ជំងឺមិនឆ្លងដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺជាច្រើនទៀតបានកំពុងកើតមានច្រើននៅក្នុងប្រទេសកម្ពុជាដោយតម្រូវអោយមានការបង្កើនការអប់រំប្រជាជន ដើម្បីមានការយល់ដឹង និងកាត់បន្ថយការកើតជំងឺនេះ ។ កម្លាំងក្រុមការងារបច្ចុប្បន្នភាពកូវីដ១៩ អាចគួរងាកមកការអប់រំជំងឺមិនឆ្លងនេះអោយបានទូលំទូលាយបំផុតតាមដែលអាចធ្វើទៅបានពីព្រោះវាកំពុងតែបង្កហានិភ័យខ្លាំងដល់សុខភាពរបស់ប្រជាជនកម្ពុជា…
ជំងឺមិនឆ្លងដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺជាច្រើនទៀតបានកំពុងកើតមានច្រើននៅក្នុងប្រទេសកម្ពុជាដោយតម្រូវអោយមានការបង្កើនការអប់រំប្រជាជន ដើម្បីមានការយល់ដឹង និងកាត់បន្ថយការកើតជំងឺនេះ ។
កម្លាំងក្រុមការងារបច្ចុប្បន្នភាពកូវីដ១៩ អាចគួរងាកមកការអប់រំជំងឺមិនឆ្លងនេះអោយបានទូលំទូលាយបំផុតតាមដែលអាចធ្វើទៅបានពីព្រោះវាកំពុងតែបង្កហានិភ័យខ្លាំងដល់សុខភាពរបស់ប្រជាជនកម្ពុជា ។
ករណីនៃការឆ្លងមេរោគកូវីដ១៩ នៅកម្ពុជាបានស្ងប់ស្ងាត់ជាយូរមកហើយ ប៉ុន្តែក្រសួងសុខាភិបាល នៅតែបន្តចេញសេចក្តីជូនដំណឹងនៃបច្ចុប្បន្នភាពចំពោះជំងឺនេះជារៀងរាល់ថ្ងៃដោយបង្ហាញតួរលេខនោះ គឺដដែលៗ ។ តើក្រសួងសុខាភិបាលគួរបន្តធ្វើបច្ចុប្បន្នភាពនៃជំងឺនេះហើយចេញប្រកាសជាបន្តបន្ទាប់ទៀតដូច្នេះឬយ៉ាងណា? ជំងឺនេះនៅលើពិភពលោកវានៅតែមានករណីឆ្លង ប៉ុន្តែសាធារណជនទាំងនៅសហគមនអន្តរជាតិ និងនៅកម្ពុជាលែងចាប់អារម្មណ៍វាបន្តទៀតហើយ ។
នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះតម្រូវការក្នុងការតាមដានបច្ចុប្បន្នភាពនៃការរីករាលដាលនៃមេរោគកូវីដ១៩ ប្រចាំថ្ងៃជាទូទៅមានការថយចុះបើប្រៀបធៀបទៅនឹងដំណាក់កាលដំបូងនៃជំងឺរាតត្បាត ជាពិសេសនៅពេលដែលវ៉ាក់សាំងការព្យាបាលកាន់តែប្រសើរ និងស្ថានភាពសុខភាពសាធារណៈមានស្ថេរភាព ។
ពាក់ព័ន្ធនឹងអ្វីដែលក្រសួងកំពុងតែធ្វើមជ្ឈដ្ឋានខ្លះបានលើកឡើងថា ក្រសួងសុខាភិបាលគួរតែបញ្ឈប់ការចេញការប្រកាសនោះទៅពីព្រោះតែសាធារណៈមតិនៅក្នុងប្រទេសលែងចាប់អារម្មណ៍ហើយ ។ នៅពេលដែលគេលែងចាប់អារម្មណ៍បែបនេះនោះវានឹងធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងបំពេញការងារនោះ វាលែងស៊ិចស៊ី ដូច្នេះវាស្មើនឹងការខាតបង់ដែលក្រសួងត្រូវចំណាយក្រុមការងារដើម្បីធ្វើបច្ចុប្បន្នភាពនៃករណីនេះបន្តទៀត ។
មតិនេះបានលើកឡើងថា ក្រសួងគួរតែបង្វែក្រុមនេះទៅធ្វើកិច្ចការផ្សេងៗដែលសំខាន់ និងមានប្រយោជន៍ចំពោះបញ្ហាសុខភាពសាធារណៈផ្សេងៗ ជាពិសេសគឺជំងឺមិនឆ្លងដែលកំពុងតែមានការចាប់អារម្មណ៍ ហើយកំពុងតែមាននិន្នាការកើនឡើងគួរឲ្យបារម្ភនៅក្នុងប្រទេស ។
នេះ គឺជាទស្សនៈមួយជ្រុងប៉ុន្តែកុំភ្លេចថា មកដល់ពេលនេះម៉ោងនេះទោះបីជាជំងឺនេះ វាលែងមានស្ថានភាពខ្លាចរអាជាសាកលក៏ពិតមែន ប៉ុន្តែអង្គការសុខភាពពិភពលោកក៏នៅតែបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពដដែល គ្រាន់តែដូចជាពន្យារការយកចិត្តទុកដាក់ប្រចាំថ្ងៃមកនៅកម្រិតប្រចាំសប្តាហ៍ ។ ជំងឺនេះវានៅតែរីករាលដាលគ្រាន់តែកម្រិតគ្រោះថ្នាក់របស់វាថយចុះ ហើយនៅលើពិភពលោកតាមការសង្កេត គឺ៧ថ្ងៃកន្លងមកនេះ គឺមាន៧៩០នាក់ប៉ុណ្ណោះ បើទោះបីជាវាបានឆ្លងដល់មនុស្សជាង៧៧៧លាននាក់ និងសម្លា.ប់មនុស្សជាង៧លាននាក់ក្នុងពិភពលោក ។
នៅកម្ពុជាតាមការប្រកាសរបស់ក្រសួងហាក់ដូចជា មិនមានអ្នកឆ្លងថ្មីទេ ហើយករណីស្លា.ប់ គឺលែងរាយការណ៍មកយូរហើយ ។ គិតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ជំងឺនេះបានកើតមាននៅកម្ពុជាត្រឹមតែជិត១៤ម៉ឺននាក់ប៉ុណ្ណោះ អ្នកស្លា.ប់ គឺមានត្រឹមតែ៣.០៥៦ នាក់ ។ ផ្អែកតាមទឡ្ហីករណ៍នៅលើសាកល និងនៅក្នុងស្រុក ក្រសួងសុខាភិបាលគួរតែបន្តការងារតាមដានការវិវត្តនៃមេរោគកូវីដ១៩នេះបន្ត ប៉ុន្តែអាចកាត់បន្ថយចំនួនក្រុមការងារដោយបង្វែរកិច្ចការមន្ត្រីជំនាញមកពង្រឹងការតាមដានអ្វីដែលសំខាន់អ្វីដែលចាំបាច់ ករណីដូចជា ករណីគ្រោះថ្នាក់នៃជំងឺមិនឆ្លង និងនិន្នាការនៃការរីករាលដាលនៃមេរោគថ្មីៗនិងប្លែកៗ។
មួយរយៈនេះ ក្រសួងបានបង្ហាញអំពីសកម្មភាព និងប្រតិកម្មឆ្លើយតបបានប្រសើរជាងមុនឆ្ងាយ ហើយប្រសិនបើប្រសិទ្ធភាពនៃការឆ្លើយតបកាន់តែលឿននិងទូលំទូលាយ ហើយពង្រឹកទំហំតាមដាន និងអង្កេតបន្ថែមទៀតក៏កាន់តែប្រសើរ ។ ចំពោះករណីនៃការឆ្លងមេរោគកូវីដ១៩ អាចបន្តត្រឹមកម្រិតប្រចាំសប្តាហ៍ ហើយបើវាមិនមានអ្វីថ្មីទេ គឺប្រចាំខែក៏បានពីព្រោះវាមិនមានអ្វីជាបម្រែបម្រួលធំ លើកលែងតែពេលដែលមានការវិវត្តថ្មីចាំជូនដំណឹង និងចេញការប្រកាស ។
សរុបទៅការងារតាមដាន និងធ្វើបច្ចុប្បន្នភាពចំពោះជំងឺកូវីដ១៩ គួរតែបន្តធ្វើប៉ុន្តែកាត់បន្ថយកម្លាំងជំនាញ ហើយបង្វិលក្រុមការងារមកតាមដានអ្វីដែលថ្មីអ្វីដែលគ្រោះថ្នាក់នៅពេលបច្ចុប្បន្ន ដោយរួមទាំងស្ថានភាពដែលកំពុងតែបារម្ភនៅក្នុងស្រុកទាក់ទងនឹងជំងឺមិនឆ្លងដូចជា ពពួកជំងឺទឹកនោមផ្អែម បេះដូង ដាច់សរសៃឈាម មហារីក …។ល។
ក្រុមការងារក៏គួរតែយកចិត្តតាមដាននឹងពន្យល់ពលរដ្ឋអំពីជំងឺប្រចាំរដូវក៏ប្រសើរផងដែរ ដើម្បីឲ្យពលរដ្ឋមានការយល់ដឹង ហើយអាចបង្ការ និងការពារខ្លួនពីពពួកជំងឺទាំងនេះ ។ ការធ្វើដូច្នេះ វាល្អជាងពីព្រោះព័ត៌មានទាំងនេះអាចមានប្រយោជន៍នាំឲ្យពលរដ្ឋអាចកាត់បន្ថយការចំណាយនៅលើថ្លៃសុខភាព ៕
ចែករំលែកព័តមាននេះ