ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញមើលឃើញពីវត្តមានលោក ត្រាំ មាន​ន័យសំខាន់សម្រាប់ឧស្សាហកម្មកីឡា

6 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ នៅអំឡុងពេលអាណត្តិទីពីររបស់លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក មហាសេដ្ឋីវ័យ៧៨ឆ្នាំរូបនេះ នឹងក្លាយជាមេបញ្ជាការសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតចំនួនពីររបស់ពិភពលោក…

សហរដ្ឋអាមេរិក ៖ នៅអំឡុងពេលអាណត្តិទីពីររបស់លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក មហាសេដ្ឋីវ័យ៧៨ឆ្នាំរូបនេះ នឹងក្លាយជាមេបញ្ជាការសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតចំនួនពីររបស់ពិភពលោក គឺការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ (FIFA World Cup 2026) និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៨ ដែលនឹងកើតឡើងនៅលើទឹកដីអាមេរិក។

លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយតាមរយៈពេលវេលាជាប្រវត្តិសាស្ត្រនេះ បណ្តាទីប្រឹក្សាកីឡា អ្នកជំនាញផ្នែកនេះ បាននាំគ្នានិយាយអំពីការវិលត្រឡប់របស់លោក ត្រាំ ទៅកាន់សេតវិមានមានន័យខ្លាំងណាស់ សម្រាប់អាជីវកម្មកីឡា និងផ្នែកពាក់ព័ន្ធដទៃផ្សេងទៀត។

របាយការណ៍ពីទស្សនាវដ្តី Forbes​​ កាលពីថ្ងៃទី២១ ខែមករា ដោយស្រង់សម្តីទីប្រឹក្សាកីឡា ​និងអ្នកជំនាញពាក់ព័ន្ធមួយចំនួនបានឱ្យដឹងថា មតិមួយលើកឡើងថា រដ្ឋបាលថ្មី នឹងមានភាពស្និទ្ធស្នាលជាមួយអាជីវកម្មកីឡា ហើយការបណ្តាក់ទុនរួមគ្នាក៏កើតកាន់តែច្រើន និងបរិយាកាសអាជីវកម្មមានអំណោយផលជាងមុន និងផ្តល់ផលវិជ្ជមានសម្រាប់ពិភព​កីឡា​ទាំងមូល។ មតិខ្លះទៀតថា រដ្ឋបាលថ្មី គឺជាសុទិដ្ឋិនិយមម៉ាក្រូសេដ្ឋកិច្ចកាន់តែទូលំទូលាយ ហើយទំនងនឹងនាំទៅរកការវិនិយោគទុនបន្ថែមទៀត នៅក្នុងឧស្សាហកម្មកីឡា រួមទាំងលីគកីឡាថ្មីៗនឹងរីកចម្រើន ក៏ដូចជា កីឡាផ្នែកនារីផងដែរ។

កាលពីថ្ងៃទី១៩ ខែមករា ពោលអំឡុងពេលការជួបជុំគ្នារបស់ប្រធានាធិបតី នៅរដ្ឋធានីវ៉ាស៊ីនតោន មុនការស្បថចូលកាន់តំណែង លោក ត្រាំ ថ្លែងថា លោកកំពុងគិតអំពីគម្រោងមិនអនុញ្ញាតឱ្យបុរសកែភេទចូលប្រកួតប្រជែងកីឡាផ្នែកនារី ដោយរឿងនេះ គឺជាប្រធានបទឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅទូទាំងកីឡាយុវជន និងអត្តពលិកមហាវិទ្យាល័យ នៅប៉ុន្មានខែថ្មីៗនេះ។ ហើយរហូត​មក​ដល់​ពេល​នេះ មិនទាន់មាន​ច្បាប់​សហព័ន្ធ​គ្រប់គ្រង​អត្តពលិក​កែ​ភេទនៅឡើយ​ទេ។

កាលពីសប្តាហ៍មុន លោក Charlie Baker ប្រធានសមាគមអត្តពលិកជាតិអាមេរិក (NCAA) បានថ្លែងថា «សមាគមមនឹងស្វាគមន៍ ចំពោះភាពច្បាស់លាស់នៅកន្លែងណាមួយអំពីបញ្ហានេះ ដូច្នេះអ្នកគ្រប់គ្នានឹងមានការយល់ដឹងជាទូទៅអំពីអ្វីដែលជាច្បាប់នៃការប្រកួត»។ លើសពីនេះទៀត សំណួរមួយចំនួននៅតែមានពីការបែងបែកប្រាក់ចំណូលនៅក្នុងកីឡាមហាវិទ្យាល័យ គឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូររបៀបអត្តពលិកត្រូវបានផ្តល់សំណងនៅពេលអនាគត។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ គឺជាបុគ្គលម្នាក់ចាប់អារម្មណ៍ខ្លាំងលើវិស័យកីឡា។ លោកថែមទាំងបង្ហាញវត្តមានដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសកម្មវិធីកីឡាកាស WWE និងការប្រកួតកីឡាគុនចម្រុះ UFC ផងដែរ។ លោក ត្រាំ ត្រូវគ្រប់គ្នាស្គាល់យ៉ាងច្បាស់តាមរយៈចំណង់ចំណូលចិត្តខ្លាំងបំផុតលើកីឡាវាយកូនគោល ហើយលោកក៏ជាម្ចាស់កម្មសិទ្ធិទីលានវាយកូនគោលតម្លៃរាប់លានដុល្លារ ជាច្រើនកន្លែងផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ