រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាបានដាក់ឧបករណ៍តាមដានបរិមាណខ្យល់១ថ្ងៃ២៤ម៉ោង ចំនួន៦០កន្លែង នៅទូទាំងរាជធានីខេត្ត និង១០កន្លែងនៅរាជធានីភ្នំពេញ ខណៈទិន្នន័យឃើញថា ខ្យល់នៅកម្ពុជាមានភាពល្អប្រសើរ ពោលគឺស្ថិតនៅក្រោមបន្ទាត់ក្រហមដែលមិនអាចចាត់ទុកកើតជាបញ្ហានោះទេ ។ នេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ។
ការដាក់ឧបករណ៍នេះ ខណៈប្រជាមតិមួយចំនួនបានសម្តែងក្តីបារម្ភចំពោះខ្យល់ ដោយមានអ័ព្ទធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា ការចុះអ័ព្ទនៅកម្ពុជាមិនមានការជាប់ពាក់ព័ន្ធ និងធ្វើឲ្យមានការកើនឡើងបរិមាណខ្យល់ពុលនោះទេ ។ លោកបន្តថា សារធាតុបំពុលខ្យល់បានកើនឡើងនៅក្នុងប្រទេសកម្ពុជាមិនមានដល់បន្ទាត់ក្រហម ដែលចាំបាច់ចេញវិធានការឲ្យប្រជាពលរដ្ឋមានការយកចិត្តទុកដាក់មិនឲ្យចេញពីផ្ទះ ឬពាក់មាស់នៅទីសាធារណៈនោះទេ ។
ពីព្រោះថា កម្រិតដែលស្តង់ដាកំណត់នោះមាន៥០ម៉ៃក្រូក្រាមក្នុងមួយម៉ែត្រគូប ។ អ្នកនាំពាក្យបានបញ្ជាក់ថា ៖«បញ្ហាបរិមាណខ្យល់នៅកម្ពុជាកើនឡើងត្រឹមតែ៣៥ម៉ៃក្រូក្រាម កាលពីថ្ងៃម្សិលមិញ អីញ្ចឹងមិនទាន់ដល់ស្តង់ដាកំណត់នោះទេ ។ នៅថ្ងៃទី២៣ មករានេះ រថយន្តចល័តតាមដានបរិមាណខ្យល់ ៣គ្រឿងរបស់ក្រសួងបានបញ្ចេញ ។ ហើយសូមបញ្ជាក់ឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់យើងដាក់នៅទូទាំងប្រទេសចំនួន៦០កន្លែង ដោយឡែកនៅរាជធានីភ្នំពេញ១០កន្លែង ហើយដាក់រថយន្តចល័ត២គ្រឿងបន្ថែមទៀត» ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យបានឲ្យដឹងទៀតថា នៅក្នុងរយៈពេលជិត១ខែមករានេះ គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជានៅភាពល្អ ទោះបីមានកំណើនកំហាប់លើសពីធម្មតាដែលមានពី១០ ទៅ២០ម៉ៃក្រូក្រាម ហើយបានឡើងជាង៣០ម៉ៃក្រូក្រាមនេះ ដោយសារមានកត្តារួមផ្សំជាច្រើនដូចជា ការដុតសំរាម , ស្ថានភាពនៅប្រទេសជុំវិញបានកំពុងតែជួបបញ្ហាខ្យល់ និងកត្តាផ្សេងៗទៀត ។
អ្នកនាំពាក្យបានឲ្យដឹងថា គុណភាពខ្យល់នៅកម្ពុជាមានភាពល្អប្រសើរ មិនប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋនោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភ ចំពោះការចែកចាយនៅតាមបណ្ដាញសង្គមឱ្យសោះ ខណៈក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថានបានតាមដានជាប់ជាប្រចាំ ។
អ្នកនាំពាក្យក៏បានគូសបញ្ជាក់ថា មកដល់ថ្ងៃនេះនៅប្រទេសកម្ពុជាមិនមានផ្សែងពុលណាមួយបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ បន្ថែមពីនេះ ក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់នៅទូទាំង២៥ រាជធានី-ខេត្ត ព្រមទាំងមានរថយន្តសម្រាប់វាស់គុណភាពខ្យល់ ចល័ត ប្រសិនបើមានករណីសង្ស័យថា តំបន់ណាមួយមានការសង្ស័យ ។
លោកបានគូសបញ្ជាក់បន្ថែមថា ៖«បន្ទាប់ពីក្រុមការងារបច្ចេកទេសបានប្រើរថយន្តក៏ដូចជា ឧបរណ៍សម្រាប់តាមដានកម្រិតគុណភាពខ្យល់ដែលត្រូវបានតំឡើងនៅក្នុងរាជធានីភ្នំពេញក៏ដូចជា រថយន្តចល័តចេញធ្វើការវិភាគទៅលើគុណភាពខ្យល់បានបង្ហាញថា គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញមិនមានផលអាក្រក់ដល់សុខភាពនោះទេ គឺនៅក្នុងកម្រិតល្អជាប្រក្រតី» ។
អ្នកនាំពាក្យក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភឱ្យសោះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន តាមដានជាប់ជាប្រចាំ ។ ប្រជាពលរដ្ឋ ដែលមានបំណងតាមដានគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សូមតាមដានរបស់ App របស់ក្រសួងបរិស្ថាន ដែលមានភាពសុក្រឹតច្បាស់លាស់ជាងការប្រើប្រាស់ App ដទៃ ដែលមិនមានវិសាលភាពនៃគ្របដណ្តប់ទូលំទូលាយ និងច្បាស់លាស់ដូច App របស់ក្រសួងស្ថាន ។
កន្លងមក ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី ខេត្តទាំង២៥ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើងការបំពុលបរិយាកាស ។
ក្រសួងបរិស្ថាន បាននែនាំឱ្យពង្រឹងការទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម និងត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់» ៕
ចែករំលែកព័តមាននេះ