ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Angkor Wildlife & Aquarium មជ្ឈមណ្ឌល​សង្គ្រោះ និង​អភិរក្ស​សត្វព្រៃ និង​សត្វ​ទឹកកម្រ

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សួន Angkor Wildlife & Aquarium គឺជា​មជ្ឈមណ្ឌល​ដែល​បង្កើត​ឡើង​ក្នុងគោលបំណង​អភិរក្ស និង​ជួយ​សង្គ្រោះ​សត្វ​ជា​ច្រើន​ប្រភេទ ដោយ​ផ្តោត​សំខាន់​លើ​ការ​អភិរក្សសត្វ​ទឹក…

ខេត្តសៀមរាប ៖ សួន Angkor Wildlife & Aquarium គឺជា​មជ្ឈមណ្ឌល​ដែល​បង្កើត​ឡើង​ក្នុងគោលបំណង​អភិរក្ស និង​ជួយ​សង្គ្រោះ​សត្វ​ជា​ច្រើន​ប្រភេទ ដោយ​ផ្តោត​សំខាន់​លើ​ការ​អភិរក្សសត្វ​ទឹក និង​សត្វព្រៃ​ដូច​ជា សត្វ​ល្មូ​ន និង​ប្រ​ពើ​ភ្នំ ។ មជ្ឈមណ្ឌល​នេះ​ក៏​មាន​បំណង​ផ្តល់ប្រយោជន៍​ដល់​ការ​អប់រំ សិក្សា​ស្រាវជ្រាវ និង​ការ​ជួយ​សង្គ្រោះ​សត្វ​ដែល​មាន​រង​គ្រោះ​ផង​ដែរ ។

លោក អុល វ៉ា​ន់​ដា ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ Angkor Wildlife & Aquarium បានឱ្យ​ដឹង​ថា សួន​នេះ​បើក​ចាប់តាំងពី​ឆ្នាំ ២០២២ ។ ហើយ​មុន​ពេល​បើក​ក្នុង​គោល​គំនិត​ដើមធ្វើ​វា​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ និង​ស្តារ​សម្បទា​សត្វ គម្រោងអភិរក្ស និង​អប់​រំជា​ច្រើន​ទៀត​ផង ។ លោក​បញ្ជាក់​ថា មជ្ឈមណ្ឌល​នេះ​រួម​ផ្សំ​ទៅ​ដោយ​ធាតុ ៤ សំខាន់​ៗ គឺ​មាន​សត្វ​ទឹក ដែល​មាន ២ ប្រភេទ​ផ្សេង​គ្នា គឺ​សត្វ​ទឹកប្រៃ និង​សត្វ​ទឹកសាប ។

សត្វ​ទឹកសាប មាន​ត្រី​មកពី​ទន្លេសាប និង​ទន្លេមេគង្គ និង​ប្រភេទ​ត្រី​ទឹកសាប​មក​ពី​អា​ម៉ា​ហ្សូ​ន ដើម្បី​ឱ្យ​អ្នក​ទស្សនា និង​អ្នក​សិក្សា​រៀនសូត្រ​ទាំងឡាយ​អាច​ធ្វើការ​ប្រៀបធៀប​គ្នា​បាន ។ សម្រាប់​ទឹកប្រៃ មានទាំង​ត្រី​ឆ្លាម ត្រី​បបែល និង​សត្វ​ចម្រុះ​ផ្សេង​ៗ ។

ចំពោះ​សត្វព្រៃ មជ្ឈមណ្ឌល​បាន​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​អង្គការក្រៅរដ្ឋាភិបាលមួយ​ចំនួន​ក្នុង​ការ​អភិរក្ស និង​សង្គ្រោះ ដែល​មាន​សត្វ​ខ្លះ​បាន​ជួយ​សង្គ្រោះ​តាំងពី​តូច ហើយសត្វ​ខ្លះ​ទៀត​ជួយ​សង្គ្រោះ​ពី​ការ​រត់ពន្ធ​ផ្សេង​ៗ ។ សហការ​គ្នា​ដើម្បី​ផ្តល់​និ​តិ​សម្បទា បើ​សត្វមាន​របួស​ព្យាបាល បើ​សត្វ​មាន​កាយសម្បទា​ល្អ​ព្រ​លែង​ចូល​ព្រៃ ដោយ​សហការ​ជាមួយអ្នកជំនាញ ។

លោក​ឱ្យ​ដឹង​ទៀត​ថា ​សត្វ​ល្មូ​ន មាន​សត្វ​ល្មូ​ន​ដល់​ទៅ ៤៥ ប្រភេទ​ផ្សេង​គ្នា និង​មានជា​ច្រើន​រយ​ក្បាល ដើម្បី​ឱ្យសិស្សានុសិស្ស​សិក្សា​រៀនសូត្រ ហើយ​សិស្ស​បាន​ចាប់អារម្មណ៍ច្រើន ។

ដោយឡែក ប្រ​ពើ​ភ្នំ ជា​សត្វ​ដែល​យើង​ខិតខំ​ប្រឹងប្រែង​សហការ​ជាមួយ​អង្គការ​ក្រៅរដ្ឋាភិបាល ដើម្បី​អភិរក្ស និង​បង្កាត់​ពូជ ដើម្បី​បង្កើន​ចំនួន​ឱ្យ​កើនឡើង ។ ហើយ​តាំងពី​ឆ្នាំ ២០២២ មក​ដល់​បច្ចុប្បន្ន​បាន​បង្កាត់​ពូជ និង​ព្រ​លែង​ចំនួន ៣ លើក​រួច​មក​ហើយ មាន​ចំនួន ៧១ ក្បាល នៅ​ក្នុង​ព្រៃ​អភិរក្ស សៀម​ប៉ា​ង ជា​កន្លែង​មាន​សុវត្ថិភាព ។ ក្រពើ​មួយ​ចំនួន​បានបំពាក់​កាមេរ៉ា និង GPS ឱ្យ​ដឹង​ថា វា​ពង​នៅ​ទីណា ដើម្បី​ជួយ​ការពារ​សម្បុក​របស់​វា ។

លោក អុល វ៉ា​ន់​ដា បញ្ជាក់​ទៀត​ថា មជ្ឈមណ្ឌល​មានកម្ម​វិធី​សង្គ្រោះ​សត្វ​ផ្ទាល់ ដូចជាសត្វ​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ គឺ​យើង​ទទួល​ព្យាបាល​សត្វ​រហូត​ទាល់តែ​ជា​ ទើប​ព្រ​លែងចូល​ដែន​ធម្មជាតិ​វិញ ។

សួន Angkor Wildlife & Aquarium ស្ថិត​នៅ​ក្នុងស្រុក​សូត្រ​និគម ខេត្តសៀមរាប ហើយ​ទាក់ទង​ការ​អប់រំ លោក អុល វ៉ា​ន់​ដា បានឱ្យ​ដឹង​ទៀត​ថា មក​ដល់​បច្ចុប្បន្ន​មជ្ឈមណ្ឌល​បានសហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ដែល​អនុញ្ញាត​ឱ្យ​សិស្សសាលា និង​គ្រឹះស្ថាន​អប់រំគ្រប់​លំដាប់ថ្នាក់​ទាំងអស់​របស់​ខេត្ត មាន​លទ្ធភាព​ចូល​ទស្សនា សិក្សា​ស្រាវជ្រាវ​នៅ​ទី​នេះ ដែល​តាំងពី​ខែកុម្ភៈ ឆ្នាំ ២០២៤ មក​ទល់​បច្ចុប្បន្ន​នេះ​ទទួល​បាន​សិស្ស និង​លោកគ្រូ អ្នកគ្រូ​ ចំនួន ៤ ម៉ឺន​នាក់​រួច​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ