ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ចាប់ហួយ​តាម​ស្រុកស្រែ កំពុង​ប្រឈម​ការ​ចាញ់បោក​ជន​ទុ​.​ច្ច​.​រិ​.​ត​បន្លំ​ជា​តំណាង​ក្រុម​ហ៊ុន

5 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋដែល​មានមុខ​របរ​លក់​អីវ៉ាន់​ចាប់ហួយ​បន្តិច​ប​ន្តួច​​នៅ​តាម​ជនបទ កំពុង​ប្រឈម​នឹង​ការ​ចាញ់បោក​ជន​ទុ​ច្ច​រិ​ក ដោយម្នាក់​ៗ​អស់ប្រាក់​រាប់​លាន​រៀល និង​រាប់​ពាន់​ដុល្លារតាម​រយៈ​ការ​​បន្លំ​ធ្វើ​ជា​តំណាង​ចែកចាយ​ផលិតផល ឬ​ទំនិញ​នានា  ដោយ​ប្រើ​ល្បិច​កត់​មុខទំនិញ​ចូល​ក្នុង ​«​បុ​ង​» រួច​សុំ​បង់ប្រាក់​ជា​មុន…

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋដែល​មានមុខ​របរ​លក់​អីវ៉ាន់​ចាប់ហួយ​បន្តិច​ប​ន្តួច​​នៅ​តាម​ជនបទ កំពុង​ប្រឈម​នឹង​ការ​ចាញ់បោក​ជន​ទុ​ច្ច​រិ​ក ដោយម្នាក់​ៗ​អស់ប្រាក់​រាប់​លាន​រៀល និង​រាប់​ពាន់​ដុល្លារតាម​រយៈ​ការ​​បន្លំ​ធ្វើ​ជា​តំណាង​ចែកចាយ​ផលិតផល ឬ​ទំនិញ​នានា  ដោយ​ប្រើ​ល្បិច​កត់​មុខទំនិញ​ចូល​ក្នុង ​«​បុ​ង​» រួច​សុំ​បង់ប្រាក់​ជា​មុន និង​ដឹក​ទំនិញ​មក​ប្រគល់​ជូន​ម៉ូយ​តាម​ក្រោយ តែ​បាន​ប្រាក់​ដល់​ដៃ​ហើយ​នាំ​គ្នា​ឡើង​រថ​យន្ត​ដាក់​មេ​ប្រូច​បិទ​ទូរស័ព្ទ​បាត់​ដំណឹង​សូន្យឈឹង​តែ​ម្ដង​ ។

​ជាក់ស្ដែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា នៅ​ចំណុច​ «​អូរ​តូច​» ស្ថិត​ក្នុងភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់  មាន​សេចក្ដី​រាយ​ការ​ណ៍​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម មាន​ប្រុស​០២​នាក់ ស្រី​០៣​នាក់ ជិះ​រថយន្ត​​ប្រភេទ​ទួ​រី​ស​១២​កៅអី (​ស្ដា​រិ​ក​) ព​ណ៌​ស ពាក់​ស្លាក​លេខ​កណ្ដាល 2B-6650  ដោយ​អះអាង​ថា  ពួក​គេ​ជា​តំណាង​ក្រុមហ៊ុន​«​លី​ហួរ​» លក់​ផលិតផល និង​ទំនិញ​គ្រប់​ប្រភេទ​។  ជន​ទុ​ច្ច​រិ​ត​មាន​ប្រុស មាន​ស្រី​មួយ​ក្រុម​នេះ បាន​ឈប់​រថយន្ត ដើម្បី​លូ​ង​លោម​លក់ទំនិញ​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ទង សុ​វ័​ន្ត ភេទស្រី​ អាយុ​៣៥​ឆ្នាំ ជា​អ្នកលក់​ចាប់ហួយ​កំប៉ិកកំប៉ុក​នៅ​ចំណុច​«​អូរ​តូច​»​ខាងលើ​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា  ជន​មួយ​ក្រុម​នេះ​អះអាង​ថា ពួក​ខ្លួន​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​លក់ទំនិញ ហើយ​ពួក​គេ​ជិះ​រថយន្ត ដើរ​លក់ទំនិញ​គ្រប់មុខ គ្រប់​ទីកន្លែង​ ។  ប៉ុន្តែ​ពេល​ចុះ​ជួប​ជាមួយ​ជន​រង​គ្រោះ​ខាងលើ​នេះ គេ​មិនដឹង​ថា តើ​ជន​រង​គ្រោះ ត្រូវ​ក្រុម​ជន​ទុ​ច្ច​រិត​និយាយ​លូ​ង​លោម ឬ​ប្រើ​ល្បិច​កល​ដ៏​គម្រក់​បែប​ណា​ទេ  ស្រាប់តែ​ក្រោយ​ពេល​ក្រុម​រថយន្ត​នោះ​ជិះ​ចេញ​ផុត​បន្តិច ក៏​មានការ​ផ្អើល​ឆោឡោ​ថា  អ្នកលក់​អីវ៉ាន់​ចាក់​បោក​គេ ទិញ​អីវ៉ាន់ បង់ប្រាក់​គ្រប់​ចំនួន​ហើយ  មិន​បាន​អីវ៉ាន់​បាន​តែ​វិក្កយបត្រ  ហើយ​បិទ​ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ​ទាក់ទង​មិន​បាន​សោះ​»​ ។

​ពាក់ព័ន្ធ​នឹង​ករណី​នេះ តាម​រយៈ​ទូរស័ព្ទ​ជន​រង​គ្រោះ​ឈ្មោះ ទង សុ​វ័​ន្ត បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ២២ មក​រា  ដោយ​រៀបរាប់​ប្រាប់​ថា  អ្នកស្រី​មិន​ធ្លាប់​ឃើញ​ក្រុម​ជន​ឆបោក​នោះ​ទេ តែ​នៅ​ថ្ងៃ​កើតហេតុ ក្រុម​ជន​ឆបោក ដែល​មាន​ប្រុស​០២​នាក់ (ស្រី​០៣​នាក់) នេះ​ បាន​ជិះ​រថយន្ត​ដែល​មាន​ភិនភាគ​ខាងលើ បាន​មក​ឈប់​ខាង​មុខ​តូប​គាត់ រួច​ពួក​គេ​ចុះ​មក​សួរនាំ​គាត់ ដើម្បី​លក់​អីវ៉ាន់​ ។

​អ្នកស្រី ទង សុ​វ័​ន្ត បាន​និយាយ​ថា ពួក​គេ​អះអាង​ថា ជា​តំណាង​ក្រុមហ៊ុន​«​លី​ហួរ​» មាន​លក់ទំនិញ ឬ លក់​ផលិតផល​គ្រប់​ប្រភេទ​ ។  ក្នុង​នោះ​ មាន​ស្រា​បៀរ​គ្រប់មុខ ជី​កសិកម្ម​គ្រប់​ប្រភេទ និង​ទំនិញ​ជា​ច្រើន​មុខ​ទៀត​ ។   គាត់​បន្ត​ថា  ពេល​នោះ​ ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ បាន​ចុះ​ពី​រថយន្ត រីឯ​បុរស​ម្នាក់ និង​ស្ត្រី​០២​នាក់​ទៀត​មិន​បាន​ចុះ​ទេ​ ។

​គាត់​ប្រាប់​ថា ដោយ​ឃើញ​សមាស​​ភាព​ពួក​គេ និង​រថយន្ត​មាន​ដឹក​អីវ៉ាន់​ខ្លះ​ៗ គាត់​ក៏​ចរ​ចា​​រក​ទិញ​អីវ៉ាន់​ខ្លះ​ៗ ដើម្បី​យក​មក​ដាក់​លក់​ ។  នៅ​ពេល​និយាយ​តម្លៃត្រូវ​គ្នា  ស្ត្រី​ម្នាក់​នោះ បាន​កត់​មុខទំនិញ​នានា ដែល​គាត់​កុម្ម៉ង់​ទិញ​ចូល​ក្នុង​«​វិក្កយបត្រ​»​របស់​គេ ដែល​មាន​យីហោ​«​លី​ហួរ​»​ ។  ​ជន​រង​គ្រោះ​រូប​នេះ បាន​និយាយ​បន្ត​ថា ក្រោយ​កត់​អស់​មុខទំនិញ ស្ត្រី​ម្នាក់​នោះ​បាន​បូក​សរុប​ទឹកប្រាក់​អស់​ជាង​៦,៨០​លាន​
រៀល​ ។

​ត្រង់​ចំណុច​នេះ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​ពេល​គិត​សរុប​ជា​ទឹកប្រាក់​រួច ស្ត្រី​រូប​នេះ ហាក់​ចាប់ផ្ដើម​និយាយ​បង្វែរ ទៅ​រឿង​រង្វាន់​លើកទឹកចិត្ត​អតិថិជន​វិញ​ម្ដង​ ។  ពេល​នោះ​ ស្ត្រី​ម្នាក់​នោះ បាន​និយាយ​លូ​ង​លោម​គាត់​ដូច្នេះ​ថា «​ក្រុមហ៊ុន​នឹង​ថែម​ជូន​ហ្វ្រី​នូវ​ទូទឹកកក​ធំ​០១​គ្រឿង និង​ធុង​កាហ្វេ​ធំ​មួយទៀត​ ។ 
ចឹ​ង ​បងស្រី​យក​លុយ​មក​បង់​ឲ្យ​គ្រប់​ចំនួន​មក ដើម្បី​ខ្ញុំ​ថត​វិក្កយបត្រ​នេះ ផ្ញើ​ជូន​ក្រុមហ៊ុន​ឥឡូវនេះ ដើម្បី​ឲ្យ​ក្រុមហ៊ុន​គេ​ដឹក​ទូទឹកកក និង​ធុង​កាហ្វេ​មក​ឲ្យ​ឥឡូវនេះ​»​ ។

​អ្នកស្រី សុ​វ័​ន្ត បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា  ក្រោយ​និយាយ​ចប់ ស្ត្រី​ឆោ​បោក​នោះ បាន​ទះ​ស្មារ​គាត់​មួយ​​ដៃ​ប្រាប់​ឲ្យ​គាត់​ទៅ​យក​លុយ​មក​ឲ្យ ហើយ​គាត់​ហាក់ដូច​ភាំង​ស្មា​រតី ក៏​ងើប​ទៅ​យក​លុយ​មក​រាប់​ឲ្យ​ស្ត្រី​ឆបោក​នោះ​គ្រប់​ចំនួន​ ។

​ក្រោយ​ពី​ទ​ទូល​លុយ ក្រុម​ជន​ទុ​ច្ច​រិ​ត​ក៏​បាន​នាំ​គ្នា​ឡើង​រថយន្ត ដោយ​អះអាង​ថា ទៅ​យក​អីវ៉ាន់​មក​ឲ្យ​ថែម​ទៀត តែ​ពេល​ចេញ​ទៅ​ក៏​បាត់​ស្ងាត់ឈឹង  សូ​ម្បី​ទូរស័ព្ទ​ដែល​មាន​ក្នុង​វិក្កយបត្រ​ក៏​បិទ​គ្រប់​ប្រព័ន្ធ​ទៀត ទើប​ដឹង​ថា ក្រុម​លក់ទំនិញ​ទាំងនោះ ជា​ក្រុម​ឆបោក ​។  ជន​រង​គ្រោះ​បាន​បញ្ជាក់​បន្ថែម​ថា អីវ៉ាន់​ដែល​គាត់​កុម្ម៉ង់​ទិញ​នោះ បាន​ដល់​ដៃ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ។   គាត់​បាន​ប្រាប់​ថា  ក្រោយ​កើតហេតុ​មួយ​ថ្ងៃ គាត់​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ស្រុក​បាណ​ន់​ហើយ ដើម្បី​ជួយ​អន្តរា​គម​ស្វែងរក​មុខសញ្ញា​ក្រុម​ជន​ទុ​ច្ច​រិ​ក​ខាងលើ​​នេះ តែ​រហូត​មក​ដល់​ពេល​នេះ​ ហាក់​គ្មាន​តម្រុយ​បន្តិច​ទេ ​។

​កោះសន្តិភាព​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក ហេង បារាំង អធិការ​ស្រុក​បាណ​ន់ ដែល​ទើប​ផ្លាស់​ចូល​កាន់​តំណែង​ថ្មី​ៗ​នេះ ដើម្បី​ស្នើ​សុំ​ការបំភ្លឺ​បន្ថែម​ជុំវិញ​ករណី​នេះ  តែ​លោក​មិន​លើក​ទូរស័ព្ទ​ឡើយ​ ។   នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ប្រជាពលរដ្ឋ​មាន​មុខរបរ​លក់ដូរ​តាម​ស្រុកស្រែ​ចាញ់ល្បិច​លក​ជន​ទុ​ច្ច​រិត​ ដែល​ជិះ​រថយន្ត​ដើរ​លក់ទំនិញ​ដោយ​អះអាង​ថា ខ្លួន​ជា​តំណាង​ក្រុមហ៊ុន​នេះ ក្រុមហ៊ុន​នោះ​ ។   កន្លង​មក ​ករណី​ឆបោក​បែប​នេះ តាម​រយៈ​រថយន្ត​ប្រភេទ​នេះ ធ្លាប់​បោកប្រាស់​ប្រជាពលរដ្ឋ​ច្រើន​ករណី​ហើយ​។  ដូច​ជា នៅ​ស្រុក​សំឡូត ស្រុក​រតន​មណ្ឌល​តាម​បណ្ដា​ស្រុក​នានា ជាប់​ព្រំដែន​ប្រទេស​ថៃ តែ​ពេល​នេះ
​ធ្លា​យមក​ដល់​ស្រុក​បាណ​ន់​ហើយ​ ។

​ជន​រង​គ្រោះតែងតែ​ដាក់​បណ្ដឹង​ជា​បន្ត​បន្ទាប់ទៅ​​កាន់​សមត្ថកិច្ច តែ​រហូត​មក​ដល់​ពេល​នេះ បទល្មើស​នេះ ជិះ​រថយន្ត​ប្រភេទ​នេះ នៅ​តែ​អាច​ដើរ​ធ្វើ​សកម្មភាព​យ៉ាង​រលូន​ដដែល​ ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ