ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេក គឺជា​ផលិតផល​កសិកម្ម​ដែល​កម្ពុជា​បាន​កំពុង​តែ​ជំរុញ​ការ​នាំ​ចេញ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ទំហំ​ទីផ្សារ​ចេក​កម្ពុជា គឺ​តិច​បំផុត បើ​គេ​ប្រៀបធៀប​ទៅ​នឹង​ទំហំ​ទីផ្សារ​ចេក​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០២៥ នេះ ។ តាម​របាយការណ៍​ស្តី​ពី​ការ​វិភាគ​ទីផ្សារ​ចេក…

ចេក គឺជា​ផលិតផល​កសិកម្ម​ដែល​កម្ពុជា​បាន​កំពុង​តែ​ជំរុញ​ការ​នាំ​ចេញ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ទំហំ​ទីផ្សារ​ចេក​កម្ពុជា គឺ​តិច​បំផុត បើ​គេ​ប្រៀបធៀប​ទៅ​នឹង​ទំហំ​ទីផ្សារ​ចេក​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០២៥ នេះ ។

តាម​របាយការណ៍​ស្តី​ពី​ការ​វិភាគ​ទីផ្សារ​ចេក នៅ​លើ​ពិភពលោក​គេ​បាន​ប៉ាន់​ប្រមាណ​ថា ទំហំ​ទីផ្សារ​ចេក នៅ​លើ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ គឺ​មាន​ទំហំ​ដល់​ទៅ​ជិត​១៤២​ពាន់​លាន​ដុល្លារ ។ នេះ គឺជា​ចំណែក​ទីផ្សារ​មួយ​ដ៏​ធំ និង​ក៏​អាច​ជា​ឱកាស​មួយ​ដ៏​ប្រសើរ ដើម្បី​ជំរុញ និង​អភិ​វ​ឌ្ឈ​ន៍​ដំណាំ​ចេក​នៅ​កម្ពុជា ។

ទីផ្សារ​ចេក​នៅ​លើ​ពិភពលោក គឺ​មាន​សក្តានុពល​ធំ​ណាស់​សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​កសិកម្ម​ហើយ​ក៏​ជា​ប្រទេស​ដែល​កំពុង​តែ​ដាំចេក ដើម្បី​នាំ​ចេញ​ផង​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ចំណែក​ទីផ្សារ​ចេក​ពិភពលោក​ដែល​កម្ពុជា​អាច​ដណ្តើម​បាន គឺ​តិចតួច​បំផុត ។

តាម​របាយការណ៍​ស្ថិតិ​បាន​បង្ហាញ​ថា ទីផ្សារ​ចេក​កម្ពុជា កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ​នៅ​តូច​ខ្លាំង​ណាស់ ហើយ​មិនតែប៉ុណ្ណោះ​ទេ គឺ​មិន​ត្រឹមតែ​មិន​រីក​ចម្រើន​ទេ គឺ​ថែម​ទាំង​តម្លៃ​នៃ​ការ​នាំ​ចេញ​មានការ​ថយ​ចុះ​ទៀត​ផង កាលពី​ឆ្នាំ​២០២៤ ។

តាម​ទំហំ​ទឹកប្រាក់​នៃ​ទីផ្សារ​ចេក​ពិភពលោក និង​ការ​ដែល​កម្ពុជា​អាច​នាំ​ចេញ​ចេក​បាន កាលពី​ឆ្នាំ​២០២៤ គឺ​មាន​តម្លៃ​គួរសម​ដែរ ពោល គឺ​ដល់​ទៅ​ជិត​១៥៣ លាន​ដុល្លារ ប៉ុន្តែ​ប្រសិនបើ​ធៀប​នឹង​ឆ្នាំ​២០២៣​កន្លង​ទៅ គឺ​មានការ​ថយ​ចុះ​៩,៣៥​ភាគរយ ។

ផ្អែក​តាម​ស្ថិតិ​នេះ ចំណែក​ទីផ្សារ​ចេក​ដែល​កម្ពុជា​អាច​សម្រេច​បាន​រហូត​ដល់​ឆ្នាំ​២០២៤ គឺ​មាន​ទំហំ​ត្រឹមតែ​០,១១ ភាគរយ​តែ​ប៉ុណ្ណោះ​នៃ​ទីផ្សារ​ពិភពលោក ។ ដូចនេះ​ទីផ្សារ​ចេក​របស់​កម្ពុជា គឺ​តូច​ខ្លាំង​ណាស់​ដែល​ទាមទារ​ការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​កសិករ និង​វិនិយោគិន​កសិកម្ម​បន្ថែម​ទៀត ដើម្បី​ពង្រីក​ទីផ្សារ​ចេក​របស់​កម្ពុជា​ឲ្យ​កាន់តែ​ធំ​ជាង​បច្ចុប្បន្ន ។

មក​ដល់​ពេល​នេះ ទីផ្សារ​ចេក​កម្ពុជា គឺ​អាច​នាំ​ចេញ​ភាគច្រើន​ទៅ​ចិន ក្រៅពី​នោះ​មាន​ជប៉ុន និង​កូរ៉េ​ខាងត្បូង ។ ភាគច្រើន​លើស​លុបនៃ​ផលិតផល​ចេក​ដែល​កម្ពុជា​អាច​ប្រមូល​ផល​បាន គឺ​នៅ​តែ​បម្រើ​ទីផ្សារ និង​សេចក្តី​ត្រូវការ​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ ។

មក​ដល់​ពេល​នេះ ផ្ទៃដី​ដែល​កសិករ​អាច​ដាំ​ចេញ​បាន គឺ​សឹងតែ​គ្រប់កន្លែង ប៉ុន្តែ​ផ្ទៃដី​ដាំចេក​ដែល​អាច​មានគុណ​ប្រយោជន៍​អាច​ទទួល​ការ​អនុញ្ញាត​នាំ​ចេញ​បាន​នោះ គឺ​មាន​តែ​ប្រមាណ​ជា​ជាង​៨០០០​ហិ​កតា​ប៉ុណ្ណោះ ។

មក​ដល់​ពេល​នេះ​ចេក​ជា​ដំណាំ​ដែល​មិនសូវ​រើស​ដី​ទេ ហើយ​គេ​អាច​ដាំ​បាន​សឹងតែ​គ្រប់​ផ្នែក​នៃ​ផែនដី ហើយ​ប្រទេស​ណា​ក៏​ចេះ​ទទួលទាន​ចេក​ដែរ ។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រភព​មួយ​នៃ​អាហារ​រូប​ត្ថ​ម្ភ​របស់​មនុស្សជាតិ ។

ប្រទេស​ដែល​គេ​ដឹង​ថា បាន​នាំ​ចូល​ចេក​ច្រើន​ជាងគេ​បំផុត គឺ​សហរដ្ឋអាមេរិក ចិន ហូ​ឡង់ អា​ល្លឺ​ម៉​ង់ ជប៉ុន រុ​ស្ស៊ី បារាំង និង​អ៊ី​តា​លី​ជាដើម ប៉ុន្តែ​គេ​ដឹង​ថា ចរាចរណ៍​ដំណាំ​ចេក​នៅ​លើ​ទីផ្សារ គឺ​មាន​រហូត​ដល់​ទៅ​១០៩​ប្រទេស ។ សម្រាប់​ប្រទេស​ដែល​នាំ​ចេញ​ចេក​ច្រើន​ជាងគេ​នៅ​ពេល​នេះ គឺ​មាន​អេ​ក្វា​ឌ័​រ ហ្វី​លី​ពី​ន កូ​ស្តា​រី​កា ហ្គា​តេ​ម៉ា​ឡា ប៉ា​ណា​ម៉ា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ