ឃាត់រថយន្តធុនធ្ងន់ជិត៥០គ្រឿង ត្រួតពិនិត្យធ្វើតេស្តអ្នកបើកបររកសារធាតុញៀ.ន
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនធ្ងន់ចំនួន៤៩គ្រឿងត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យឃាត់ត្រួតពិនិត្យនិងធ្វើតេស្តទៅលើអ្នកបើកបរដើម្បីរកសារធាតុញៀន ។ ការដាក់កម្លាំងឃាត់រថយន្តធុនធ្ងន់នេះបន្ទាប់ពីកន្លងមករថយន្តទាំងនោះបើកបរក្នុងល្បឿនលឿនមិនសូវគោរពច្បាប់ចរាចរណ៍ហើយតែងតែបង្កគ្រោះថ្នាក់ ដែលគេសង្ស័យថាអ្នកបើកបរ អាចនឹងផ្ទុកនូវសារធាតុញៀន។
តាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាដោយ អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តការត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លើអ្នកបើកបររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់រថយន្តធុនធំចំនួន៤៩គ្រឿង អ្នកបើកបរចំនួន៤៩នាក់ យកមកត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លទ្ធផលបានបង្ហាញអវិជ្ជមាន (គ្មានសារធាតុញៀន)។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានអោយដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យ និងធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ គឺនគរបាលយើងធ្វើឡើងដើម្បី ធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងជាការ បង្ការ ទប់ស្កាត់ អ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន សំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាបបំផុតតាមដែលអាចធ្វើបាន ៕














ចែករំលែកព័តមាននេះ