ពីព្រោះតែអំណោយ និងសន្ធាបូកផ្សំនឹងការចង់បានពីអ្នកដែលខ្វះខាតបានបណ្តាលឲ្យកើតមានសោកនាដកម្មឆ.ក់ជីវិតពលរដ្ឋស្លា.ប់៤នាក់ និងរបួស៥នាក់ ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នាថ្ងៃដែលបងប្អូនខ្សែស្រឡាយចិន ឬវៀតណាមមានជំនឿថា…
ពីព្រោះតែអំណោយ និងសន្ធាបូកផ្សំនឹងការចង់បានពីអ្នកដែលខ្វះខាតបានបណ្តាលឲ្យកើតមានសោកនាដកម្មឆ.ក់ជីវិតពលរដ្ឋស្លា.ប់៤នាក់ និងរបួស៥នាក់ ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នាថ្ងៃដែលបងប្អូនខ្សែស្រឡាយចិន ឬវៀតណាមមានជំនឿថា ជាថ្ងៃសែនដកជើងធូប មុនពេលទទួលចូលឆ្នាំថ្មីនៅសប្តាហ៍ក្រោយ ។
ហេតុការណ៍សោកនាដកម្មនេះបានកើតឡើងនៅនឹងលំនៅស្ថានអ្នកឧកញ៉ា សុខ គង់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ភូមិផ្សារថ្មី៣ ខណ្ឌដូនពេញ ខណៈដែលហ្វូងមនុស្សបានប្រមូលផ្តុំគ្នា ដើម្បីដណ្តើមអាំងប៉ាវដែលមានទឹកប្រាក់៤ម៉ឺនរៀល និងអង្ករទម្ងន់២គីឡូក្រាម ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍ឲ្យដឹងថា សោកនាដកម្មនេះបានកើតមានឡើងនៅពេលដែលមនុស្សជាច្រើនបានប្រមូលផ្តុំគ្នាដណ្តើមអំណោយជាអង្ករ និងអាំងប៉ាវ នៅក្នុងស្ថានភាពដែលគ្មានសណ្តាប់ធ្នាប់ ។
ពីព្រោះតែអាំងប៉ាវ និងអំណោយជាអង្ករនេះក៏បានកើតមានភាពចលាចលផ្អើលពីមនុស្សម្នានាំគ្នាទៅដណ្តើមវាដែលនាំឱ្យមានឧប្បត្តិហេតុថប់ដង្ហើម និងសន្ល.ប់ ហើយឈានដល់ករណីកើតមានសោកនាដកម្មបាត់បង់ជីវិត និងរបួសបែបនេះ ។ ទិដ្ឋភាពបែបនេះក៏ជាសក្ខីកម្មសម្រាប់សង្គមដែលបង្ហាញពីជីវភាព និងតម្រូវការរបស់ពលរដ្ឋ ។
ក្រោយកើតហេតុការណ៍លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមសង្គ្រោះបន្ទាន់ចុះទៅដល់កន្លែងកើតហេតុ ដោយដាក់ពង្រាយរថយន្តសង្គ្រោះ និងបុគ្គលិក ដើម្បីដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងស្តារសណ្តាប់ធ្នាប់ឡើងវិញ ។
មូលហេតុដែលសមត្ថកិច្ចបានបំភ្លឺប្រាប់សារព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមានបុរស២នាក់ និងស្ត្រី២នាក់ ហើយសុទ្ធតែជាមនុស្សចាស់ ហើយមូលហេតុនេះ គឺបណ្តាលមកពីពួកគេខ្យល់គរ ។ នេះ គឺជាសោកនាដកម្មថ្មីមួយដែលមិនគួរកើតមាន ដូច្នេះចាប់ពីពេលនេះតទៅនៅពេលដែលមានការប្រមូលផ្តុំមនុស្សចាំបាច់ គឺត្រូវតែគិតអំពីសណ្តាប់ធ្នាប់នេះជាធំ ជាពិសេស គឺលំហូរនៃចរន្តខ្យល់ ។
តាមការស្រាវជ្រាវបានឲ្យដឹងថា ជាប្រក្រតីមនុស្សធម្មតាត្រូវការដកដង្ហើមប្រមាណជាពី១២ ទៅ២០ដង នៅក្នុងមួយនាទី ហើយសម្រាប់មនុស្សពេញវ័យដែលមិនមានសុខភាពល្អ ជាពិសេស គឺប្រព័ន្ធដង្ហើម ពួកគេអាចនឹងត្រូវការដកដង្ហើមញឹកញាប់ជាងនេះ ។ ផ្អែកតាមការស្រាវជ្រាវនេះ វាមានន័យថា មនុស្សត្រូវដកដង្ហើមប្រមាណជារៀងរាល់ពី៣ទៅ៥វិនាទីប៉ុណ្ណោះ ។
នៅក្នុងអំឡុងពេលនោះសម្រាប់បរិមាណខ្យល់ដែលចេញចូលក្នុងពេលដកដង្ហើមមួយដង គឺត្រូវការប្រមាណជា៥០០មីលីលីត្រខ្យល់ នៅពេលដកដង្ហើមធម្មតា ។ មនុស្សម្នាក់ៗត្រូវការខ្យល់ប្រហែលជាពី៦ទៅ១០លីត្រក្នុងមួយនាទី ដើម្បីផ្គត់ផ្គង់អុកស៊ីសែនឲ្យបានគ្រប់គ្រាន់ដល់ឈាម និងសាច់ដុំ ដើម្បីទ្រទ្រង់ជីវិតមនុស្ស ។
បរិមាណខ្យល់នេះ អាចប្រែប្រួលទៅតាមអាយុ សុខភាពកាយសម្បទា និងសកម្មភាពដែលអ្នកកំពុងធ្វើ ហើយសម្រាប់មនុស្សចាស់អាចនឹងត្រូវការលំហូរខ្យល់នេះកាន់តែច្រើន ។ ដូច្នេះហើយនៅពេលទីកន្លែងណាមួយដែលមានមនុស្សច្រើនពេក ហើយលំហូរខ្យល់ចេញចូលមិនគ្រប់គ្រាន់សម្រាប់តម្រូវការនៃរូបរាងកាយនោះផលវិបាក គឺខ្វះអុកស៊ីសែនទ្រង់ទ្រង់ជីវិតទើបកើតមានហេតុការណ៍ និងសោកនាដកម្មនេះកើតមានឡើងដូច្នេះ ។
សរុបទៅអ្វីដែលបានកើតមានឡើង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ គឺជាកំណត់ត្រាមួយថ្មីហើយក៏ជាសក្ខីកម្មដែលតម្រូវអោយមានការប្រុងប្រយ័ត្នសម្រាប់ការរៀបចំកម្មវិធីផ្សេងៗ ដែលមានមនុស្សចូលរួមច្រើនពេក ។
ពិធីមួយដែលមានមនុស្សចូលរួមច្រើន គឺប្លែកហើយល្បីល្បាញ ប៉ុន្តែប្រសិនបើយើងរៀបចំមិនបានត្រឹមត្រូវទេនោះវាអាចកើតទៅជាហេតុការណ៍សោកនាដកម្មកើតមានឡើងយ៉ាងចម្លែកបែបនេះ ។ រាល់កម្មវិធីគួរតែពិនិត្យ មើលទីតាំង គួរកំណត់ចំនួន ហើយសណ្តាប់ធ្នាប់ គឺត្រូវតែយកចិត្តទុកដាក់ ៕
ចែករំលែកព័តមាននេះ