ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចម្បាំង F-35 ត្រូវ​បាន​រំពឹង​នឹង​ឃើញ​វត្តមាន​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដល់ ៣០០​គ្រឿង នៅ​ឆ្នាំ ២០៣៥

3 ម៉ោង មុន

ប្រទេស​សិង្ហ​បុរី ៖ ក្រុមហ៊ុន​ផលិត​អាវុធ Lockheed Martin របស់​សហរដ្ឋអាមេរិក រំពឹង​ថា​នឹង​ឃើញ​យន្តហោះ​ចម្បាំង F-35 ជំនាន់​ទី ៥…

ប្រទេស​សិង្ហ​បុរី ៖ ក្រុមហ៊ុន​ផលិត​អាវុធ Lockheed Martin របស់​សហរដ្ឋអាមេរិក រំពឹង​ថា​នឹង​ឃើញ​យន្តហោះ​ចម្បាំង F-35 ជំនាន់​ទី ៥ ប្រហែល ៣០០ គ្រឿង កំពុង​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៅ​ឆ្នាំ ២០៣៥​។ នេះ​បើ​តាម​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុមហ៊ុន​នេះ បាន​ថ្លែង​នៅ​ក្នុង​ពិព័រណ៍​យន្តហោះ​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត​ហុងកុង South China Morning Post ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦​។

លោក Steve Sheehy អនុប្រធាន​អភិវឌ្ឍន៍​អាជីវកម្ម​អន្តរជាតិ​ផ្នែក​អាកាសចរណ៍​របស់​ក្រុមហ៊ុន Lockheed Martin បាន​ធ្វើការ​ព្យាករណ៍​នេះ អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​លោក​លើក​ឡើង​ពី​ការ​លេច​ចេញ​នូវ​ការ​គំរាមកំហែង​នៅ​ក្នុង​តំបន់ និង​អន្តរ​ប្រតិបត្តិការ​ដែល​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង សម្រេច​បាន​ដោយ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​។

ការ​បង្ហាញ​វត្តមាន​របស់​ក្រុមហ៊ុន Lockheed Martin នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​យន្តហោះ​នៅ​សិង្ហ​បុរី ត្រូវ​បាន​មើលឃើញ​ថា កើតឡើង​ប្រឆាំង​នឹង​ការ​ពង្រីក​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​ចិន​នៃ​កង​យន្តហោះ​ចម្បាំង​ជំនាន់​ទី ៥ របស់​ខ្លួន​។

លោក Sheehy បាន​លើក​ពី​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​ជាមួយ​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អា​មេ​រិ​ក នៅ​ក្នុង​តំបន់ រួម​មាន អូស្ត្រាលី ជប៉ុន សិង្ហ​បុរី និង​កូរ៉េ​ខាងត្បូង ដែល​កំពុង​តែ​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង F-35 ។ លោក​បន្ត​ថា ប្រទេស​ជប៉ុន និង​សិង្ហ​បុរី បាន​បញ្ជា​ទិញ​ទាំង​យន្តហោះ​ចម្បាំង F-35A និង F-35B​។ ជប៉ុន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ក្លាយជា​ប្រទេស​ដែល​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង F-35 ច្រើន​ជាងគេ​ទី​២​នៅ​លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក ខណៈ​តំណែង​នេះ ត្រូវ​បាន​កាន់កាប់​កាលពី​ឆ្នាំ​មុន​ដោយ​អូស្ត្រាលី​ដែល​មាន​ចំនួន ៧២ គ្រឿង ​ចំណែក​កូរ៉េ​ខាងត្បូង​កំពុង​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង F-35A ចំនួន ៤០ គ្រឿង និង​កំពុង​សម្លឹង​រក​ការ​បញ្ជា​ទិញ​ពី ៥ ទៅ ២០ គ្រឿង​ថែម​ទៀត​។

ក្រុមហ៊ុន Lockheed Martin សម្រេច​បានការ​លក់​យន្តហោះ​ចម្បាំង F-35 ចំនួន ១៩១ គ្រឿង ដែល​ជា​ការ​បំបែក​កំណត់​ត្រា កាលពី​ឆ្នាំ​មុន ហើយ​កំពុង​ស្ថិត​លើ​ផ្លូវ​ដើម្បី​លក់​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ ចំនួន ១៥៦ គ្រឿង​ថែម​ទៀត​នៅ​ឆ្នាំ​នេះ​។

យន្តហោះ​ចម្បាំង​ជំនាន់​ទី ៥ ជា​ធម្មតា​មាន​សមត្ថភាព​បំបាំងកាយ​ខ្ពស់ (​គេច​ពី​រ៉ា​ដា​) និង​ជា Supercruise ដែល​មាន​ន័យ​ថា ហោះ​នៅ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ហើយ​ក៏​ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អាកាសចរណ៍​ទំនើប (Avionic) ជា​ច្រើន​រួម​បញ្ចូល​គ្នា​។ ជាមួយ​ភាព​បត់បែន​ខ្ពស់ និង​ការ​ដឹង​អំពី​ស្ថានភាព​កាន់តែ​ប្រសើរ​ឡើង​ធ្វើ​ឱ្យ​យន្តហោះ​ចម្បាំង​ជំនាន់​ទី ៥ មាន​ប្រសិទ្ធភាព​ជាង​មុន បើ​ធៀប​នឹង​យន្តហោះ​ជំនាន់​មុន ជា​ពិសេស អាច​គ្រប់គ្រង​ដែនអាកាស​បាន​ល្អ​ជាង តាម​រយៈ​បេសកកម្ម​ផ្លូវអាកាស​។

ការ​អភិវឌ្ឍ និង​ពង្រីក​កង​យន្តហោះ​ចម្បាំង​បាន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​ចិន កាលពី​ឆ្នាំ​មុន ជា​ពិសេស​ទៅ​លើ​យន្តហោះ J-20 និង J-35 ធ្វើ​ឱ្យ​កក្រើក​កង​យន្តហោះ​ចម្បាំង​ពិភពលោក​។ បើ​តាម​របាយការណ៍​មួយ​កាលពី​ថ្មី​ៗ​នេះ ដោយ​វិទ្យាស្ថាន Royal United Services Institute មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស បាន​រក​ឃើញ​ថា សមត្ថភាព​របស់​ចិន​ក្នុង​ការ​ប្រកួតប្រជែង​អំណាច​ផ្លូវអាកាស​ជាមួយ​លោក​ខាងលិច នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មកនេះ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ