ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមស្ត្រីអុំទូកនៅសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក ទាក់ទាញភ្ញៀវទេសចរ

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​និយាយ​ពី​ខេត្តសៀមរាប យើង​តែង​នឹក​ស្រមៃ​មុនគេ គឺ​ប្រាសាទបុរាណ ប៉ុន្តែ​ក្រៅពី​មាន​ប្រាសាទបុរាណ​ជា​ច្រើន ខេត្ត​មួយ​នេះក៏​មាន​ទីកន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត តាម​បែប​ធម្មជាតិ គួរ​ជាទី​រីករាយ និង​ទាក់ទាញ​អារម្មណ៍​អ្នកទេសចរ​ផង​ដែរ…

ខេត្តសៀមរាប ៖ បើ​និយាយ​ពី​ខេត្តសៀមរាប យើង​តែង​នឹក​ស្រមៃ​មុនគេ គឺ​ប្រាសាទបុរាណ ប៉ុន្តែ​ក្រៅពី​មាន​ប្រាសាទបុរាណ​ជា​ច្រើន ខេត្ត​មួយ​នេះក៏​មាន​ទីកន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត តាម​បែប​ធម្មជាតិ គួរ​ជាទី​រីករាយ និង​ទាក់ទាញ​អារម្មណ៍​អ្នកទេសចរ​ផង​ដែរ ។

ឥឡូវនេះ​យើង​សូម​លើកយក​កន្លែង​កម្សាន្ត​គួរ​ជាទី​ចាប់អារម្មណ៍​មួយ គឺ​សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់​ភ្លុក ដែល​ទី​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅកម្សាន្ត​តាម​រយៈ​ការ​ជិះទូក​អុំ​ប្រពៃណី​មើល​ព្រៃ​លិច​ទឹក (​ព្រៃ​គប់​) ដែល​អុំ​ដោយ​ក្រុម​ស្ត្រី​នៅក្នុង​សហគមន៍​នេះ​ផ្ទាល់​តែ​ម្តង ។

សហគមន៍​ទេសចរណ៍ធម្មជាតិ កំពង់​ភ្លុក ស្ថិត​នៅ​តាម​មាត់បឹង​ទន្លេសាប ក្នុងភូមិ​គោកក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​បាគង ដែល​មាន​ចម្ងាយ​ប្រមាណ ៣២ គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប ។ សហគមន៍​នេះ​មាន​ក្រុម​ស្ត្រី​អុំទូក​ទេសចរណ៍​ជាង ១ ពាន់​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រីមេម៉ាយ និង​ស្ត្រី​វ័យ​ចំណាស់ ហើយ​បច្ចុប្បន្ន​កំពុង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យមក​កម្សាន្តជាមួយ​ការ​ជិះទូក​គយគន់​ព្រៃ​លិច​ទឹក​ដែល​មាន​ទំហំ ៤៨ ហិ​កតា យ៉ាង​រីករាយ ។ ទាំងនេះ​ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​ស្ត្រី​រស់នៅ​ក្នុង​សហគមន៍​នេះ​ផង​ដែរ ។

ពេល​ធ្វើ​ដំណើរ​ដល់​សហគមន៍​នេះ​ភ្លាម គេ​ឃើញ​មាន​ទូក​ឈើ​ជា​ច្រើន​ដែល​មាន​ទំហំតូច​ល្មម​សម្រាប់​អ្នកទេសចរ​ជិះ​តែ ២ នាក់ និង​អ្នក​អុំ​ម្នាក់ ឈប់​តម្រៀប​គ្នា​នៅ​ក្រោម​ម្លប់ឈើនៃ​ព្រៃ​លិច​ទឹក​រង់ចាំ​ដឹក​អ្នកទេសចរ​ដែល​ទៅ​ម្សា​ន្ត​នៅ​ទីនោះ ហើយ​អ្នក​អុំទូក​ភាគច្រើន គឺជាស្ត្រី ។ នៅ​លើ​ទូក​ឈើ​នេះ​មាន​ក្រាល​ដោយ​កន្ទេល ខ្នើយ អាវ​ពោង និង​ឆត្រ​ទុក​សម្រាប់​បាំង​ថ្ងៃ ។ ដៃកាន់​ច្រវា​អង្គុយ​នៅ​លើ​ក្បាលទូក​អុំ​ផង ​និយាយ​ប្រាប់​អ្នកទេសចរ​ផង​អំពី​ទិដ្ឋភាព​នៅ​ជុំវិញ​ខ្លួន ដែល​ស្ត្រី​អ្នក​អុំទូក​ទាំងនេះ​ប្រៀប​ដូច​ជា​មគ្គទេសក៍​មួយ​រូប​ផង​ដែរ ។

ក្រោយ​ពេល​អុំទូក​បាន​រយៈពេល​ប្រមាណ ២០ នាទី ក៏​ដល់​ពេល​ឈប់​សម្រាក​បន្តិចមុន​នឹង​បន្តដំណើរ​ទៅ​មុខ​ទៀត ឆ្លៀត​ក្នុង​ឱកាស​នេះ​យើង​បាន​សួរនាំ​បន្តិច​ប​ន្ទួ​ច​ជាមួយបងស្រី​ឈ្មោះ ជា ភា​រ៉ា អាយុ ៣៤ ឆ្នាំ មានកូន​ប្រុស ២ នាក់ រស់នៅ​ក្នុង​សហគមន៍​នេះ ។ ដោយ​អង្គុយ​នៅ​លើ​ក្បាល​ទូកដៃ​កាន់​ច្រវា​ផង​នោះ​បងស្រី ភា​រ៉ា កាលពី​ថ្ងៃ​ទី ២០ ខែមករា ឆ្នាំ ២០២៥ បានឱ្យ​ដឹង​ថា ខ្ញុំ​បាន​ប្រកបរបរ​អុំទូក​ជូន​ភ្ញៀវ​ទេសចរ​ទស្សនា​ព្រៃ​លិច​ទឹក​នេះ​អស់រយៈពេល ១០ ឆ្នាំ មក​ហើយ ហើយរបរ​នេះ​ជួយ​ឱ្យ​ជីវភាព​គ្រួ​សារបាន​ប្រសើរ​ផង​ដែរ ដោយដំបូង​ឡើយ​ចំណាយ​ប្រាក់​ទិញ​ទូក​សម្រាប់​ដឹង​ភ្ញៀវ​ទេសចរ​មួយ​នេះ​ក្នុង​តម្លៃ​ជាង ១ លាន​រៀល ។

បងស្រី ភា​រ៉ា ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​មាន​ភ្ញៀវ​ទេសចរ​ទាំង​ខ្មែរ និង​បរទេស​ទៅកម្សាន្ត​ច្រើន​គួរសម​ដែរ ហើយ​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​អាច​អុំទូក​ជូន​ភ្ញៀវ​ទស្សនា​ព្រៃ​លិច​ទឹកបាន​ពី ២ ទៅ ៣ ជើង ដោយ​ក្នុង​មួយ​ជើង​ប្រើ​ពេល ៣០ នាទី ហើយ​សហគមន៍​ផ្ទល់​ឱ្យ ៣ ដុល្លារ​ក្នុងមួយ​ជើង ។ បងស្រី​ថា មក​ទី​នេះ​ភ្ញៀវ​ទេសចរ​អាច​គយគន់​ព្រៃ​លិច​ទឹក និង​សត្វ​ស្លាប​ខ្លះ​ៗ ក្នុង​នោះ​ក៏​មានការ​លក់ដូរ​នៅ​លើ​ទូក​តាម​បណ្តោយ​ផ្លូវ​អុំទូក ដែល​គេ​ហៅ​ថា ម៉ាត​ក្នុង​ព្រៃ ។

បងស្រី ភា​រ៉ា បញ្ជាក់​ថា សហគមន៍​បានឱ្យ​អ្នក​អុំទូក​ទាំងអស់​ចាប់លេខ​រៀង ដើម្បីប្តូ​រវេ​ណ​គ្នា​អុំ​ម្តងម្នាក់ ហើយ​មូលហេតុ​ដែល​មាន​តែ​ស្ត្រី​ជា​អ្នក​អុំទូក​នៅ​ទី​នេះ ដោយសារ​តែបុរស​ៗ និង​បុរស​ជា​ប្តី ទៅ​ប្រកប​របរ​នេសាទ និង​របរ​ផ្សេង​ៗ​ទៀត ។

ស្ត្រី​អ្នក​អុំទូក​រូប​នេះ​ក៏​បាន​សំណូមពរ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ទី​នេះ​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​ស្ត្រី​ជាង ១ ពាន់​គ្រួសារ​ឱ្យ​មាន​ចំណូល​ច្រើន និង​មាន​ជីវភាព​ប្រសើរ​ជាង​មុន ។ បងស្រី​ថា សព្វ​ថ្ងៃនេះ​ទោះបីជា​ចំណូល​មិន​ច្រើន​ណាស់ណា តែ​ក៏​អាច​ជួយ​សម្រាល​ជីវភាពបាន​មួយ​ផ្នែក​ផង​ដែរ​ក្រៅពី​មុខរបរ​នេសាទ ។

គួរ​ជម្រាប​ផង​ដែរ​ថា នៅ​តំបន់​កំពង់​ភ្លុក​នេះ​ក្រៅ​តែ​ពី​ជិះទូក​គយគន់​ព្រៃ​លិច​ទឹក​ហើយនោះ អ្នកទេសចរ​ក៏​អាច​ជិះទូក ឬ​កាណូត​ទស្សនា​ភូមិ​ធម្មជាតិ​នៅ​លើ​ផ្ទៃ​ទឹក ទស្សនា​ទេសភាព​ផ្ទៃ​បឹង​ទន្លេសាប​ពេល​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត សាលារៀន វត្ត​អារាម ជម្រក​សត្វ​ស្លាប និង​កន្លែង​ជា​ច្រើន​ទៀត​នៅ​តាម​ផ្លូវទឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ