ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាមកាន់តែកៀកខិតចូលមកដល់ គេសង្កេតឃើញប្រជាពលរដ្ឋរស់នៅតាមភូមិនានា ក្នុងខេត្តប៉ៃលិននាំគ្នាធ្វើដំណើរទៅផ្សារសាមគ្គី និងផ្សារត្រី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនយ៉ាងច្រើនកុះករគួរឱ្យកត់សម្គាល់ ។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋម្នាក់ឈ្មោះ លី គឹមហ៊ាង អាយុ៣៥ឆ្នាំ និងឈ្មោះគីម ឆេង ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិនបានឱ្យដឹងថា ដោយសារតែពួកគាត់ជាប់ខ្សែស្រឡាយចិន ទើបនៅថ្ងៃទី២៧ មករា នេះ នាំគ្នាធ្វើដំណើរទៅទិញ នំ ចីណី ផ្លែឈើ ធូប ទៀន និងគ្រឿងសម្ភារសែនព្រេនផ្សេងៗជាច្រើនទៀត ដូចជា ក្រដាសប្រាក់សែន រថយន្តក្រដាស ដើមអង្គាសីល និងភ្លើងពណ៌ជាផ្កាភ្ញី ដើម្បីយកទៅដាក់តាំងលំអនៅមុខផ្ទះ ទទួលទេវតាចិន សម្រាប់ឆ្នាំថ្មី២០២៥ ។
ពួកគាត់បន្តទៀតថា ជារៀងរាល់ឆ្នាំឱ្យតែដល់ខែសែនចូលឆ្នាំចិន ពួកគាត់តែងតែទិញគ្រឿងសែន ដើម្បីយកទៅសែនព្រេនបួងសួងឱទិ្ទសកុសល្យផលបុណ្យដល់កុងម៉ា និងញាតិសាច់សារលោហិតដែលបានចែកឋានទៅហើយ មកទទួលយកគ្រឿងសម្ភារទាំងអស់នោះ ហើយប្រទានពរជ័យសិរីមង្គលដល់ក្រុមគ្រួសាររបស់គាត់ឱ្យរកស៊ីទទួលទានបានជោគជ័យគ្រប់កិច្ចការទាំងអស់ ។
ចំណែកអាជីវករម្នាក់ឈ្មោះ ចែម៉ាប់ បានឱ្យដឹងថា ការលក់ដូររបស់អាជីវករទាំងអស់ នៅព្រឹកថ្ងៃដដែលនេះ ពិតជាដាច់កាក់កប ដោយគ្រប់ទាំងសាច់មាន់ សាច់ជ្រូក និងគ្រឿងបរិភោគផ្សេងៗទៀត ត្រូវបានអតិថិជនចូលទៅទិញស្ទើរតែលក់ មិនទាន់នោះឡើយ ។
ពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំងក្នុងការលក់ដូរ គ្រឿងបរិភោគ និងរបស់របរសែនព្រេនសម្រាប់ទទួលអតិថិជនដែលមកពីតាមភូមិ ដែលទិញយកទៅប្រើប្រាស់នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនវៀតណាម ។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងប្រជាពលរដ្ឋ និងអាជីវករ នាពេលបុណ្យចូលឆ្នាំចិនវៀតណាមនេះ ម្នាក់ៗត្រៀមខ្លួនជាស្រេច ទាំងការទិញ និងលក់ដូរ ទទួលបានសេចក្តីរីករាយស្រស់ស្រាយនៅតាមផ្សារទាំងអស់ក្នុងខេត្តប៉ៃលិន ។
តែអាជ្ញាធរក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដុតធូបទៀន មុននឹងចេញទៅណា ឆ្ងាយយើងត្រូវតែពន្លត់ឱ្យបានរួចរាល់ ដើម្បីការពារកុំឱ្យមានករណីអគ្គិភ័យឆាបឆេះកើតឡើងជាយថាហេតុផងដែរ ៕
ចែករំលែកព័តមាននេះ