២ក្រុមដំបូងគេកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់ UCL ក្រោមទម្រង់ថ្មី
អន្តរជាតិ ៖ ក្រុមបាល់ទាត់ Liverpool និង Barcelona កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions…
អន្តរជាតិ ៖ ក្រុមបាល់ទាត់ Liverpool និង Barcelona កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions…
អន្តរជាតិ ៖ ក្រុមបាល់ទាត់ Liverpool និង Barcelona កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League រដូវកាល ២០២៤-២៥ ដោយស្វ័យប្រវត្តិ ក្រោយបញ្ចប់ការប្រកួតទី៧ វគ្គជម្រុះក្នុងលីគតែមួយ។
ក្រុមហង្សក្រហម Liverpool បើកទ្វារកីឡដ្ឋាន Anfield ទទួលក្រុមភ្ញៀវពីបារាំង Lille ដោយបញ្ចប់ក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ស្របពេលក្រុមអ្នកមានបុណ្យ Barcelona យកឈ្នះម្ចាស់ផ្ទះ Benfica នៅឯកីឡដ្ឋាន do Sport Lisboa e Benfica ប្រទេសព័រទុយហ្គាល់ ដោយលទ្ធផល ៤-៥។
Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ លោក Arne Slot ឈរនៅកំពូលតារាង ឆ្លងកាត់៧ប្រកួតមក ឈ្នះទាំងអស់មាន២១ពិន្ទុ។ ចំណែក Barcelona ឈរនៅលេខ២ ឈ្នះ៦ប្រកួត និងចាញ់១ប្រកួត មាន១៨ពិន្ទុ កក់កៅអីវគ្គ១៦ក្រុមចុងក្រោយដូចគ្នា ដ្បិតនៅសល់១ប្រកួតទៀត បញ្ចប់វគ្គជម្រុះក្នុងលីគតែមួយ។
គួរបញ្ជាក់ថា ចាប់ពីរដូវកាល ២០២៤-២០២៥ នេះតទៅ ការប្រកួតពានរង្វាន់ UEFA Champions League នឹងត្រូវលេងក្នុងទម្រង់ថ្មី ដែលត្រូវបានប្រកាសដោយសហព័ន្ធទ្វីបអឺរ៉ុប UEFA។ ការប្រកួតបានបន្ថែមចំនួនក្រុមពី ៣២ ដល់ ៣៦ក្រុម ហើយនឹងលែងមានការប្រកួតវគ្គចែកពូលតទៅទៀតហើយ។ ក្រុមទាំង៣៦ នឹងប្រកួតតាមទម្រង់ជាលីគតែមួយ (League Phase) ដណ្តើមពិន្ទុ និងចំណាត់ថ្នាក់ ដើម្បីស្វែងរកក្រុមបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ហើយចាប់ពីវគ្គ១៦ក្រុមរហូតទៅដល់វគ្គផ្តាច់ព្រ័ត្រ នឹងប្រកួតជាធម្មតាតាមទម្រង់ចាស់។
ក្រុមរក្សាតំណែងកំពូលពីចំណាត់ថ្នាក់លេខ១ ដល់លេខ៨ នឹងទទួលបានកៅអីវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ។ ចំណែកក្រុមនៅចំណាត់ថ្នាក់លេខ៩ ដល់ លេខ២៤ នឹងត្រូវលេង Play-Off ដែលមានពីរជើង ដើម្បីដណ្តើមឡើងទៅបំពេញវគ្គ១៦ក្រុម។ រីឯក្រុមនៅចំណាត់ថ្នាក់ពីលេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីការប្រកួត និងគ្មានការធ្លាក់ទៅលេងនៅពានរង្វាន់ UEFA Europa League ដូចពីមុនឡើយ។ ទម្រង់ថ្មីសន្លាំងនេះ ក៏ត្រូវបានអនុវត្តសម្រាប់ការប្រកួតពានរង្វាន់ UEFA Europa League និង UEFA Conference League ផងដែរ ចាប់ពីរដូវកាលនេះតទៅ៕
ចែករំលែកព័តមាននេះ