ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាការ​របស់​កម្ពុជា កាលពី​ឆ្នាំ​២០២៤ សម្រេច​បាន​កំណើន​ដល់​ទៅ​១៤​ភាគរយ​ជាមួយនឹង​ចំនួន​ជើងហោះហើរ​ប្រមាណ​ជា​ជិត​៦ ម៉ឺន​ជើង ប៉ុន្តែ​ធៀប​នឹង​ថៃ និង​វៀតណាម គឺ​ឆ្ងាយ​ខ្លាំង​ដែល​ទាមទារ​ឲ្យ​កម្ពុជា​ខិតខំ​បន្ថែម​ទៀត ។ ស្ថិតិ​ដែល​ទទួល​បាន​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​ឲ្យ​ដឹង​ថា…

វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាការ​របស់​កម្ពុជា កាលពី​ឆ្នាំ​២០២៤ សម្រេច​បាន​កំណើន​ដល់​ទៅ​១៤​ភាគរយ​ជាមួយនឹង​ចំនួន​ជើងហោះហើរ​ប្រមាណ​ជា​ជិត​៦ ម៉ឺន​ជើង ប៉ុន្តែ​ធៀប​នឹង​ថៃ និង​វៀតណាម គឺ​ឆ្ងាយ​ខ្លាំង​ដែល​ទាមទារ​ឲ្យ​កម្ពុជា​ខិតខំ​បន្ថែម​ទៀត ។

ស្ថិតិ​ដែល​ទទួល​បាន​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​ឲ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ កម្ពុជា​បាន​ទាក់ទាញ​ជើងហោះហើរ​ទ្វេ​ទិស​សរុប​៥៨.៣៥៤​ជើង ជាមួយនឹង​អ្នកដំណើរ​សរុប​ជាង​៦​លាន​នាក់ និង​ទំនិញ​ចេញចូល​សរុប​ជិត​៨ ម៉ឺន​តោន​កើនឡើង​ដល់​ទៅ​៤០​ភាគរយ ។

តាម​ការ​កត់ត្រា​នេះ ជើង​ហោះ​ដែល​បាន​ភ្ជាប់​កម្ពុជា​ទៅ​នឹង​គោលដៅ​ផ្សេង​ៗ​នៅ​ក្នុង​តំបន់ គឺ​អាច​សម្រេច​បាន​ត្រឹមតែ​១៨៩ ជើង​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ថ្ងៃ ដោយនៅ​ក្នុង​នោះ​ការ​ហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន​១៣១​ជើង អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ​មាន​ចំនួន​៥២ ជើង និង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះ​សីហ​នុ​បាន​តែ​៦​ជើង​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ថ្ងៃ ។

ឃើញ​ស្ថិតិ​នេះ បើ​យើង​មិន​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង​មិនជា​អ្វី​ទេ គឺ​យើង​ឃើញ​វា​ពិតជា​វិជ្ជមាន​មែន ដោយសារ​តែ​វា​មាន​កំណើន​ទាំង​ជើងហោះហើរ ចំនួន​អ្នកដំណើរ និង​កំណើន​ចរាចរណ៍​ចេញចូល​នៃ​ទំនិញ ។ ប៉ុន្តែ​ប្រសិនបើ​យើង​ពិនិត្យ​ទៅ​លើ​តួរ​លេខ​នៅ​ប្រទេស​ថៃ និង​វៀតណាម គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ ហើយ​គួរតែ​យក​ចំណុច​នេះ ដើម្បី​ជំរុញ​ការ​ធ្វើ​ទីផ្សារ​ឃោសនា និង​លើកកម្ពស់​កិត្យានុភាព​បន្ថែម​ទៀត​ដើម្បី​ជំរុញ​កំណើន​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ។

សម្រាប់​ថៃ​មិន​ចាំបាច់​គិតដល់​មួយ​ឆ្នាំ​ទេ គឺ​ត្រឹមតែ​នៅ​ក្នុង​រង្វង់​អំឡុង​ពេល​នៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នៅ​ចុង​ស​ប្តា​ហ៍​នេះ សរុប​ប្រមាណ​ជា​ជាង ២៤.៦០០​ជើង​ជាមួយនឹង​អ្នកដំណើរ​រហូត​ដល់​ទៅ​ប្រមាណ​ជា​៤​លាន​នាក់ ឯណោះ តាម​រយៈ​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស​ចំនួន​៦​កន្លែង ដែល​រួម​មាន សុវណ្ណ​ភូមិ​ដ​ន​មឿង ឈៀង​ម៉ៃ ម៉ែ​ហ្វា​ហ្លួង ឈៀង​រ៉ៃ ភូ​កេ​ត និង​ហាត​យ៉ៃ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍ ។

ដោយឡែក​វៀតណាម​វិញ នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ដូច​គ្នា គ្រាន់តែ​អាកាសយានដ្ឋាន​អន្តរជាតិ នៅ​ទីក្រុង​ហូ​ជី​មិ​ញ​តែ​មួយ គឺ​អាច​មាន​ចរាចរណ៍​ពី​៨២០​ទៅ ៩០០​ជើង​នៅ​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​នៅ​ក្នុងអំឡុងពេល​ប្រមាណ​ជា​១​ស​ប្តា​ហ៍ វៀតណាម​អាច​សម្របសម្រួល​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ប្រមាណ​ជា ជិត​១​លាន​នាក់​ឯណោះ ។

បណ្តាញសារព័ត៌មាន VN Express បាន​ប៉ាន់​ប្រមាណ​ថា នៅ​ក្នុង​អំឡុង​នៃ​ការ​រីករាយ​សប្បាយ​នៃ​បុណ្យចូលឆ្នាំ​របស់​ខ្លួន​វៀតណាម អាច​នឹង​ទាក់ទាញ​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស សរុប​មិន​តិច​ជាង​៦​ពាន់​ជើងទេ នៅ​ក្នុងអំឡុងពេល​នៃ​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្លួន​នេះ ។ ផ្អែក​តាម​ទឡ្ហីករណ៍​នេះ យើង​រំពឹង​ថា អ្នក​ពាក់ព័ន្ធ​នឹង​យល់​ជា​ព័ត៌មាន ហើយនឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​បង្កើន​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​នេះ​ឲ្យ​កាន់តែ​ប្រសើរ និង​ឈាន​ទៅ​កាត់​បន្ថយ​គម្លាត​នៃ​ការ​ប្រៀបធៀប​ជាមួយនឹង​វៀតណាម និង​ថៃ​បន្ថែម​ទៀត ។

នៅ​ក្នុង​ឆ្នាំ​២០២៤​ថ្មី​ៗ​កន្លង​ទៅ កម្ពុជា​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ភូមិភាគ​និរតី​ថ្មី​មួយ​ទៅ​អាកាសយានដ្ឋាន​តារា​សាគរ​នៅ​ខេត្តកោះកុង ដែល​បាន​បញ្ចប់​ការ​សាកល្បង​ទទួល​ជើងហោះហើរ​ដ៏​ជោគជ័យ ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ​នៅ​ត្រីមាស​ទី​៣ អាកាសយានដ្ឋាន​ថ្មី​បំផុត​ដែល​កំពុង​តែ​សាងសង់​នឹង​បញ្ចប់ ហើយនឹង​ដាក់​ឲ្យ​ដំណើរការ​តែ​ម្តង ។ ដូច្នេះ​សង្ឃឹមថា កម្ពុជា​នឹង​បង្កើន​កា​រត​ភ្ជាប់​ហើយ​ក៏​រំពឹង​ថា​កម្ពុជា​អាច​នឹង​បើក​គោលដៅ​ដឹក​ជញ្ជូន​ថ្មី​ៗ​។

សេវាកម្ម​ដឹក​ជញ្ជូន និង​ទេសចរណ៍​មិន​អាច​ផ្តាច់​ចេញពី​គ្នា​បាន​ទេ ហើយ​សង្ឃឹមថា គ្រប់​ភាគី​នឹង​ប្រើប្រាស់​គ្រប់​រូបភាព ឬ​យន្តការ ដើម្បី​ធ្វើ​យ៉ាងណា​គេ​ឲ្យ​ស្គាល់​ពី​កម្ពុជា ហើយ​គេ​ចង់​មក​លេង​មក​វិនិយោគ​មក​បណ្តាក់ទុន​ផ្សេង​ៗ ដូច្នេះ​យើង​រំពឹង​ថា គុណ​វឌ្ឍន៍​ដែល​ទទួល​បាន​ពី​សមិទ្ធផល​នៃ​អាកាសយានដ្ឋាន​២​ថ្មី​នឹង​ធ្វើ​ឲ្យ​ជើងហោះហើរ​កាន់តែ​ច្រើន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ