ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលនេប៉ាល់ដំឡើងថ្លៃឡើងភ្នំអេវឺរ៉េសរហូតដល់១៥.០០០ដុល្លារ

1 ថ្ងៃ មុន

ប្រទេសនេប៉ាល់ ៖ តាមប្រភពពីសារព័ត៌មាន BBC និង Sky News កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥…

ប្រទេសនេប៉ាល់ ៖ តាមប្រភពពីសារព័ត៌មាន BBC និង Sky News កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលនេប៉ាល់ប្រកាសដំឡើងថ្លៃឡើងភ្នំអេវឺរ៉េស (Mount Everest) រហូតដល់១៥,០០០ដុល្លារ ដែលជាការដំឡើងថ្លៃលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍នេះ។

មន្ត្រីពីរដ្ឋាភិបាលប្រទេសនេប៉ាល់បានប្រកាសកាលពីថ្ងៃពុធថា ចាប់ពីខែកញ្ញាតទៅ អ្នកកំពុងតែស្វែងរកការឡើងភ្នំអេវឺរ៉េសកម្ពស់៨,៨៤៨.៨៦ម៉ែត្រ ដែលជាភ្នំខ្ពស់ជាងគេបំផុតរបស់ពិភពលោក នឹងត្រូវបង់ប្រាក់ចំនួន១៥,០០០ដុល្លារ ដែលជាការដំឡើងថ្លៃរហូតដល់ ៣៦% ឬស្មើនឹងការបន្ថែម៤ពាន់ដុល្លារពីលើតម្លៃចាស់ ១១,០០០ដុល្លារ។ ប្រាក់ចំណូលបានមកពីថ្លៃឡើងភ្នំ និងការចំណាយផ្សេងទៀតរបស់អ្នកឡើងភ្នំបរទេស គឺជាប្រភពចំណូល និងការងារដ៏សំខាន់សម្រាប់ប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចមួយនេះ ហើយជាទីតាំងនៃភ្នំចំនួន ៨ ក្នុងចំណោមភ្នំខ្ពស់បំផុតទាំង ១៤ របស់ពិភពលោក រួមទាំងភ្នំអេវឺរេសផងដែរ។

ការដំឡើងថ្លៃ ១៥,០០០ដុល្លារថ្មី នឹងអនុវត្តសម្រាប់រដូវកាលឡើងភ្នំដ៏ពេញនិយមបំផុត ចាប់ពីខែមេសាដល់ខែឧសភា តាមបណ្តោយផ្លូវ South East Ridge ឬ South Col ។ ចំណែកថ្លៃសេវាចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមិនសូវពេញនិយមខ្លាំង ហើយនឹងរដូវកាលកម្រអ្នកឡើងភ្នំពីខែធ្នូដល់ខែកុម្ភៈ ក៏នឹងកើនឡើង ៣៦% ផងដែរ នៅក្នុងតម្លៃដល់ ៧,៥០០ដុល្លារ និង ៣,៧៥០ដុល្លារ។

ការដំឡើងថ្លៃដល់ ៣៦% ត្រូវបានមើលឃើញថាជាផ្នែកមួយនេះ នៃការកាត់បន្ថយចំនួនអ្នកឡើងភ្នំផងដែរ ស្របពេលដែលមានអ្នកឡើងភ្នំរហូតដល់៣០០នាក់ជារៀងរាល់ឆ្នាំ។ ប្រទេសនេប៉ាល់ជារឿយៗ ត្រូវបានរិះគន់ដោយអ្នកជំនាញឡើងភ្នំ ចំពោះការអនុញ្ញាតឱ្យមនុស្សច្រើនពេកឡើងភ្នំអេវឺរេស ហើយបានធ្វើសកម្មភាពតិចតួច ដើម្បីរក្សាទីនោះឱ្យស្អាត ឬធានាសុវត្ថិភាពរបស់អ្នកឡើងភ្នំ។ អ្នកឡើងត្រឡប់មកពីភ្នំអេវឺរ៉េសវិញបានអះអាងថា ភ្នំកាន់តែស្ងួត ថ្មជាប់ព្រិលមានតិចជាងមុន​ និងមានទឹកភ្លៀងច្រើន ដែលអ្នកជំនាញថា កត្តាទាំងនេះអាចបណ្តាលមកពីការឡើងកំដៅផែនដី ឬការប្រែប្រួលបរិស្ថានផ្សេងទៀត។

រដ្ឋាភិបាលនេប៉ាល់មិនបានធ្វើអត្ថាធិប្បាយអំពីមូលនិធិបន្ថែម ឆ្ពោះទៅរកការដោះស្រាយពីកង្វល់នោះទេ ប៉ុន្តែអគ្គនាយកនៃនាយកដ្ឋានទេសចរណ៍នេប៉ាល់បញ្ជាក់ថា យុទ្ធនាការសម្អាតត្រូវបានរៀបចំឡើងដើម្បីប្រមូលសំរាម ហើយការជួសជុលខ្សែពួរ និងវិធានការសុវត្ថិភាពផ្សេងទៀត ត្រូវបានធ្វើឡើងជាទៀងទាត់។ ដោយក្នុងពេលនោះ យ៉ាងហោចណាស់ការសម្អាត៥លើកត្រូវបានធ្វើឡើង ដោយប្រមូលសំរាមបានចំនួន១១៩តោន សាកសពមនុស្ស១៤នាក់ និងគ្រោងឆ្អឹងមួយចំនួនផងដែរ។ ទោះយ៉ាងណាក៏ដោយ គេបានប៉ាន់ប្រមាណថា សាកសព២០០នាក់ទៀត នៅតែស្ថិតនៅលើភ្នំ៕ ដកស្រង់ ៖ BBC និង Sky News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ