រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះភ្លៀងកក់ខែដែលនឹងអាចកើតមាននៅថ្ងៃទី៦ ដល់១០ ខែមីនា ឆ្នាំ២០២៥ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់រហូតដល់២៥ ភាគរយនៅលើផ្ទៃដី ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថាខណៈដែលសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូងឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានស្ថានភាពដូចតទៅ ៖
១. តំបន់វាលទំនាប ៖ មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងកក់ខែគ្របដណ្តប់លើផ្ទៃដី២០% ។
២.តំបន់ខ្ពង់រាប៖ មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងកក់ខែគ្របដណ្តប់លើផ្ទៃដី១៥% ។
៣.តំបន់មាត់សមុទ្រ ៖ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀង កក់ខែគ្របដណ្តប់ លើផ្ទៃដី២៥% ។ ចំណែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល ។ ក្រសួងក៏បានសូមបញ្ជាក់ថា កន្លងមកចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភ្លៀងកក់ខែបានគ្របដណ្តប់លើ២២រាជធានី/ខេត្ត និង១៤២ក្រុង/ស្រុក/ខណ្ឌ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ