲ្យ​ចូល​ក្នុង​រថយន្ត ដើម្បី​ជូន​ទៅ​ក្រុមហ៊ុន​វិញ ពេល​នោះ​ស្រាប់តែ​មាន​សមត្ថកិច្ច មក​ដល់ និង​បាន​នាំ​ពួក​ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត តែ​ម្តង ។

សមត្ថកិច្ច បាន​បន្ត​សាកសួរ​ទៅ​ជន​រង​គ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​បំភ្លឺ​ជូន​សមត្ថកិច្ច​យើង​ថា ៖ មួយ​រយៈ​ចុង​ក្រោយ ខ្លួន​មាន​អាការ​ថប់​ៗ​ទ្រូង និង​តែងតែ​ប្រើ​ថ្នាំ​ឈឺក្បាល​ជា​ប្រចាំ និង​រហូត​ដល់​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ ជំងឺ​ថប់​ទ្រូង​របស់​ខ្លួន ក៏​រើ​ឡើង​វិញ ហើយ​លេបថ្នាំ​ជា​ច្រើន នៅ​តែ​មិន​បាត់ ទើប​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៥ ខ្លួន​ក៏​បាន​ប្រាប់​ក្រុមហ៊ុន ទើប​ក្រុមហ៊ុន​បាន​ឲ្យ​បុគ្គលិក​០៣​នាក់ ជូន​ខ្លួន​មក​មន្ទីរពេទ្យ​។ ពេល​មក​ដល់​មន្ទីរពេទ្យ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ ថត​ស្គែ​ន និង​អេកូ ហើយ​បាន​ប្រាប់ ខ្លួន​ថា ខ្លួន​មាន​បញ្ហា​តម្រង់​នោម និង​រលាក​ទងសួត ហើយ​ខ្លួន​ក៏​ឲ្យ​គ្រូពេទ្យ​ផ្សំ​ថ្នាំ​ឲ្យ​លេប​សិន ពេល​បាន​ថ្នាំ​ហើយ ខ្លួន​ក៏​បាន​ដើរ​ចេញពី​មន្ទីរពេទ្យ ប៉ុន្តែ​ពេល​នោះ ខ្លួន​មិនដឹង​ថា ខ្លួន​រត់​ចេញពី​ពេទ្យ​ទេ និង​មិន​បានដឹង​ថា គេ​ជួយ​ចាប់​នោះ​ដែរ ដោយសារ​ពេល​មុន​ខ្លួន​ធ្លាប់​មាន​បញ្ហា​ប្រើប្រាស់​ថ្នាំ​ឈឺក្បាល (​ថ្នាំ​ប៉ះពាល់​ខួរក្បាល​) និង​ដោយសារ​ឈឺ​ផង ពិបាក​ដកដង្ហើម​ទៀត ខ្លួន​ក៏​សន្លប់ ហើយ​ពេល​ដឹងខ្លួន​វិញ គឺ​នៅ​លើ​គ្រែ​មន្ទីរពេទ្យ ដោយ​ដៃ​មាន​ព្យ​សេរ៉ូម​តែ​ម្តង ព្រមទាំង​ឃើញ​មិត្តភក្តិ​នៅ​ជាមួយ ។

តាម​រយៈ​វី​ដេ​អូ កាមេរ៉ា​សុវត្ថិភាព និង​តាម​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ឃើញ​ថា ករណី​នេះ ពុំ​មែន​ជា​ករណី​ចាប់ជំរិត ឬ​ពាក់ព័ន្ធ​នឹង​បទល្មើស​ណាមួយ​នោះ​ទេ ។

បច្ចុប្បន្ន អ្នក​ជំ​ងឹ​ជនជាតិ​ចិន​ខាងលើ ត្រូវ​បាន​ក្រុមហ៊ុន​រៀបចំ​អោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ពហុ​ព្យាបាល​ថៃ​ខាង ក្រុង​បា​វិត ដោយ​មាន​មិត្តភក្តិ ជួយ​មើលថែ​ទាំ​ជាមួយ ៕
ខាងក្រោម​នេះ​ជា​សេចក្តី​បំភ្លឺ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ