ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែមករា​នេះ មន្ទីរ​ធនធានទឹក​ខេត្តពោធិ៍សាត់ អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជា​កសិករ​០៣​ឃុំ បាន​ជាង​៧០០​ហិ​កតា

2 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ រយៈពេល​មួយ​ខែ​នេះ ក្រុមការងារ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ បាន​ចុះ​អន្តរាគមន៍​បូមទឹក ជួយ​សង្គ្រោះ​ស្រូវប្រាំង​ប្រជា​កសិករ ចំនួន​០៣​ឃុំ នៅ​ក្រុង​ពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ រយៈពេល​មួយ​ខែ​នេះ ក្រុមការងារ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ បាន​ចុះ​អន្តរាគមន៍​បូមទឹក ជួយ​សង្គ្រោះ​ស្រូវប្រាំង​ប្រជា​កសិករ ចំនួន​០៣​ឃុំ នៅ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្ដៀង ដែល​ត្រូវការ​ទឹកជា​ចាំបាច់ ដើម្បី​បន្ត​ការ​លូតលាស់​ដល់ទី​បញ្ចប់ ។

លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ បានឱ្យ​ដឹង​ថា កិច្ច​អន្តរាគមន៍​បាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ចល័ត​កម្លាំង​៦៥​សេះ ចំនួន​០៣​គ្រឿង បូម​ចេញពី​ស្ទឹង​ពោធិ៍សាត់​បញ្ចូល​តាម​ប្រឡាយ​មេ ដើម្បី​ឲ្យ​ប្រជា​កសិករ​បូម​បន្ត​ចូល​ស្រែ​រៀង​ៗ​ខ្លួន​។ ម៉ាស៊ីន​ចល័ត​ទាំង​០៣​គ្រឿង ទី​១​នៅ​សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ទី​២ នៅ​ឃុំ​កោះ​ជុំ និង​ទី​៣ នៅ​ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង​។ ការ​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង ជូន​ប្រជា​កសិករ​នេះ អាច​ជួយ​បាន​តែ​កន្លែង​ណា​មាន​ប្រភព​ទឹកតែ​ប៉ុណ្ណោះ បើ​គ្មាន​ប្រភព​ទឹក​មិន​អាច​ជួយ​បាន​នោះ​ទេ ដូច​ជា​នៅ​ឃុំ​ស្វាយដូនកែវ ឃុំ​អូរ​តា​ប៉ោង និង​ឃុំ​មួយ​ចំនួន​ទៀត នៅ​ស្រុក​បាកាន​ជាដើម ។

លោក កែវ វ័យ បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​អនុញ្ញាត​ឲ្យ​ប្រជា​កសិករ ធ្វើស្រែ​ប្រាំង​តែ​២​ម៉ឺន​ហិ​កតា​ប៉ុណ្ណោះ ទូ​ទាំង​ខេត្តពោធិ៍សាត់ ប៉ុន្តែ​បងប្អូន​បាន​ធ្វើ​លើស​ការ​កំណត់ រហូត​ដល់​ជាង​៥​ម៉ឺន​ហិ​កតា​ឯណោះ ទើប​បណ្ដាល​ឲ្យ​ខ្វះ​ទឹក​ស្រោចស្រព​ពាក់កណ្ដាល​ទី​បែប​នេះ​។ នៅ​តាម​ប្រឡាយ បឹងបួរ អូរ ព្រែក និង​ស្រះ ត្រូវ​បាន​បងប្អូន​ប្រជា​កសិករ បូម​យក​ទឹក​បញ្ចូល​ស្រែ​គ្មាន​សល់ ធ្វើ​ឲ្យ​រីងស្ងួត​ហួតហែង បង្ក​ការ​លំបាក​ដល់​សត្វពាហនៈ​ទៀត​ផង​។ ជាក់ស្ដែង នៅ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្ដៀង ចំនួន​ផ្ទៃដី ដែល​ត្រូវ​អន្តរាគមន៍ តែ​៥២០​ហិ​កតា​ទេ ប៉ុន្តែ​បងប្អូន​តាម​ឃុំ​សង្កាត់​នីមួយ​ៗ ធ្វើ​លើស​កំណត់ ក៏​ក្រុមការងារ​នៅ​តែ​បន្ត​ជួយ​បូម​អន្តរាគមន៍​រហូត​ដែរ​។ គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ លទ្ធផល​អន្តរាគមន៍​ប្រចាំ​ថ្ងៃ បាន​ចំនួន​៧១៦​ហិ​កតា ហើយ​ក្រុមការងារ មិន​ទាន់​ដក​ម៉ាស៊ីន​ចេញ​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា ខេត្តពោធិ៍សាត់ មាន​ប្រភព​ទឹក​ចំនួន​០៣​កន្លែង សម្រាប់​យក​ទឹក​មក​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម ទី​១. ទំនប់​ទី​៣ ទី​២. ទំនប់​ទី​៥ និង​ទី​៣. ទឹកស្ទឹង​ពោធិ៍សាត់ ។ នៅ​ក្នុង​ស្ទឹង​ពោធិ៍សាត់ មាន​ទំនប់​ដំណាក់​អំពិល ទំនប់​ដំណាក់​ឈើ​ក្រំ និង​ទំនប់​ក្បាលហុង​ចារឹក សម្រាប់​បញ្ចាល់ទឹក​ចូល​ទៅ​ប្រឡាយ​មេ ដើម្បី​ចែកចាយ​តាម​ប្រឡាយ​ជើង​ក្អែប បញ្ចូល​ទៅ​តាម​ស្រែ​បន្ត​ទៀត​។ ឆ្នាំ​២០២៤-២០២៥​នេះ ដោយសារ​ប្រជា​កសិករ​ធ្វើស្រែ​ប្រាំង លើស​ផែនការ​ជិត​៤​ម៉ឺន​ហិ​កតា ទើប​បណ្ដាល​ឲ្យ​ខ្វះ​ទឹក​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ​ទៅ​ទៀត​។ អាង​ទឹក និង​ទឹកស្ទឹង​ពោធិ៍សាត់​ប៉ែក​ខាងលើ ស្ទើរតែ​អស់​ទឹក​រលីង​ទៅ​ហើយ មិន​អាច​រក​ប្រភព​ទឹក​ពី​ណា មក​ជួយ​អន្តរាគមន៍​បាន​នោះ​ទេ ប៉ុន្តែ​បើ​ទំនប់​ស្ទឹង​ពោធិ៍សាត់ ២​សាងសង់​រួច ខេត្តពោធិ៍សាត់​នឹង​លែង​ខ្វះ​ទឹក​ប្រើប្រាស់ នៅ​រដូវប្រាំង​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ